ទឹកបឹងមួយកន្លែងនៅកម្ពុជា មានពណ៌ និងទេសភាពប្លែកភ្នែក
ភ្នំខ្លែងពណ៌ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បានក្លាយជាទីតាំងមួយដែលកំពុងតែទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះមានទឹកបឹងដ៏ធំមួយមានរំលេចពណ៌ប្រៀបដូចទឹកសមុទ្រដ៏ថ្លាឈ្វេងមើលឆ្លុះដល់បាតដី។
បើតាមលោក វឌ្ឍនា ដែលជាកងទ័ពកំពុងឈរជើងក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ទឹកបឹងមានទំហំដ៏ធំនេះ មានទីតាំងស្ថិតក្នុងបន្ទាយការពារព្រំដែន៥០៣។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ទឹកពណ៌ខៀវដ៏ស្រស់បំព្រងនេះ មានភ្នំព័ទ្ធជុំវិញតែម្ដង ដែលហៅថាភ្នំខ្លែងពណ៌។ តាមការរៀបរាប់របស់លោកវឌ្ឍនា មកកាន់ Sabay នៅថ្ងៃនេះឲ្យដឹងទៀតថា ទឹកបឹងដ៏ស្រស់ស្អាតនេះ កើតចេញពីការកាយថ្មរបស់ក្រុមហ៊ុនចិនមួយ ដើម្បីយកទៅសាងសង់ផ្លូវក្រវាត់ព្រំដែន។
ការកាយថ្មនេះ បណ្ដាលឲ្យចេញទឹកមកស្រស់ស្អាតយ៉ាងចម្លែក ហើយថែមទាំងអាចងូតលេងយ៉ាងសប្បាយទៀតផង។ ប៉ុន្តែទឹកនេះមានជម្រៅជ្រៅរហូតទៅដល់ជាង២០ម៉ែត្រឯណោះ អ្នកដែលមិនចេះហែលទឹកក៏ត្រូវប្រុងប្រយ័ត្នផងដែរ ប្រសិនបើចង់ទៅលេង។
នៅទីនោះមិនត្រឹមតែមានទឹកបឹងដ៏ធំនោះទេ តែក៏មានទេសភាពហ៊ុមព័ន្ធជុំវិញយ៉ាងស្រស់ស្អាត បានធ្វើឲ្យទីតាំងមួយនេះ មានសម្រស់មិនចាញ់តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសកម្ពុជាឡើយ។ ភ្នំខ្លែងពណ៌នេះស្ថិតនៅចម្ងាយប្រមាណជាង២០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រសិនបើបងប្អូនចង់ទៅទស្សនាកម្សាន្តអាចធ្វើដំណើរតាមក្រោយរង្វង់មូលចក់ពួក កន្លែងចិនកាយថ្ម (ជិះចូលតាមផ្លូវគោកតាសត បត់តាមផ្លូវវិស្វកម្ម ងាយស្រួលធ្វើដំណើរ)។ នៅតាមដងផ្លូវទៅកាន់ទីតាំងខាងលើនេះ បងប្អូននឹងប្លែកភ្នែកជាមួយចម្ការរាប់រយហិកតានៅតាមដងផ្លូវមានទាំងដំណាំដំឡូង ចម្ការកៅស៊ូ ស្វាយចន្ទីជាដើម៕