ខ្មែរប៉ុស្ដិ៍ Close

ញ៉ែម សុគន្ធ រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្ត Highlander បុករះរបាំងថ្មទ្រូងផ្លូវ លាន់ដូចរន្ទះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
ញ៉ែម សុគន្ធ រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្ត Highlander បុករះរបាំងថ្មទ្រូងផ្លូវ លាន់ដូចរន្ទះ ញ៉ែម សុគន្ធ រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្ត Highlander បុករះរបាំងថ្មទ្រូងផ្លូវ លាន់ដូចរន្ទះ

ភ្នំពេញៈ តារាសម្ដែង និងជាពិធីករដ៏ល្បីឈ្មោះបោះសំឡេងលើឆាកសិល្បៈកម្ពុជា លោក ញ៉ែម សុគន្ធ បានរងរបួសធ្ងន់ ហើយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករះរបាំងថ្មកណ្ដាលទ្រូងផ្លូវ លើផ្លូវម៉ៅសេទុង បណ្ដាលឲ្យបាក់ និងខ្ទាតរបាំងថ្មរបាត់រប៉ាយពេញផ្លូវ ខណៈរថយន្តរងការខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់​ចរាចរណ៍បង្កឡើងដោយអតីត Freshy Boy និងជាតារាសម្ដែងរូបនេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៥០នាទីយប់ ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួនលើមហាវិថីម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ខាងលើ ប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មានខេមប៉ុស្ដិ៍ នៅកន្លែងកើតហេតុថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ ដែលស្គាល់ថា ជាតារាសិល្បៈឈ្មោះ ញ៉ែម សុគន្ធ បានបើករថយន្តម៉ាក Toyota Highlander មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយមិនដឹងមានមូលហេតុអ្វី ស្រាប់តែគេឃើញរថយន្តរបស់លោក ញ៉ែម សុគន្ធ បានរេចង្កូតទៅបុករះក្បាលនាគកណ្ដាលទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យតារាសម្ដែងរូបនេះ រងរបួសធ្ងន់ ដោយបានហោះប្លោងទៅបុកផ្ទប់នឹងកញ្ចក់រថយន្ត ហើយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តវិញ បានផ្ទុះពោងសុវត្ថិភាពទាំងអស់ និងខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង ខណៈរបាំងថ្មជាច្រើនកង់បានបាក់ខ្ទេច និងខ្ទាតចេញពីជួររបាត់រប៉ាយពេញផ្លូវ។

យ៉ាងណា ឆ្លើយតបចំពោះសំណួរជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមូលដ្ឋាន ដែលបានចុះដល់កន្លែងកើតហេតុ បញ្ជាក់ប្រាប់ភ្នាក់ងារខេមប៉ុស្ដិ៍ថា អ្នកបើកបររថយន្តបង្ក នៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយ ព្រោះក្រោយពេលកើតហេតុនោះ អ្នកបើកបរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាត់ហើយ មុនពេលសមត្ថកិច្ចចុះមកដល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយសំណងខូចខាតទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធី៕

 

អត្ថបទទាក់ទង