ខ្មែរប៉ុស្ដិ៍ Close

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ (Khmer Empire Full Marathon) លើកទី៥ បានចាប់ផ្ដើមហើយ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអាទិត្យ ទី៥ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 2221
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ (Khmer Empire Full Marathon) លើកទី៥ បានចាប់ផ្ដើមហើយទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ (Khmer Empire Full Marathon) លើកទី៥ បានចាប់ផ្ដើមហើយ

សៀមរាប៖​ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោកបណ្ឌិត​ ឃឹម​ ប៊ុនសុង​ បានអញ្ជើញចូលរួមបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រនាវេលាទាបភ្លឺថ្ងៃអាទិត្យនេះ។

ទិវារត់ប្រណាំងនេះមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុប ៣,០៥៥នាក់ មកពី ៥០ប្រទេសលើពិភពលោកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ Khmer Empire Full Marathon លើកទី៥។

លោករដ្ឋមន្ដ្រីបានលើកឡើងថា នេះគឺជាលើកទី៥ ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងទេសចរណ៍រៀបចំព្រឹត្តិការណ៍បែបទេសចរនេះឡើង ហើយទទួលបានការគាំទ្រចូលរួមពីកីឡាករ-កីឡាការិនីជាតិ-អន្ដរជាតិសរុប ៣,០៥៥នាក់ ក្នុងនោះមានជនបរទេស ១,៦៥៥នាក់មកពី ៥០ប្រទេស ដោយប្រជាពលរដ្ឋចិនចូលរួមច្រើនជាងគេ ឈរលំដាប់ទី១ ជប៉ុនទី២ និងម៉ាឡេស៊ីទី៣ រួមទាំងប្រជាពលរដ្ឋកម្ពុជា ១,៤០០នាក់ ដែលចំនួននេះ ធ្វើឲ្យកើនឡើង ១៥% បើធៀបនឹងកាលពីឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា ជុំវិញការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ ភ្ញៀវទេសចរ សុទ្ធតែបានសម្ដែងការពេញចិត្តក្នុងចូលរួម តួយ៉ាងស្ដ្រីជនជាតិសិង្ហបុរីលោកស្រី Jenny បាននិយាយថា លោកស្រីពេញចិត្តមកចូលរួម ព្រោះការៀបចំស្ថិតលើទីតាំងមួយដ៏អស្ចារ្យ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ពិសេសគឺសុខសន្ដិភាពរបស់កម្ពុជាតែម្ដង ។ លោកស្រីថា «ខ្ញុំគិតថា ប្រទេសកម្ពុជា ទោះបីមុន ឬក្រោយបោះឆ្នោត ក៏មានសុខសន្ដិភាព សុវត្ថិភាពដែរ អញ្ចឹងហើយ ទើបខ្ញុំមកចូលរួម ពិសេសគឺខ្ញុំចង់ថតរូបស្អាតៗពេលរត់ ដោយមិនផ្ដោតតែលើលទ្ធផលឈ្នះ ឬចាញ់នោះទេ» ។

ដោយឡែកបុរសជនជាតិអាល្លឺម៉ង់វ័យ ៤០ឆ្នាំប្លាយម្នាក់ បានសម្ដែងការសប្បាយចិត្ត ក្រោយបានចូលរួមជាលើកទី២ ពោលគឺលោកបានចុះឈ្មោះតាំងពី ៦ខែមុនមកម្លេះ ។ ដូច្នេះលោកបានត្រៀមចិត្ដត្រៀមកាយចូលរួមជាស្រេច ដោយមិនខ្វល់ពីស្ថានភាពនយោបាយកម្ពុជាឡើយ ។
លោកសង្កត់ធ្ងន់ថា «ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំមកលក្ខណៈគ្រួសារ ហើយមើលឃើញភាពរីកចម្រើន និងភាពសប្បាយរីករាយនៅកម្ពុជា ។ ខ្ញុំបានចុះឈ្មោះតាំងពី ៦ខែមុនម្លេះ ព្រោះខ្ញុំអត់ខ្វល់រឿងបោះឆ្នោត ឬស្ថានភាពនយោបាយអីទេ ដោយសារខ្ញុំឃើញកម្ពុជា មានសន្ដិភាពពេញលេញ» ។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៥ ឆ្នាំ២០១៨ គឺមាន ៤វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងវិញ្ញាសារត់លក្ខណៈកម្សាន្ដ ៣គីឡូម៉ែត្រ ។ ចំពោះគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវភ្លៀងធ្លាក់ ដែលជារដូវភ្ញៀវទេសចរធ្លាក់ចុះ និងជួយដល់ផលិករទេសចរ បានរក្សានូវចំណូលប្រចាំថ្ងៃ ។ មួយវិញទៀត ក៏រួមចំណែកសកម្មភាពមនុស្សធម៌ ដោយស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារ និងអង្គការសប្បុរសធម៌មួយចំនួនផងដែរ ៕

អត្ថបទទាក់ទង