លោក សុខ សូកាន បន្តចុះឃោសនារកសំឡេងឆ្នោត និងជួបសួរសុខទុក្ខគ្រប់សាខាបក្សភូមិទាំង១១៦ នៅគ្រប់ឃុំទាំង១២ នៃស្រុកគិរីវង់
នៅថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជារ និងនីតិវិធីនៃការបោះឆ្នោត លោក សុខ សូកាន បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ អមដំណើរដោយក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក គណបក្សស្រុកគិរីវង់ គ្រប់លំដាប់ថ្នាក់ បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្ស និងបានបន្តចុះឃោសនារកសម្លេងឆ្នោត ក្នុងភូមិទាំង១១៦ នៅគ្រប់ឃុំទាំង១២ នៃស្រុកគិរីវង់។
ឃុំទាំង១២មាន៖ ឃុំអង្គប្រាសាទ ឃុំព្រះបាទជាន់ជុំ ឃុំកំណប់ ឃុំកំពែង ឃុំគិរីចុងកោះ ឃុំគោកព្រេច ឃុំភ្នំដេន ឃុំព្រៃអំពក ឃុំព្រៃរំដេង ឃុំរាមអណ្តើក ឃុំសោម និងឃុំតាអូរ។ ការចុះឃោសនានេះ គឺដើម្បីបន្តគាំទ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យដឹកនាំប្រទេសនៅអាណត្តិទី៦ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងប្រជាធិបតេយ្យបន្តទៀត។
សមាជិក សមាជិកាសាខាបក្សភូមិ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បានទទួលស្វាគមន៍ដោយក្តីរំភើបសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត ដែលបានឃើញតំណាងរាស្រ្តរបស់ខ្លួន បានចុះមកជួបសួរសុខទុក្ខ ផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដោយផ្ទាល់បែបនេះ ហើយបានប្តេជ្ញាបន្តរួមដំណើរជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសន្តិភាព ការអភិវឌ្ឍ ជាពិសេសគឺបន្តរក្សាមរតកស្នាដៃរបស់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាជារៀងរហូត។
ក្នុងឱកាសនោះ លោកក៏បានស្វាគមន៍ដោយរីករាយ និងមិនមានការរើសអើងឡើយ ចំពោះសមាជិកគ្រួសារបក្សថ្មីទាំងឡាយ ដែលទើបបានសម្រេចចិត្តចូលមករួមរស់ ជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ ហើយបានបន្តថា ស្រុកគិរីវង់គឺស្រុកកំណើតរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដូចនេះ លោក សុខ សូកាន ប្តេជ្ញានឹងបន្ត រួមសុខ រួមទុក្ខ ជាមួយប្រជាជនស្រុកគិរីវង់ក្នុងនាមជាកូនចៅអ្នកស្រុកគិរីវង់ ដើម្បីបន្តការងារពីលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដើម្បីជួយជំរុញការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែលឿនថែមទៀត និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកស្រុកគិរីវង់ឱ្យកាន់តែប្រសើរឡើង។
លោក សុខ សូកាន បានរំលឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅជាប់ជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយជាគណបក្សតែមួយគត់ដែលបានរួមសុខ រួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីសេចក្តីសុខរបស់ប្រជាជន។ ចេញពីការតស៊ូ លះបង់ និងការយកជីវិតជាដើមទុនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សគ្រប់រូបក្នុងបុព្វហេតុជាតិនិងប្រជាជនកន្លងមក កម្ពុជាបានចាប់ផ្តើមពីចំនុចសូន្យ រហូតទទួលបាន សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលជាសច្ចភាពនៃប្រវត្តិសាស្រ្តមិនអាចប្រកែកបានឡើយ។
លោក សុខ សូកាន ក៏បានអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីឱ្យ សមាជិកបក្ស១រូប ក្លាយជាសម្លេងឆ្នោតគាំទ្រគណបក្ស១សម្លេង និងដើម្បីបន្តគាំទ្រ លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ និងបន្តរក្សាកេរិ៍តឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន។
លោក សុខ សូកាន ក៏គ្រោងនឹងបន្តចុះឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/jaiBDsbl8pw