កាន់តែជក់ចិត្ត! ពានរង្វាន់សម្តេច ហ៊ុន សែន ក្រុមខ្លាំងប៉ះគ្នា នៅវគ្គ ៨ក្រុមចុងក្រោយ
ការប្រកួតពានរង្វាន់ Hun Sen Cup 2018 លើកទី១២ វគ្គ ៨ ក្រុមចុងក្រោយបានចាប់គូកាលពីព្រឹកមិញនេះ ដោយក្រុមខ្លាំង បឹងកេត ជួប ណាហ្គាវើល ខណៈ ក្រុម ព្រះខ័នរាជស្វាយរៀង ប៉ះ ក្រសួងការពារជាតិ (ទ័ព) ដែលការប្រកួតវគ្គនេះគ្រោងចាប់ផ្ដើមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
បឹងកេត និងណាហ្គាវើល ជាក្រុមខ្លាំងដូចគ្នាក្នុងតារាងលីគកំពូលកម្ពុជា ដោយបឹងកេតឈរលេខ ១ ស្របពេល ណាហ្គាវើល ស្ថិតនៅលេខ២។ ពីរក្រុមនេះបានប៉ះគ្នាម្ដងហើយក្នុងលីគ ដោយពេលនោះត្រូវបានគេចាំថា គឺណាហ្គារងបរាជ័យដោយគ្រាប់បាល់ចុងម៉ោង ដែលជាការទាត់បាល់ពិន័យ ១១ម៉ែត្រ ដែលបញ្ចប់លទ្ធផលបឹងកេតយកឈ្នះណាហ្គា ៣-២។
(ក្រុមបឹងកេត)
ចំពោះ ក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀង បានប៉ះទង្គិចគ្នាខ្លាំងមែនទែនកាលជួបក្នុងលីគជើងទី១ ដែលពេលនោះគឺទ័ពយកឈ្នះព្រះខ័នរាជស្វាយរៀង ២-១។ ប៉ុន្តែយ៉ាងណាក្រុមទាំងពីរទទួលរងការពិន័យដូចគ្នា បន្ទាប់ពីបង្កហិង្សានេះឡើង។
ដោយឡែកក្រុមដែលអាចចាត់ទុកថា ស្រួលក្នុងវគ្គនេះ គឺភ្នំពេញក្រោន ដែលជួប អង្គរថាយហ្គឺរ និង អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជួប កោះកុង ឬយុវជនបាទីអាយុក្រោម១៨ឆ្នាំ៕
(ណាហ្គាវើល (រូបចាស់))
ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ
- អង្គរថាយហ្គឺរ vs ភ្នំពេញក្រោន នៅកីឡដ្ឋានសៀមរាប
- ប៉ូលិស vs កោះកុង ឬ យុវជន U18 បាទី នៅពហុកីឡដ្ឋានជាតិ
- ក្រសួងការពារជាតិ vs ព្រះខ័នរាជស្វាយរៀង នៅស្តាតចាស់
- បឹងកេត vs ណាហ្គាវើល ពហុកីឡដ្ឋានជាតិ
ប្រភព៖ Sabay