អាជ្ញាធរខេត្តក្រចេះ នឹងធ្វើការប្រកាសអាសន្នភ្លាម នៅពេលទឹកឡើងដល់កម្ពស់ ២២ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន
ក្រចេះ៖ លោក ហេង រត្ន័ម៉ូលីដា ប្រធានប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពកម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គមានកម្ពស់ ១៩,៤៦ម៉ែត្រ បើប្រៀបធៀបទៅនឹងព្រឹកមិញ កម្ពស់ទឹកមានត្រឹម១៩,៥២ម៉ែត្រ ឃើញថាមានការស្រកចុះមកវិញ។
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរធនធានទឹក គឺអាជ្ញាធរខេត្តក្រចេះ នឹងធ្វើការប្រកាសអាសន្នភ្លាម នៅពេលទឹកឡើងដល់កម្ពស់ ២២ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។
បើតាមលោក ហេង រត្ន័ម៉ូនីដា នៅតាមបណ្តារឃុំ-សង្កាត់ ក្នុងស្រុកក្រុងមួយចំនួនទូទាំងខេត្តក្រចេះ ក៏បានទទួលរងនៅផលប៉ះផងដែរ។ ក្នុងនោះស្រុកចិត្របុរី មានឃុំដារ និងឃុំបុសលាវ ដែលមានភូមិសាស្ត្រនៅជាប់មាត់ទន្លេ និងព្រែកតេ បណ្ដាលឲ្យទឹកជនលិចផ្លូវ និងដំណាំកសិកម្មដូចជា៖ ពោត ស្រូវ ជាដើម និងមានសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ទឹកបានជនលិចផ្ទៃដីស្រែប្រាំង ប៉ុន្តែមិនមានផលប៉ះពាលធ្ងន់ធ្ងរនោះឡើយ។
លោកបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តក្រចេះ បានត្រៀមលក្ខណៈបង្ការរួចជាស្រេច ដើម្បីទប់ស្កាត់គ្រោះមហន្តរាយទឹកជំនន់ នៅឆ្នាំនេះ ហើយលោកក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ជាពិសេសសហគមន៍ប្រើប្រាស់ទឹក ត្រូវបិទទប់ទឹកក្នុងអាងឲ្យបានគ្រប់គ្រាន់ដើម្បី ប្រើប្រាស់សម្រាប់ការងារកសិកម្មស្រែប្រាំង ហើយក៏សូមជម្រាបដល់ប្រជានេសាទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព នៅពេលនេសាទ និងហាមឃាត់មិនឲ្យកុមារតូចៗ ចុះលេងទឹកជាដាច់ខាត ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ៕