ខ្មែរប៉ុស្ដិ៍ Close

ក្រោយធ្វើយុទ្ធនាការម្រាមដៃស្អាត ​អតីតតំណាងរាស្រ្ត CNRP ម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត ប្រឈមនឹងវិធានការផ្លូវច្បាប់

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 63
ក្រោយធ្វើយុទ្ធនាការម្រាមដៃស្អាត ​អតីតតំណាងរាស្រ្ត CNRP ម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត ប្រឈមនឹងវិធានការផ្លូវច្បាប់ ក្រោយធ្វើយុទ្ធនាការម្រាមដៃស្អាត ​អតីតតំណាងរាស្រ្ត CNRP ម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត ប្រឈមនឹងវិធានការផ្លូវច្បាប់

(បាត់ដំបង)៖ អតីតតំណាងរាស្រ្តរបស់ អតីតគណបក្សសង្រ្គោះជាតិម្នាក់ រួមជាមួយនឹងសមាជិកក្រុមប្រឆាំង៤នាក់ផ្សេងទៀត អាចនឹងរងវិធានការផ្លូវច្បាប់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីពួកគេបានដឹកនាំធ្វើយុទ្ធនការម្រាមដៃស្អាត នៅក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីប្រឆាំងចំពោះការបោះឆ្នោតនៅកម្ពុជា។

លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បាន​ឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះថា រហូតដល់ពេលនេះ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន៥ នៅខេត្តបាត់ដំបង ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត។ លោកអះអាងថា ការធ្វើយុទ្ធនាការនេះ គឺជាការប្រឆាំងចំពោះការបោះឆ្នោត ដែលត្រូវតែទទួលរងនូវវិធានការតាមផ្លូវច្បាប់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប បានចាត់ទុកសកម្មភាពទាំង​នោះ គឺរារាំងដល់ការបោះឆ្នោតដែលត្រូវទទួលការពិន័យប្រាក់ពី ៥លាន ទៅ២០លានរៀល តាមមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត»។

លោកបានបន្តទៀតថា «អ្នកប្តឹងនេះ គាត់បានប្តឹងមនុស្ស៥នាក់ ហើយមនុស្ស៥នាក់នោះ គាត់អាចនឹងទទួលរងនូវការពិន័យជាប្រាក់៥លានទៅ២០លានរៀល ហើយក្នុងនោះមានម្នាក់ជាបុគ្គលដែលត្រូវបានតុលាការកំពូល ហាមឃាត់នូវសកម្មភាពនយោបាយ ហើយគាត់ស្ថិតនៅក្នុង១១៨នាក់»។

ទោះជាយ៉ាងនេះក្តី លោក សោម សូរីដា មិនទាន់បង្ហើបអំពីឈ្មោះរបស់ អតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ដែលអាចនឹងរងវិធានការផ្លូវច្បាប់នេះនៅឡើយទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានខេត្តបាត់ដំបង ក៏បានដាក់ពាក្យប្តឹង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​៣០​នាក់ ពីបទ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាតនេះផងដែរ៕

អត្ថបទទាក់ទង