ខ្មែរប៉ុស្ដិ៍ Close

យុវជន​កម្ពុជា​​៥​នាក់​កំពុង​លេច​ធ្លោ​គួរ​ឲ្យ​ចាប់​អារម្មណ៍​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 491
យុវជន​កម្ពុជា​​៥​នាក់​កំពុង​លេច​ធ្លោ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ យុវជន​ ស៊ីន កក្កដា របស់​ភ្នំពេញ​ក្រោន

ស្រប​ពេល​​កីឡាករ​កម្ពុជា​ពេញ​វ័យ​មួយ​ចំនួន​ហាក់​ស្ងប់​ស្ងាត់​​ពី​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ជា​​អ្នក​តាម​​កីឡា​បាល់ទាត់​ ក៏​​មាន​កីឡាករ​ជា​យុវជន​មួយ​ចំនួន​កំពុង​​លេច​ធ្លោ​ទាំង​ជម្រើស​ជាតិ​​ លីគ​កំពូល​កម្ពុជា​ និង​ពាន​រង្វាន់​​សម្តេច​តេជោ ហ៊ុន សែន។ ថ្ងៃ​នេះ​យើងសូម​លើក​យក​​យុវជន​​៥​នាក់​​​កំពុង​លេច​ធ្លោ​គួរ​ឲ្យ​កត់​សំគាល់៖

១-យុវជន​ ឃាង ម៉េងហ៊ួ ​របស់​ព្រះ​ខ័នរាជ​ស្វាយរៀង

យុវជន​ ឃាង ម៉េងហ៊ួ ​របស់​ព្រះ​ខ័នរាជ​ស្វាយរៀង
យុវជន​ ឃាង ម៉េងហ៊ួ ​របស់​ព្រះ​ខ័នរាជ​ស្វាយរៀង

​​ខ្សែ​​បម្រើ​ប្រយុទ្ធ​របស់​របស់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​​១៩​ឆ្នាំ​ ឃាង ម៉េង​ហួ​ ទើប​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ថ្មី​ៗ​​នេះ​​ទេ​ បន្ទាប់​ពី​រូប​គេ​ស៊ុត​បាន​៤​​គ្រាប់​​​ក្នុង​នោះ​៣​គ្រាប់​​ពេល​កម្ពុជា​ឈ្នះ​ប៊្រុយណេ​ ៥-០ និង​១​គ្រាប់​ទៀត​ពេល​កម្ពុជា​ឈ្នះ​ ទីម័រ​ខាង​កើត​ ២-១​ នៃ​​​ពាន​​ពាន​ AFF U-19 Championship 2018 នៅ​ឥណ្ឌូណេស៊ី។

រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ រូប​គេ​ត្រូវ​បាន​ប្តូរ​ចូល​ពាក់​កណ្តាល​វគ្គ​ទី​១​នៃ​ការ​ប្រកួត​​​១៦​ក្រុម​ចុង​ក្រោយ​រវាង​ព្រះ​ខ័នរាជ​ស្វាយ​រៀង និង​វិសាខា​ជើង​ទី​២​នៅ​ស្តាត​ចាស់។ ​ពេល​នោះ​រូប​គេ​បាន​ញាក់​បាល់​ដាច់​ចង្កេះ​ខ្សែ​ការពារ​វិសាខា​ពីរ​បី​នាក់​បញ្ជូន​បាល់​ឲ្យ​ លី សារ័ត្ន ស៊ុត​ចូល​តាម​ស្មើ​ ១-១ ដែល​សរុប​ទាំង​ពីរ​ជើង​ ស្វាយរៀង​ឈ្នះ​ ២-១ ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​សម្តេច​តេជោ ហ៊ុន សែន។

២-យុវជន​ ម៉ាត់ ណូរ៉ុន​ របស់​អគ្គិសនី​កម្ពុជា

យុវជន​ ម៉ាត់ ណូរ៉ុន​ របស់​អគ្គិសនី​កម្ពុជា
យុវជន​ ម៉ាត់ ណូរ៉ុន​ (កណ្ដាល) របស់​អគ្គិសនី​កម្ពុជា

យុវជន​ខ្មែរ​-ឥស្លាម​ ម៉ាត់ ណូរ៉ុន​ ​ជា​សំណព្វ​ចិត្ត​របស់​គ្រូ​បង្វឹក​លោក​ ប្រាក់​ វុទ្ធី ក្នុង​ការ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ ​អគ្គិសនី​កម្ពុជា​​​ទាំង​ក្នុង​លីគ​​​ និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ រូប​គេ​ស៊ុត​បាន​២​គ្រាប់​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្តាហ៍​ទី​១៤ នៅ​ពេល​អគ្គិសនី​កម្ពុជា​ចាញ់​ព្រះ​ខ័នរាជ​ស្វាយរៀង​ ៤-២។​​

៣-យុវជន​ ណារ៉ុង កក្កដា​ របស់​ក្រសួង​ការពារ​ជាតិ

យុវជន​ ណារ៉ុង កក្កដា​ របស់​ក្រសួង​ការពារ​ជាតិ
យុវជន​ ណារ៉ុង កក្កដា​ របស់​ក្រសួង​ការពារ​ជាតិ

យុវជន​របស់​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ដែល​រូប​គេ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង​​ជួយ​ឲ្យ​ក្រុម​​ជម្រើស​ជាតិ​​​ក្រោម​អាយុ​២២​ឆ្នាំ​ឈ្នះ​​​មីយ៉ាន់ម៉ា​​​ ២-១ នៃ​ពាន​រង្វាន់​ស្តេច​ប៊្រុយណេ​ដែល​ជួយ​កម្ពុជា​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ។ ​ថ្មី​ៗ​កន្លង​ទៅ​​​នេះ​ ក្នុង​ពាន​រង្វាន់​ AFF U-19 Championship 2018 នៅ​ឥណ្ឌូណេស៊ី ណារ៉ុង កក្កដា ​រក​បាន​២​គ្រាប់​​ជួយ​​​កម្ពុជា​​ឈ្នះ​​ប្រ៊ុយណេ​ ៥-០។ បន្ទាប់​ត្រឡប់​មក​ពី​ឥណ្ឌូណេស៊ី​ រូប​គេ​ក៏​​បាន​រួម​ចំណែក​​ជួយ​ក្រសួង​ការពារ​ជាតិ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​​ Hun Sen Cup បន្ទាប់​ពី​ស៊ុត​​​បាន​១​​គ្រាប់​​ជួយ​ការពារ​ជាតិ​ឈ្នះ​​អាស៊ី​អឺរ៉ុប​ ៧-១ ក្នុង​ជើង​ទី​២។

៤-យុវជន​ ស៊ីន កក្កដា របស់​ភ្នំពេញ​ក្រោន

យុវជន​ ស៊ីន កក្កដា របស់​ភ្នំពេញ​ក្រោន
យុវជន​ ស៊ីន កក្កដា របស់​ភ្នំពេញ​ក្រោន

ស៊ីន កក្កដា​ បាន​ក្លាយ​ជា​សមាជិក​វ័យ​ក្មេង​ដ៏​សំខាន់​សម្រាប់​ភ្នំពេញ​ក្រោន​​ទាំង​ក្នុង​លីគ​​ និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ ​ប្រកួត​ជើង​ទី​២​ជា​មួយ​អគ្គិសនី​កម្ពុជា​ ​រូប​គេ​ស៊ុត​បាន​២​គ្រាប់​ជួយ​ភ្នំពេញ​ក្រោន ឈ្នះ ៤-០ ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ យ៉ាង​ណា​​រូប​គេ​មិន​បាន​ជួយ​ជម្រើស​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ពាន AFF U-19 Championship 2018 ​ទេ​ដោយ​សារ​ភ្នំពេញ​ក្រោន​ត្រូវ​ការ​រូប​គេ​លេង​​លីគ​​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ។​

៥-​ យុវជន សាន គឹមហេង របស់​វិសាខា

យុវជន សាន គឹមហេង របស់​វិសាខា
យុវជន សាន គឹមហេង របស់​វិសាខា

អតីត​យុវជន​នៅ​សាលា​​បាល់ទាត់​ជាតិ​បាទី​ សាន គឹមហេង​​ ជា​កីឡាករ​កម្ពុជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​​ក្នុង​លីគ​​កម្ពុជា​​​​ពី​​​ការ​រក​គ្រាប់​បាល់​​។ ជា​រឿយ​ៗ រូប​គេ​រក​គ្រាប់​បាល់​បាន​​ជួយ​ចំណូល​ថ្មី​វិសាខា​ទទួល​បាន​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​នៃ​ការ​ប្រកួត​ក្នុង​លីគ។ យុវជន​រូប​នេះ​ក៏​សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ AFF U-19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕​​​​

អត្ថបទ៖ សប្បាយ

អត្ថបទទាក់ទង