លោក Tommy Cooper គាត់គឺជាតារាកំប្លែងមួយរូប ដែលការស្លាប់របស់លោកនៅតែធ្វើឲ្យទស្សនិជនផ្ទុះសំណើច!
ដូចពាក្យចាស់ លោកពោលថា “ជំនាញរឿងអ្វី រមែងស្លាប់ដោយសារជំនាញនោះ” ។
ថ្ងៃនេះយើងខ្ញុំសូមលើករឿងពិតមួយមកបង្ហាញ ដែលវាជារឿងគួរឲ្យស្ដាយ ហើយវាក៏អាចជាឧទាហរណ៍មួយនៃពាក្យដែលបានពោលខាងលើផងដែរ។
លោក Tommy Cooper គាត់គឺជាតារាកំប្លែងអង់គ្លេសមួយរូប ដែលបានស្លាប់នៅពេលរូបគាត់កំពុងសម្តែងលើឆាក ដោយជម្ងឺគាំបេះដូង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គាត់ជាតារាកំប្លែងមួយរូប ដែលធ្វើឲ្យទស្សនិជនផ្ទុះសំណើចគ្រប់រាល់ការសម្តែងរបស់គាត់រហូតដល់នាទីចុងក្រោយនៃជីវិតរបស់គាត់ក៏ដោយ។
លោក Thomas Frederick Tommy Cooper កើតនាថ្ងៃទី៩ មីនា ១៩២១ នៅប្រទេស Wales នៃចក្រភពអង់គ្លេស។ គាត់ជាគឺតារាកំប្លែង ជាគ្រូសៀក និងជាគ្រូវេទមន្តមួយរូបដ៏ល្បីល្បាញនៅ Wales។ លោក Tommy Cooper បានប្រឡូកចូលក្នុងវិស័យសិល្បះនៅឆ្នាំ១៩៤៨ រហូតដល់ថ្ងៃទី១៥ មេសា ១៩៨៤ ជាថ្ងៃដែលរូបលោកកំពុងធ្វើការសម្តែងផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍។ មានមនុស្សរាប់រយនាក់បានចូលរួមមើលការសម្ដែងផ្ទាល់របស់គាត់នៅក្នុងមហាស្រព Her Majesty’s Theatre នៅក្នុងទីក្រុង London ចក្រភពអង់គ្លេស និងមានទស្សនិជនរាប់លាននាក់ទៀត នៅតាមគេហដ្ឋាន ដែលបានតាមដានការសម្ដែងផ្ទាល់របស់គាត់់។ ទស្សនិជនបានសើចក្អាកក្អាយនឹងពាក្យសម្តី និងកាយវិការរបស់គាត់ពីដើមរហូតដល់ចប់ដូចសព្វដង ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺ កាយវិការដួលសន្លប់របស់គាត់នៅចុងបញ្ចប់នៃសាច់រឿង វាជាការស្លាប់ពិតប្រាកដរបស់គាត់ ដោយសារការធ្វើទុក្ខពីជម្ងឺគាំបេះដូងរបស់គាត់។ ចំណែកទស្សនិជននៅតែសើចនឹងសកម្មភាពធ្វើទុក្ខដោយជម្ងឺរបស់គាត់ រហូតដល់គាត់ស្លាប់បាត់បង់ជីវិតតែម្ដង ដោយពួកគេគិតថាសកម្មភាពនោះ ជាឈុតមួយនៃការសម្ដែងរបស់គាត់។
អត្ថបទដោយ៖ ទី សារឿន
ខាងក្រោមគឺជាវីដេអូនៃការសម្តែងចុងក្រោយរបស់លោក Tommy Cooper៖