ខ្មែរប៉ុស្ដិ៍ Close

សម រង្ស៊ី បានឆ្លើយសារភាពក្នុងសំណុំរឿងក្បត់ជាតិសន្យាកាត់ដីឱ្យវៀតណាមសេរី!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 100
សម រង្ស៊ី បានឆ្លើយសារភាពក្នុងសំណុំរឿងក្បត់ជាតិសន្យាកាត់ដីឱ្យវៀតណាមសេរី! សម រង្ស៊ី បានឆ្លើយសារភាពក្នុងសំណុំរឿងក្បត់ជាតិសន្យាកាត់ដីឱ្យវៀតណាមសេរី!

ទីបំផុត! ទណ្ឌិត សម រង្ស៊ី បានសារភាពទទួលស្គាល់ពីទង្វើក្បត់ជាតិរបស់ខ្លួនដែលលួចចុះហត្ថលេខាស្ងាត់ៗលើកិច្ចព្រមព្រៀងមួយជាមួយជនជាតិ វៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយកាត់ដី ៤ ខេត្តរួមមានក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាមនិងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិ នេះក្នុងការគ្រប់គ្រងនិងចាត់ចែងលើទឹកដីនេះទៀតផង។

Image result for កុក ស

ចម្លើយសារភាពនេះនឹងផ្តល់ជាភស្តុតាងថ្មីបន្ថែមទៀតចំពោះសំណុំរឿងដែលមាននៅចំពោះមុខ តុលាការលើសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ដីឱ្យក្រុមម៉ុងតាញ៉ាវៀតណាម។ កិច្ចព្រម ព្រៀងនេះមានន័យស្មើនឹងការ បំបែករដ្ឋនិងផ្តល់ឯករាជ្យភាព ដល់ក្រុមជនជាតិម៉ុងតាញ៉ា ហើយជាការកាត់ផ្ទេរទឹកដីពីប្រទេសមួយទៅប្រទេសមួយទៀត។

នេះគឺជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ ហើយត្រូវតែប្រឈមមុខ ចំពោះច្បាប់ជាធរមានដើម្បីការពារបូរណភាពដែនដី និងអធិបតេយ្យជាតិខ្មែរឱ្យបានគង់វង្សនិងកុំឱ្យក្រុមជនក្បត់ជាតិផ្សេងទៀតយកទឹកដីខ្មែរធ្វើជាចំណាប់ខ្មាំងនិងជាថ្នូរ ទឹកប្រាក់ ឬជាថ្នូរនយោបាយរបស់ខ្លួន។

ការចេញមកបកស្រាយ សារភាពនិងទទួលស្គាល់នូវអ្វីដែលខ្លួនបានធ្វើគឺជាការប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាជន ក្បត់ព្រះមហាក្សត្រនិងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ក្បត់ដូនតាខ្មែរនេះលើការសន្យាកាត់ទឹកដីខ្មែរឱ្យជនបរទេស ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីចៅក្រមសាលាដំបូង រាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យទណ្ឌិត សម រង្ស៊ី ដែលរួតរឹតទៅដោយសំណុំរឿងនៅតុលាការ ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីបទ«ប៉ុនប៉ង ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ព្រោះនេះជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។

លោក កុក សរ ដែល សម រង្ស៊ី ស៊ីញ៉េកាត់ដីខ្មែរឱ្យ ចំនួន៤ខេត្ត នៅភាគឥសាន្តប្រទេស មិនមែនជាជនជាតិភាគតិចរស់នៅក្នុងទឹក ដីកម្ពុជាដូចដែលទណ្ឌិត សម រង្ស៊ី ធ្លាប់បាននិយាយ បំភ័ន្ត សាធារណៈមតិជាតិ និង អន្តរជាតិ នោះឡើយ។ កុក សរ ជាជនជាតិម៉ុងតាញ៉ាវៀតណាម មិនមែនជាខ្មែរទេ គឺជាជនបន្លំធ្វើខ្មែរ ហើយសម រង្ស៊ី និងជនក្បត់ជាតិមួយក្តាប់តូច បានជួយបិទបាំងនូវទង្វើក្បត់ជាតិនេះ! អ្វីដែល សម រង្ស៊ី បានធ្វើគឺជាការរំលោភរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិ មិនអាចអត់ឱនឱ្យបានឡើយ! សម រង្ស៊ី ពិតជាក្បត់ជាតិជាន់លើក្បត់ជាតិហើយ! ក្នុងការចរចាសម្ងាត់ជាមួយវៀតណាម សម រង្ស៊ី បានសន្យាបញ្ហាមួយចំនួនរឿងព្រំដែន ខ្មែរ និងជនជាតិវៀតណាមដែលរស់នៅលើទឹកដីកម្ពុជា ខណៈដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខិតខំដោះស្រាយជម្លោះ ដែលមាន ដោយសន្តិវិធី និងការពារផលប្រយោជន៍ជាតិជានិច្ច។

ស្បែកមុខពិតប្រាកដនៃជនដែលតែងតែដើរលាបពណ៌មេដឹកនាំកម្ពុជាថាជាអាយ៉ងវៀតណាម កាត់ដីឱ្យវៀតណាម ទីបំផុតត្រូវបានបកអាក្រាតហើយ តាមពិតគឺអ្នកដែលតែងតែចោទលាបពណ៌គេសោះដែលជាជនក្បត់ជាតិ កាត់ដីឱ្យជនបរទេស និងចរចាសម្ងាត់បំផ្លាញផលប្រយោជន៍ខ្មែរនោះ។

ហេតុអ្វីបានជា សម រង្ស៊ី និងគូកន រីករាយសប្បាយចិត្តក្នុងការចាប់ដៃសហការជាមួយ កុក សរ? គោលបំណងធំរបស់សម រង្ស៊ី គឺប្រមូលកម្លាំងគាំទ្រទាំងនយោបាយ និងហិរញ្ញវត្ថុពីកុក សរ ដែលមានតួនាទីជាប្រធានមូលនិធិជនជាតិដើមភាគតិចវៀតណាម។ ចំណែក កុក ស គឺស្វែងរកការគាំទ្រពីក្រុមអ្នក នយោបាយប្រឆាំង ដើម្បីបានស្វ័យភាពទឹកដី ងាយស្រួលគ្រប់គ្រង និងបំបែកខ្លួនជារដ្ឋឯករាជ្យមួយ។  នៅពេលចុះហត្ថលេខា អ្នកដែលមានមោទនភាពជាងគេគឺ កុក សរ ព្រោះតាមរយៈកិច្ចព្រមព្រៀងនេះ គោលដៅរបស់ខ្លួន ដែលទាមទារបំបែកទឹកដី និងមានស្វ័យភាពគ្រប់គ្រងដោយខ្លួនឯងក្នុងនាមជារដ្ឋមួយនឹងអាចទទួលបានជោគជ័យ ពេលដែលគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។ អ្វីដែលសម រង្ស៊ី រំពឹងពីកុក ស? គឺការគាំទ្រផ្នែកនយោបាយពីបរទេសនៅពីក្រោយវៀតណាមសេរី កុក សរ នេះហើយ និងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមចលនាវៀតណាមសេរី ដើម្បីយកមកធ្វើនយោបាយបង្កព្យុះភ្លៀងនៅកម្ពុជា ស្វែងរកការឡើងកាន់កាប់អំណាច តាមផ្លូវកាត់មិនប្រជាធិបតេយ្យ។

យោងតាមឯកសារភស្តុតាង សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយកុក សរ នៅអំឡុងខែ មីនា ឆ្នាំ២០១៣ ប៉ុន្មានខែប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។ ភស្តុតាងជាក់ស្តែងក្រោយដឹងថា ខ្លួនចាញ់ការបោះឆ្នោត គណបក្សសង្គ្រោះជាតិ បានញុះញង់បញ្ឆេះកំហឹងប្រជាជនធ្វើបាតុកម្មដោយចេញពីការតវ៉ានឹងលទ្ធផលបោះឆ្នោតមកជាការអនុវត្តផែនការ​បដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរបប និងមេដឹកនាំរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

តើក្រុមបក្សសង្គ្រោះជាតិបានថវិកាមកពីណាដើម្បីទ្រទ្រង់ចំណាយលើផែនការបដិវត្តន៍ពណ៌នេះ? ច្បាស់ណាស់ បក្សសង្គ្រោះជាតិពេលនោះ ត្រូវបានគេដឹងថា បានចរាចរណ៍ថវិកាជាច្រើនលានដុល្លារដើម្បីចំណាយលើការធ្វើបាតុកម្ម ហើយមួយផ្នែកធំពិតជាសង្ស័យថា បានមកពីក្រុម កុក សរ វៀតណាមសេរី ជាអ្នកជួយដើម្បីសម្រេចគោលបំណងដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង និងប្រភពផ្សេងទៀតដែលមិនចង់ឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ។

ដើម្បីបំពេញមហិច្ឆតាអំណាច ក្រុមអ្នកនយោបាយប្រឆាំងមិនញញើតនឹងក្បត់ជាតិខ្លួនឯង ស្តាប់បង្គាប់ និងកាត់ដីឱ្យបរទេសឡើយ! សម រង្ស៊ី ប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសម្ងាត់ ហើយសម្រួលនិងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមព្រំដែន រួមនឹងសន្យាកាត់ទឹកដីឱ្យក្រុមម៉ុងតាញ៉ាវៀតណាមថែមទៀត។

សម រង្ស៊ី ញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ស្អប់ខ្ពើមជនជាតិវៀតណាម ប៉ុន្តែដើម្បីជួយខ្លួនឡើងកាន់អំណាច បានចរចាសម្ងាត់ជាមួយវៀតណាម។ តើនេះជាទង្វើអ្វី? ជនក្បត់ជាតិ សម រង្ស៊ី មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ!! ហើយ ពលរដ្ឋខ្មែរបានដឹងច្បាស់ហើយថា អ្វីៗដែល សម រង្ស៊ី និងគូកនបាននិងកំពុងតែធ្វើនេះគឺបំផ្លាញកម្ពុជាម្តងហើយម្តងទៀត បំផ្លាញពីឆ្នាំ ២០១៣ មិនបានជោគជ័យ បន្តមកបំផ្លាញនៅឆ្នាំ ២០១៨ ដែលប៉ង បំផ្លាញការបោះឆ្នោត បំផ្លាញលទ្ធិប្រជាធិបតេយ្យ ជាន់ឈ្លី និងសម្លាប់សេរីភាព សិទ្ធិអំណាចប្រជាពលរដ្ឋ និងចុងក្រោយបំផ្លាញសេដ្ឋកិច្ចកម្ពុជាតាមរយៈការញុះញង់បរទេសឱ្យកាត់ជំនួយ ដកកូតា ឈប់ទិញទំនិញ និងឈប់វិនិយោគនៅកម្ពុជា។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងក្បត់ជាតិរបស់ សម រង្ស៊ី និងគូកននេះ បានត្រឹមតែជាសម្រែកសត្វឆ្កែព្រុសប៉ុណ្ណោះ ហើយប្រជាពលរដ្ឋកម្ពុជា និងជាតិខ្មែរទាំងមូលធ្វើដំណើរទៅមុខ ជានិច្ចឆ្ពោះទៅរកការបោះឆ្នោត អនុវត្តលទ្ធិប្រជាធិបតេយ្យ និងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាននេះបន្តទៀត!

ដោយ ចៅ ចាក់ស្មុក
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨