ស្មារតីសាមគ្គីភាព ដើម្បីការពារសន្តិភាព ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ
កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល និងអស្ថិរភាពអស់រយៈពេលជាច្រើនទសវត្សរ៍ បានឈានដល់សន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់ជាតិខ្មែរ ក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយ។ ចាប់តាំងពីពេលនោះមក សន្តិភាពបានក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅ ការអភិវឌ្ឍ និងការកសាងអនាគតរបស់ប្រទេស។
ប៉ុន្តែសន្តិភាពដែលកម្ពុជាបានខិតខំរក្សាអស់រយៈពេលជាងពីរទសវត្សរ៍ កំពុងប្រឈមនឹងបញ្ហាប្រឈមថ្មីៗ ជាពិសេសភាពតានតឹង និងការប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងស្ថានភាពបែបនេះ ការរក្សាសន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ភាគីណាមួយតែឯងទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ដូច្នេះ សំណួរសំខាន់ដែលគួរពិចារណាគឺ៖ ហេតុអ្វីបានជាសាមគ្គីភាពរបស់កូនខ្មែរគ្រប់រូប មានសារៈសំខាន់ចំពោះការការពារ និងថែរក្សាសន្តិភាព ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ?
នៅក្នុងសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា»។ នេះគឺជាការពិតដែលមិនអាចប្រកែកបានឡើយព្រោះថា សន្តិភាពនេះហើយដែលបានផ្តល់ឱកាសមាសដើម្បីឱ្យប្រទេសជាតិអាចស្តារ និងកសាងជាតិឡើងវិញ ជំរុញការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ព្រមទាំងអាចឱ្យកម្បុជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក
ពោលគឺ សន្តិភាពបានបង្កើតលក្ខខណ្ឌអំណោយផលឱ្យកម្ពុជាអាចប្រមូលផ្តុំធនធាន និងកម្លាំងជាតិទៅលើការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងពង្រឹងតួនាទីរបស់ខ្លួនឱ្យក្លាយជាតួអង្គសកម្ម និងមានការទទួលខុសត្រូវក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
ឧទាហរណ៍ជាក់ស្តែងមួយ គឺការចូលរួមរបស់កម្ពុជាក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងបេសកកម្មរក្សាសន្តិភាពនៅតាមតំបន់នានាជុំវិញពិភពលោក ដែលជាការរួមចំណែកដ៏មានមោទនភាពរបស់កម្ពុជាចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពសរុបចំនួនជាង១ម៉ឺននាក់ហើយ ឱ្យទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ UN។ ត្រង់ចំណុចនេះមានន័យថា បើសិនកម្ពុជាពុំមានសុខសន្តិភាពនោះទេពោលគឺមិនអាចបញ្ចប់សង្រ្គាមបាន ក៏កម្ពុជាយើងពុំអាចមានឱកាសក្នុងការចូលរួមថែរក្សាសន្តិភាពនៅបណ្តាប្រទេសនានាដែលកំពុងមានសង្រ្គាមបានដែរ។
ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចវិញ ទោះបីជាត្រូវរងសម្ពាធវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ក្តី ក៏កម្ពុជាបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ព្រមទាំងបានជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសក្តានុពលផលិតកម្មក្នុងស្រុក និងការវិនិយោគលើវិស័យឡូជីស្ទីក សន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា។ លើសពីនេះ ទោះបីពិភពលោក និងតំបន់មួយចំនួនកំពុងប្រឈមនឹងវិបត្តិ និងភាពមិនប្រាកដប្រជាក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងក្នុងអត្រាប្រមាណ ៤,១% ដែលបង្ហាញពីភាពធន់ និងសមត្ថភាពរក្សាសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ចំណុចនេះកាន់តែឆ្លុះបញ្ចាំង ឱ្យឃើញពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាពដែលអាចផ្តល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍលើគ្រប់វិស័យ។
ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយថៃវិញ ក្នុងស្មារតីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះសន្តិភាពនេះហើយ ទើបបានជារាជរដ្ឋាភិបាលកម្ពុជាតែងតែជ្រើសរើសយកវិធីសាស្រ្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ដោយបានគោរពយ៉ាងពេញលេញរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹង ។ រាជរដ្ឋាភិបាលយល់ច្បាស់ថា ការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី គឺជាវិធីសាស្ត្រដ៏ប្រសើរបំផុត ដើម្បីបញ្ចៀសការប្រើប្រាស់កម្លាំង។ ផ្ទុយទៅវិញ ការប្រើប្រាស់កម្លាំងមិនអាចនាំមកនូវដំណោះស្រាយប្រកបដោយចីរភាពបានឡើយ ហើយអាចបង្កឱ្យមានហានិភ័យ និងសោកនាដកម្មធ្ងន់ធ្ងរ ដែលផលវិបាករបស់វាមិនអាចប៉ាន់ប្រមាណបាន។ក្រោមហេតុផលដូចបានបញ្ជាក់ខាងលើនេះគួបផ្សំនឹងការឆ្លងកាត់ការឈឺចាប់និងផលវិបាកដ៏ខ្លោចផ្សានៃសង្រ្គាមក្នុងប្រវត្តិសាស្រ្តព្រមទាំងផលប៉ះពាល់ពីការឈ្លានពានអធិបតេយ្យជាតិនាពេលថ្មីៗនេះ កាន់តែធ្វើឱ្យយើងមិនត្រូវមើលរំលងជាដាច់ខាតអំពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព កាលានុវត្តភាពដ៏ទូលំទូលាយដែលសន្តិភាពបានបង្កើតឡើង ក៏ជាការរំឭកដល់យើងទាំងអស់គ្នាផងដែរថា សន្តិភាពនៅតែមានភាពផុយស្រួយ និងទាមទារឱ្យយើងរួមគ្នាថែរក្សា និងការពារឱ្យបានជាដាច់ខាត។
ម៉្យាងវិញទៀត នៅក្នុងសារលិខិតនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំង ប្រដាប់អាវុធគ្រប់រូបដែលបានបូជាសាច់ស្រស់ ឈាមស្រស់និងលះបង់អាយុជីវិតក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាជននៅគ្រប់ដំណាក់កាលនិងបានអរគុណចំពោះស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលក្នុងការគាំទ្របុព្វហេតុជាតិមាតុភូមិដ៏ឧត្តុង្គឧត្តមនេះ។ សារដ៏មានតម្លៃខាងលើនេះ រំលឹកប្រាប់យើងគ្រប់គ្នាថា រាជរដ្ឋាភិបាលមិនដែលភ្លេចសោះឡើយចំពោះការលះបង់របស់កងទ័ពជួរមុខនិងប្រជាជនចំពោះជាតិមាតុភូមិហើយក៏ជាការបញ្ជាប់ប្រាប់ថា សង្រ្គាមគឺមានតែការលះបង់និងការខូចខាតតែប៉ុណ្ណោះ។
ក្នុងស្មារតីសន្តិភាពនេះដែរ នៅគ្រប់វេទិកាអន្តរជាតិនានា កម្ពុជាតែងតែបញ្ជាក់គោលជំហរម៉ឺងម៉ាត់ចំពោះដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវជំហរគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការមិនទទួលស្គាល់ខ្សែព្រំដែនដោយការប្រើប្រាស់កម្លាំង ការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងយន្តការពហុភាគីជាពិសេសការជ្រើសរើសយកវិធីសាស្រ្តដោះស្រាយវិវាទដោយសន្តិវិធីនិងអនុលោមតាមច្បាប់អន្តរជាតិ។ គោលជំហរ របស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិ គឺជាការបន្ថែមទម្ងន់ចំពោះគោលជំហរដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងក៏ជាការបញ្ជាក់ទៅភាគីថៃថា កម្ពុជាមិនទទួលស្គាល់ការកាន់កាប់ទឹកដីដោយខុសច្បាប់របស់ភាគីថៃឡើយ ហើយទាមទារឱ្យមានដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ គោលជំហរដ៏ម៉ឺងម៉ាត់និងឈ្លាសវៃ របស់កម្ពុជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ស្របគ្នានេះដែរ នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាព និងស្ថិរភាពយូរអង្វែង»។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃរដ្ឋសមាជិកអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយ ភាសាបារាំងចំនួន ៩៣ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញដើម្បីពិភាក្សារិះរកផ្លូវបន្ថយភាពតានតឹងភូមិសាស្រ្ត នយោបាយ ជំរុញការអភិវឌ្ឍរឹងមាំ និងប្រកបដោយបរិយាបន្នព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាពចីរកាល។ វេទិកាអន្តរជាតិ នេះដែរ ឆ្លុះបញ្ចាំងបន្ថែមទៀតអំពីភាពឈ្លាសវៃនិងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលដែលកំពុងព្យាយាមឥតឈប់ឈរដើម្បីដោះស្រាយបញ្ហាព្រំដែន ហើយវេទិកានេះដែរត្រូវបានគេមើលឃើញថា នឹងអាចចូលរួមនៅក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ។
សរុបមក ក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងជម្លោះព្រំដែនកម្ពុជា-ថៃ សាមគ្គីភាពជាតិគឺជាកម្លាំងដ៏សំខាន់សម្រាប់ការពារសន្តិភាព និងផលប្រយោជន៍ជាតិ។ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ត្រូវរួមគ្នារក្សាសន្តិភាព មិនអនុញ្ញាតឱ្យការបែកបាក់ និងការញុះញង់បំផ្លាញសាមគ្គីភាពជាតិឡើយ។ ព្រោះមានសន្តិភាព និងសាមគ្គីភាព ទើបកម្ពុជាមានកម្លាំង និងលទ្ធភាពដោះស្រាយបញ្ហាជាតិ រួមទាំងបញ្ហាព្រំដែន ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ «សាមគ្គីភាពដើម្បីសន្តិភាព សន្តិភាពដើម្បីអនាគតកម្ពុជា»៕
ដោយ៖ មាន មេត្តា




