ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា–ថៃ​ បង្ហាញជំហរដូចគ្នា​ យកច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាមូលដ្ឋាន ដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី

ដោយ៖សូ សែនឬទ្ធា | 6 ម៉ោងមុន ទស្សនៈ - នយោបាយ 80
កម្ពុជា–ថៃ​ បង្ហាញជំហរដូចគ្នា​ យកច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាមូលដ្ឋាន ដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី កម្ពុជា–ថៃ​ បង្ហាញជំហរដូចគ្នា​ យកច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាមូលដ្ឋាន ដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី

កម្ពុជា និងថៃ កំពុងបង្ហាញចំណុចរួមដ៏សំខាន់មួយ គឺការជ្រើសរើសយកផ្លូវច្បាប់ និងការទូត ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដែនសមុទ្រដែលមានការទាមទារត្រួតស៊ីគ្នា ជំនួសឱ្យការប្រឈមមុខគ្នា ឬការប្រើប្រាស់កម្លាំង។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ការចាប់ផ្តើមកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សានៅសិង្ហបុរី និងការបញ្ជាក់ជំហររបស់ភាគីទាំងពីរ បានបើកទំព័រមួយទៀតសម្រាប់ដំណើរការដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញ និងអូសបន្លាយជាយូរមកហើយ។

មូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់បញ្ហាដែនសមុទ្រគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS ដែលជាក្របខណ្ឌអន្តរជាតិសម្រាប់កំណត់សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋក្នុងការប្រើប្រាស់ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនសមុទ្រតាមមធ្យោបាយ​សន្តិវិធី។ សម្រាប់កម្ពុជា–ថៃ UNCLOS ពេលនេះត្រូវបានប្រើជាមូលដ្ឋានច្បាប់សម្រាប់ការពិភាក្សាអំពីសិទ្ធិលើដែនសមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងព្រំដែនសមុទ្រ ព្រមទាំងជាមូលដ្ឋានសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី។ ជាពិសេស ត្រូវបែងចែកឱ្យច្បាស់រវាង “ការផ្សះផ្សា” និង “ការកាត់សេចក្តី”។ ការចូលរួមក្នុងយន្តការផ្សះផ្សា គឺជាដំណើរការដើម្បីជួយភាគីស្វែងរកការយល់ព្រម និងដំណោះស្រាយដែលអាចទទួលយកបាន មិនគួរត្រូវបានយល់ថា គណៈកម្មការផ្សះផ្សានឹងចូលមកកាត់សេចក្តីជំនួសភាគីទាំងពីរនោះទេ។

ចំណុចដែលមិនត្រូវយល់ច្រឡំនោះគឺថា MOU 2001 និង UNCLOS មិនដូចគ្នា។ UNCLOS គឺជាក្របខណ្ឌច្បាប់អន្តរជាតិពហុភាគី ខណៈ MOU 2001 គឺជាក្របខណ្ឌទ្វេភាគីរវាងកម្ពុជា និងថៃ។

ជាមួយគ្នានេះ MOU ឆ្នាំ២០០១ ស្តីពីតំបន់ដែលមានការទាមទារដែនសមុទ្រត្រួតស៊ីគ្នា គឺជាឯកសារទ្វេភាគីដ៏សំខាន់មួយដែលគួរត្រូវបានយកមកពិនិត្យជាប្រវត្តិសាស្ត្រ និងជាមេរៀនសម្រាប់ការចរចា។ MOU នេះបានបង្កើតក្របខណ្ឌសម្រាប់ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ និងការស្វែងរកកិច្ចសហប្រតិបត្តិការលើធនធាននៅក្នុងតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា។ ទោះបីជាថៃបានប្រកាសបញ្ចប់ MOU ឆ្នាំ២០០១ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ក៏ដោយ ក៏បទពិសោធន៍ពីក្របខណ្ឌនេះបង្ហាញថា ការស្វែងរកផលប្រយោជន៍រួម គឺជាផ្លូវមួយដែលអាចជួយកាត់បន្ថយភាពខុសគ្នាបាន។ ដូច្នេះ ភាគីទាំងពីរគួរយកមេរៀនពី MOU ឆ្នាំ២០០១ មកពិចារណា ខណៈដែលការដោះស្រាយបច្ចុប្បន្នត្រូវផ្អែកលើក្របខណ្ឌច្បាប់ដែលអាច​អនុវត្តបាននៅពេលនេះ។

លើសពីនេះ ភាគីទាំងពីរត្រូវគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលតម្រូវឱ្យរដ្ឋនានាដោះស្រាយវិវាទរបស់ខ្លួនដោយសន្តិវិធី និងចៀសវាងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ឬធ្ងន់ធ្ងរ។ ក្នុងន័យនេះ ការចូលរួមរបស់កម្ពុជា និងថៃក្នុងដំណើរការផ្សះផ្សាក្រោម UNCLOS គឺជាជំហានវិជ្ជមានមួយ ដែលអាចជួយបង្វែរបរិយាកាសពីការប្រឈមមុខដាក់គ្នា ទៅរកការសន្ទនា ការចរចា និងការស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់។ ដើម្បីឱ្យដំណើរការនេះមានប្រសិទ្ធភាព ភាគីទាំងពីរគួររក្សាភាពអត់ធ្មត់ មិនត្រូវបង្កើតសកម្មភាពដែលអាចបង្កការយល់ច្រឡំ និងផ្តល់លំហសម្រាប់អ្នកជំនាញច្បាប់ និងអ្នកជំនាញបច្ចេកទេសធ្វើការដោយឯករាជ្យ និងមានវិជ្ជាជីវៈ។

ចំណុចសំខាន់មួយទៀត គឺភាគីទាំងពីរត្រូវយកឯកសារ ផែនទី ទិន្នន័យបច្ចេកទេស និងមូលដ្ឋានច្បាប់ពាក់ព័ន្ធមកពិនិត្យដោយយកចិត្តទុកដាក់។ ការចរចាដែលមានប្រសិទ្ធភាព មិនគួរពឹងផ្អែកលើការអះអាងផ្នែកនយោបាយ ឬអារម្មណ៍ជាតិនិយមទេ ប៉ុន្តែត្រូវផ្អែកលើភស្តុតាង និងច្បាប់។ ដូច្នេះ ភាគីទាំងពីរគួរផ្តល់លំហឱ្យអ្នកជំនាញពិភាក្សា ពិនិត្យឯកសាររួមគ្នា និងកំណត់ឱ្យបានច្បាស់ថា ចំណុចណាដែលអាចយល់ស្របគ្នា និងចំណុចណាដែលនៅមានភាពខុសគ្នា។

ជាពិសេស បញ្ហាដែនសមុទ្រត្រូវតែ​បំបែកចេញពីអារម្មណ៍ជាតិនិយម និងការប្រឈមមុខគ្នាផ្នែកនយោបាយ។ ប្រជាជនកម្ពុជា និងថៃមានទំនាក់ទំនងជិតស្និទ្ធជាយូរមកហើយ ហើយសន្តិភាពទាំងនៅតាមព្រំដែននិងព្រំដែនទឹក សុទ្ធតែជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។​ប្រសិនបើមានភាពតានតឹងកាន់តែខ្លាំង នោះមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងរដ្ឋទេ ប៉ុន្តែអាចប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងជីវភាពប្រជាជននៃប្រទេសទាំងពីរថែមទៀតផង។ ដូច្នេះ ការបញ្ឈប់ការប្រឈមមុខគ្នា និងការបន្តការសន្ទនាតាមផ្លូវច្បាប់ គឺជាជម្រើសដែលមានការទទួលខុសត្រូវចំពោះប្រជាជននៃប្រទេសទាំងពីរ។ចំពោះធនធានធម្មជាតិនៅតំបន់សមុទ្រដែលមានការទាមទារត្រួតស៊ីគ្នា ភាគីទាំងពីរត្រូវមើលឱ្យឃើញថា វាអាចក្លាយជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ជាជាងក្លាយជាមូលហេតុនៃជម្លោះ។ គួររំលឹកផងដែរថា​ MOU ឆ្នាំ២០០១ ធ្លាប់បង្ហាញពីគំនិតក្នុងការចរចាអំពីការអភិវឌ្ឍរួម និងការកំណត់ព្រំដែនសមុទ្រ។ ទោះបីក្របខណ្ឌនោះត្រូវបានបញ្ចប់ដោយភាគីថៃជាឯកតោភាគី​ក៏ដោយ គោលគំនិតនៃការស្វែងរកផលប្រយោជន៍ទៅវិញទៅមកនៅតែអាចផ្តល់ជាមេរៀនសម្រាប់ការចរចានាពេលនេះ​និង​ទៅ​អនាគតក្រោមការ​សម្របសម្រួលរបស់គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS នាពេលនេះ​ ដើម្បីស្វែងរកដំណោះស្រាយដែលធានាផលប្រយោជន៍សមធម៌ និងគោរពសិទ្ធិរបស់ភាគីទាំងពីរ នឹងអាចបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។

សរុបមក ការចាប់ផ្តើមដំណើរការផ្សះផ្សាក្រោម UNCLOS នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គឺជាឱកាសសំខាន់មួយសម្រាប់កម្ពុជា និងថៃ ក្នុងការបើកទំព័រថ្មីនៃការដោះស្រាយបញ្ហាតាមផ្លូវច្បាប់ និងដោយសន្តិវិធី។ ភាគីទាំងពីរគួរយក UNCLOS ជាមូលដ្ឋានច្បាប់ ប្រើបទពិសោធន៍ពី MOU ឆ្នាំ២០០១ ជាមេរៀន និងពង្រឹងការទូត ការចរចា ព្រមទាំងការពិនិត្យភស្តុតាងបច្ចេកទេស ដើម្បីស្វែងរកចំណុចរួម និងដំណោះស្រាយដែលអាចទទួលយកបាន។

អ្វីដែលប្រជាជនកម្ពុជា និងថៃត្រូវការនោះ មិនមែនជាការប្រឈមមុខគ្នាដែលអូសបន្លាយដោយគ្មានទីបញ្ចប់ទេ ប៉ុន្តែគឺសន្តិភាព ស្ថិរភាព និងដំណោះស្រាយដែលមានមូលដ្ឋានលើច្បាប់ និងអាចរក្សាបានយូរអង្វែង។ ដូច្នេះ ភាគីទាំងពីរត្រូវបន្តដើរតាមផ្លូវច្បាប់ រក្សាភាពអត់ធ្មត់ ជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងទុកលំហឱ្យការទូត និងអ្នកជំនាញបំពេញតួនាទីរបស់ខ្លួន។ ប្រសិនបើ UNCLOS ត្រូវបានប្រើប្រាស់ដោយស្មោះត្រង់ និងមានឆន្ទៈនយោបាយ វាអាចក្លាយជាស្ពានដ៏សំខាន់មួយ នាំកម្ពុជា និងថៃពីការប្រឈមមុខគ្នា ឆ្ពោះទៅរកការយោគយល់ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ​:​ ឌឺ​ វីរ: