ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 568
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា

នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។ ការដែលយើងស្វែង រកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគីជាជាងតាមការប្រើប្រាស់កម្លាំង ហើយក្របខ័ណ្ឌអន្តរជាតិអាចផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំនិងចីរកាល សម្រាប់ឱ្យរដ្ឋជិតខាងគ្នាដោះស្រាយទំនាស់របស់ខ្លួន។ ការប្តេជ្ញាចិត្តដូចបានលើកឡើងខាងដើមគឺជាកត្តាកំណត់អភិក្រមរបស់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងជាមួយព្រះរាជាណាចក្រថៃ។ ទំនាក់ទំនងរវាងកម្ពុជា-ថៃបាន និងកំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក។ កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា យើងបានទទួលការលើកទឹកចិត្តពីលទ្ធផលនៃការផ្សះផ្សាលើបញ្ហាដែនសមុទ្រទីម័រ រវាង សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី។ ដំណើរការផ្សះផ្សានោះបានបង្ហាញថា ការផ្សះផ្សាដោយបង្ខំក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រអាចដោះស្រាយភាពជាប់ គាំងដ៏យូរអង្វែងរវាងប្រទេសជិតខាង និងនាំទៅរកដំណោះស្រាយ ជាស្ថាពរតាមរយៈសន្ធិសញ្ញា។ កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សាជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយដល់កម្ពុជានិងថៃឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង៕

អត្ថបទទាក់ទង