ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាពទើបបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 666
កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាពទើបបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាពទើបបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS នៅប្រទេសសិង្ហបុរី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តដ៏ឈឺចាប់ជាច្រើនកាល ពីអតីតកាលដែលមានជម្លោះបែកបាក់និងសង្រ្គាមរ៉ាំរ៉ៃ ដែលប្រការនេះហើយទើបកម្ពុជាសម្រេចជ្រើសរើសការ ដោះស្រាយជម្លោះនានាដោយមធ្យោបាយសន្តិវិធី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងរំលឹកថា កម្ពុជាបានក្លាយជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំងនៅ ក្នុងឆ្នាំ១៨៦៣ ហើយព្រំដែនទឹកដី សម័យទំនើបរបស់កម្ពុជាត្រូវបានកំណត់ឡើងតាមរយៈសន្ធិសញ្ញា និងផែនទីដែលបានរៀបចំឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមាន អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំងនិងសៀម ព្រមទាំងផែនទីផលិតដោយអនុលោមតាមឯកសារទាំងនេះដែលកំណត់ព្រំដែនគោករបស់កម្ពុជាជាមួយប្រទេសថៃ។ ក្រោយទទួលបានឯករាជ្យពីប្រទេសបារាំងក្នុងឆ្នាំ១៩៥៣ កម្ពុជាដំបូងឡើយរស់នៅដោយរីករាយក្នុងសន្តិភាពនិងភាពសម្បូរសប្បាយរុងរឿង។ ប៉ុន្តែស្ថានភាពនេះ ត្រូវបានបំផ្លាញដោយការរីករាលដាលនៃជម្លោះក្នុងតំបន់នៅទសវត្សរ៍១៩៦០និង១៩៧០ ដែលក្នុងថេរវេលានេះ កម្ពុជាបានរងការទម្លាក់គ្រាប់បែបយ៉ាងធ្ងន់ធ្ងរពីលើអាកាស។

ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលឹកបន្តពីប្រវត្តិដំណើរកម្ពុជាថា ចាប់ពី១៩៧៥ ដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហម បានបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងសតវត្សរ៍ទី២០ ដោយបានឆក់យកជីវិតប្រជាជនប្រហែលមួយភាគ បួនៃចំនួនប្រជាជនសរុបនិងបានបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវស្ថាប័ននិងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជារចនាសម្ព័ន្ធសង្គម របស់ប្រទេសជាតិផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាចាប់ផ្តើមកសាងប្រទេសឡើងវិញយ៉ាង សកម្មបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងដំណើរការស្វែងរកសន្តិភាពដែលគាំទ្រដោយ អង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតមួយលើលោក កម្ពុជាដែលទើប តែងើបចេញពីជម្លោះនិងភាពឯកោអស់ពេលជាច្រើនទសវត្សរ៍ ត្រូវប្រឈមនឹងភារកិច្ចដ៏ធំធេងក្នុងការកសាងឡើងវិញនូវសេដ្ឋកិច្ច ស្ថាប័ន និងសង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ថា ពុំមានប្រទេសច្រើនអាចយល់ស៊ីជម្រៅជាងកម្ពុជា អំពីតម្លៃនៃសន្តិភាព និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទាំងផ្នែកមនុស្សធម៌និងសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះឡើយ។ គឺស្ថិតក្នុងបរិបទប្រវត្តិសាស្រ្តនេះហើយ កម្ពុជាបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង