កម្ពុជា និងអង្គការ Humanity & Inclusion ប្តេជ្ញារួមគ្នា «សង្គ្រោះជនរងគ្រោះដោយសារមីន ដើម្បីផ្តល់សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម»
កម្ពុជា និងអង្គការ Humanity & Inclusion ប្តេជ្ញារួមគ្នា «សង្គ្រោះជនរងគ្រោះដោយសារមីន ដើម្បីផ្តល់សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម»
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងលោក Rajib Dakua នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion ស្តីពីភាពជាដៃគូកិច្ចសង្រ្គោះរងគ្រោះ និងសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា កិច្ចសង្រ្គោះជនរងគ្រោះមិនត្រូវផ្តោតលើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននឹងកំពុងពង្រឹងបន្ថែមលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងប្តេជ្ញាចិត្តថា មិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់បន្តរងគ្រោះ និងមិនបានយកចិត្តទុកដាក់ឡើយ។ ជាមួយនឹងឆន្ទៈយ៉ាងមុតមាំនេះ បច្ចុប្បន្នេះ កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រាប់មីន ទៅជាប្រទេសមួយដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់វឌ្ឍនភាពក្នុងសកម្មភាពមីនមនុស្សធម៌។
នាឱកាសនោះផងដែរ ឯកឧត្តម លី ធុជ ក៏បានថ្លែងបន្តថា កម្ពុជាអំណរគុណដល់អង្គការ HI ចំពោះភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា ដែលបានចាប់ផ្តើមក្នុងខណៈពេលដែលកម្ពុជាកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ជនមានពិការភាព និងជនងាយរងគ្រោះនៅកម្ពុជា តាមរយៈការផ្តល់សេវាស្តារនីតិសម្បទា កម្មវិធីរួមបញ្ចូលសង្គម និងការគាំទ្រតាមសហគមន៍ជាដើម៕




