សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែប្រសើរ
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែប្រសើរ
យោងតាមសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២” និង “ទិវាសង្គមកិច្ច ពិភពលោកលើកទី១៩” របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយមើលឃើញអំពីសារៈសំខាន់របស់កម្លាំងសេវាសង្គម ដែលបានពលីកម្មនិងចំណាយកម្លាំងកាយចិត្ត ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ការការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម និងសិទ្ធិមនុស្ស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះនិងជនងាយរងគ្រោះ ទើបរាជរដ្ឋាភិបាលសម្រេចយកថ្ងៃទី១៩ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ដើម្បីប្រារព្ធពិធីអបអរសាទរ និងរំលឹកនូវស្នាដៃ សមិទ្ធផល និងជាការលើកទឹកចិត្តដល់កម្លាំងសេវាសង្គមនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា ពិធីអបអរសាទរ “ទិវាជាតិសង្គមកិច្ចលើកទី២” និង “ទិវាសង្គមកិច្ច ពិភពលោកលើកទី១៩” នាឆ្នាំនេះ នឹងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈនិងការប្តេជ្ញាចិត្តកាន់តែក្លៀវក្លា របស់រាជរដ្ឋាភិបាល សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងអ្នកធ្វើការជាកម្លាំងសេវាសង្គម ទាំងអស់នឹងខិតខំធ្វើការ រួមគ្នាបង្កើនចំណងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹង បទពិសោធពីជំនាន់មួយទៅជំនាន់មួយ សំដៅកសាងសង្គមមួយឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាពិសេស ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពកាន់តែល្អប្រសើរ ភាពធន់ និងចីរភាព។
ក្នុងស្មារតីនិងអត្ថន័យដូចបានគូសបញ្ជាក់ខាងលើ ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែប្រសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដូចតទៅ៖
១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់គុណតម្លៃរបស់កម្លាំងសេវាសង្គមនិងសមិទ្ធផលការងារ។
២- គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេងទៀត សូមជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវស្នាដៃនិងសមិទ្ធផលនានា ដែលបង្ហាញអំពីការយកចិត្តទុកដាក់និងលើកកម្ពស់ការផ្តល់ សេវាក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ជាពិសេសជូនជនរងគ្រោះនិងជនងាយរងគ្រោះ។
៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អប្រសើរថែម
ទៀត៕




