សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ហានិភ័យចំពោះសុខសន្តិភាពនិងស្ថិរភាពជាតិអាចកើតមានឡើងគ្រប់ពេលបើយើងខ្វះការប្រុងប្រយ័ត្ននិងការត្រៀមខ្លួន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ហានិភ័យចំពោះសុខសន្តិភាពនិងស្ថិរភាពជាតិអាចកើតមានឡើងគ្រប់ពេលបើយើងខ្វះការប្រុងប្រយ័ត្ននិងការត្រៀមខ្លួន
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានខ្លឹមសារដូចតទៅ៖
កម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចងចាំបទពិសោធនិងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់តាំងពីអតីតកាលជាពិសេសក្នុងឆ្នាំ២០២៥ ដែលមានទាំងភាពឈឺចាប់ ការលំបាកនិងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាពនិងឯកភាពជាតិមហាគ្រួសារខ្មែរសម្រាប់ពង្រឹងខ្លួននិងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។
«ដាស់ស្មារតីជាតិ» ក្រើនរំឭកយើងទាំងអស់គ្នាឱ្យចងចាំជានិច្ចថា ហានិភ័យចំពោះសុខសន្តិភាពនិងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ននិងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ទាំងអស់នេះ គឺជាមេរៀនដ៏មានតម្លៃដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ ដូចនេះ “ខ្មែរត្រូវចាំ ខ្មែរត្រូវតាំងចិត្ត ខ្មែរត្រូវធ្វេីឱ្យបាន”។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានប្រកាសនិងប្តេជ្ញាចិត្តឥតងាករេក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព ទោះក្នុងតម្លៃណាក៏ដោយ ដោយឈរលេីគោលការណ៍ច្បាប់ជាគោលក្នុងនោះច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញានិងកិច្ចព្រមព្រៀងដែលចូលជាធរមាន នៅមានសុពលភាព ជាពិសេស បេីទោះបីជានៅមានសង្ឃឹមត្រឹម ១%ក៏ដោយ ក៏កម្ពុជានៅបន្តជ្រេីសរេីសប្រេីប្រាស់គ្រប់យន្តការដែលមានស្រាប់ ដេីម្បីធានាសន្តិភាព ស្ថិរភាពនិងការពារអាយុជីវិតវីរកងទ័ព ប្រជាជន បញ្ចៀសការបង្ហូរឈាមជាថ្មី៕




