ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃ ដែលចូលដាក់កុងតឺន័រ និងធ្វើផ្លូវចូលតំបន់មួយចំនួនក្នុងខេត្តឧត្ដរមានជ័យ និងពោធិ៍សាត់

ដោយ៖Sreyleak | 14 ម៉ោងមុន ព័ត៌មានទូទៅ 64
កម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃ ដែលចូលដាក់កុងតឺន័រ និងធ្វើផ្លូវចូលតំបន់មួយចំនួនក្នុងខេត្តឧត្ដរមានជ័យ និងពោធិ៍សាត់ កម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃ ដែលចូលដាក់កុងតឺន័រ និងធ្វើផ្លូវចូលតំបន់មួយចំនួនក្នុងខេត្តឧត្ដរមានជ័យ និងពោធិ៍សាត់

 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការតវ៉ាយ៉ាងខ្លាំងជំទាស់ប្រឆាំងនឹងសកម្មភាពខុសច្បាប់ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្ដរមានជ័យ និងពោធិ៍សាត់។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរ កន្លែងក្នុងខេត្តឧត្តរមានជ័យ គឺភូមិរួតចំប៉ី និងភូមិអូរខ្លាឃ្មុំ ក្នុងសង្កាត់អូរស្មាច់។ ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែ ដែលលាតសន្ធឹងចេញពីកន្លែងបិទផ្លូវដោយកុងតឺន័រនៅក្នុងភូមិអូរខ្លាឃ្មុំ។ នៅខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់អាវុធថៃបានដាក់ កុងតឺន័របន្ថែម នៅក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៦។

ទីតាំងទាំងនេះស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលកាន់កាប់ដោយកងកម្លាំងថៃក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពទាំងនេះបានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយ សុវត្ថិភាព និងថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការរំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងអស់តាមរយៈមធ្យោបាយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងៗទៀត៕

អត្ថបទទាក់ទង