សង្រ្គាមឈ្លានពានរបស់កងទ័ពថៃមកលើរដ្ឋអធិបតេយ្យមួយ ក្រោមលេសប្រឆាំងនឹង SCAMMER ឆ្លងដែនគឺជារឿងដែលមិនអាចទទួលយកបាន
សង្រ្គាមឈ្លានពានរបស់កងទ័ពថៃមកលើរដ្ឋអធិបតេយ្យមួយ ក្រោមលេសប្រឆាំងនឹង SCAMMER ឆ្លងដែនគឺជារឿងដែលមិនអាចទទួលយកបាន
ខ្មែរស្រឡាញ់សន្តិភាព តែងតែប្រាថ្នាចង់បានមិត្តភាពយូរអង្វែងជាមួយប្រទេសជិតខាង ដូចជាប្រទេសថៃ។ បញ្ហាព្រំដែននៅសេសសល់ អាចនឹងត្រូវជជែកដោះស្រាយគ្នាបាន ដោយផ្អែកគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយវាមិនសមទំនង ដែលអាចធ្វើជាហេតុផលដើម្បីច្បាំងគ្នានោះទេ។ កិច្ចព្រមព្រៀងសន្តិភាពថ្ងៃ២៦តុលា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកន្លងទៅ គឺ ពិតមូលដ្ឋាននៃការស្តារសន្តិភាព និងកសាងជំនឿទុកចិត្តគ្នាឡើងវិញបានរវាងប្រទេសទាំងពីរកម្ពុជានិងថៃ។ ក៏ប៉ុន្តែ ព្រឹត្តិការណ៍ផ្ទុះអាវុធក្នុងថ្ងៃ៧ធ្នូ ដោយពួកកងទ័ពថៃបាញ់ប្រហារយ៉ាងខ្លាំងក្លាមកក្នុងដែនអធិបតេយ្យកម្ពុជា ដែលកម្ពុជាមិនបានឆ្លើយតបក្នុងរយៈពេល២៤ម៉ោង ពិតជាបានធ្វើឱ្យជម្លោះកើតឡើងសាជាថ្មីវិញដោយចៀសមិនផុត។
ភាពអត់ធ្មត់របស់កម្ពុជាក៏លែងមានហើយ ការទ្រាំទ្រនិងការវាយប្រហារតែម្ខាងពីសំណាក់ភាគីថៃ មិនបានធ្វើឱ្យថៃបញ្ឈប់ការឈ្លានពានឡើយ។ ដូច្នេះកងទ័ពកម្ពុជាត្រូវអនុវត្តសិទ្ធិស្វ័យការពារ និងប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននៅនឹងកន្លែង គឺមិនបានលើកទ័ពចូលវាយលុកក្នុងទឹកដីថៃនោះទេ។ កងទ័ពថៃ បានគិតថាខ្លួនពិតជាមានឧត្តមភាពសព្វគ្រប់បែបយ៉ាង ដោយអំណាចខាងកងទ័ពដ៏លើសលុបលើកម្ពុជា។ នេះជាទង្វើដ៏ក្រអឺតក្រទមនៅចំពោះមុខសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។
ប្រទេសកម្ពុជាបានអនុវត្តយ៉ាងពេញលេញតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ តុលា ក៏ប៉ុន្តែ កងទ័ពថៃជាអ្នកចាប់ផ្តើមបាញ់មកលើកងទ័ពកម្ពុជាជាមុន ហើយប្រទេសថៃបានលើកទ័ពចូលវាយក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ រីឯកម្ពុជាគ្រាន់តែបានអនុវត្តសិទ្ធិស្វ័យការពារនិងការពារអធិបតេយ្យជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងចុងក្រោយនេះថា កងទ័ពថៃជាអ្នកបង្កហេតុ គឺ ពិតជាសារដ៏មុតស្រួចមួយ កំពុងសំពងចំកណ្តាលក្បាលរបស់មេទ័ពបង្កសង្រ្គាមរបស់ថៃ។ ក៏ប៉ុន្តែ ពិភពលោកមិនបានចេញសេក្តីថ្លែងការណ៍ណាមួយ ដើម្បីនឹងស្រែកថ្កោលទោសដល់ពួកកងទ័ពថៃនោះទេ ក៏ព្រោះតែអន្តរជាតិចង់រក្សាមុខមាត់ កិត្តិយស និងភាពថ្លៃថ្នូររបស់ប្រទេសថៃ ហើយទុកឲ្យមេដឹកនាំកងទ័ពយល់ដឹងដោយខ្លួនឯង។
បច្ចុប្បន្ននេះសង្រ្គាមត្រូវបានបង្កឡើងដោយពួកកងទ័ពថៃកាន់តែរីកខ្លាំងឡើងៗតាមបណ្តោយព្រំដែនគោក និងសមុទ្រមួយកម្រិតធំ ដែលជាទង្វើឈ្លានពាពានមកលើកម្ពុជាទាំងស្រុង។ ក៏ប៉ុន្តែ ជាងមួយសប្តាហ៍ក្រោយមក ពួកកងទ័ពថៃ បានអះអាងទាំងព្រហើនថា ខ្លួនធ្វើសង្រ្គាមប្រឆាំងនឹងទ័ព Scammer ក្នុងទឹកដីកម្ពុជាយ៉ាងបំពាន ដើម្បីបិទបាំងពិភពលោក។ ក៏ប៉ុន្តែ ពិភពលោកបានមើលឃើញច្បាស់ថា វាគ្រាន់តែជាការបិទបាំងរបស់ពួកកងទ័ពថៃ អំពីអំពើឈ្លានពានរបស់ខ្លួនមកលើកម្ពុជាទាំងកំរោល និងជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងច្បាប់អន្តរជាតិទាំងស្រុងផងដែរ។
នេះពិតជាមហាសោកនាដកម្ម វិនាសកម្ម និងក្តីមហន្តរាយមួយដ៏ធំ បង្កឡើងដោយពួកកងទ័ពថៃទាំងស្រុងនៅចំពោះមុខកែវភ្នែកពិភពលោក ដែលបានមើលឃើញនូវការវាយប្រហារ ការបាញ់ដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងទំនើប F-16 របស់កងទ័ពថៃ មកលើផ្ទះសម្ដែងជនស៊ីវិល សាលា ផ្លូវ ថ្នល់ ស្ពាន ពិសេស វត្ត ប្រាសាទបុរាណ ជាពិសេសប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដោយច្បាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញអន្តរជាតិមួយចំនួន ស្តីពីការការពារ និងការអភិរក្សបេតិកភណ្ឌពិភពលោក។
តើនោះពិតជាទម្រង់នៃសង្រ្គាមប្រឆាំងនឹង Scammer មែនទេ? តើពិភពលោកបានជឿលើទង្វើឈ្លានពានរបស់កងទ័ពថៃទេ?
កម្ពុជា និងថៃជារដ្ឋឯករាជ្យ មានអធិបតេយ្យដូចគ្នា ការលើកឡើងពីការធ្វើសង្រ្គាមឆ្លងដែនតាមកំទេច Scammer ចូលក្នុងដែនអធិបតេយ្យនៃប្រទេសមួយ គឺប្រាកដណាស់ វាខុសពីគោលការណ៍ច្បប់អន្តរជាតិទាំងស្រុង។ ជាការពិត ប្រទេសថៃក៏មាន Scammer ដែលមានទំហំធំជាងនៅក្នុងប្រទេសកម្ពុជាខ្លាំងណាស់។ ក៏ប៉ុន្តែ ប្រទេសកម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃទេ។ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការបង្រ្កាបលើបទឧក្រិដ្ឋបែបនេះ បានជាច្រើករណីជាបន្តបន្ទាប់រហូតមក ហើយប្រទេសថៃទៅវិញទេ ដែលត្រូវតែចង្អុលមុខទៅមេដឹកនាំគ្រាក់ៗរបស់ខ្លួនដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលហួសចិត្តបំផុតនោះ តើ ផ្លូវ ស្ពាន ថ្នល់ សលារៀន ទីប្រជុំ ផ្ទះសម្បែងរបស់ជនស៊ីវិល ពិសេស វត្តអារាម និងប្រាសាទព្រះវិហារ ប្រាសាទ តាក្របី ប្រាសាទតាមាន់ គឺពិតជាសំបុក Scammer ដែលពួកកងទ័ពថៃត្រូវចូលមកដើម្បីបាញ់ ផ្លោង វាយកំទេចទេ? ឬថៃគ្រាន់តែចោទប្រកាន់កម្ពុជា ដើម្បីបោកប្រាស់ពិភពលោកនិងចង់លាក់បាំងទង្វើឈ្លានពានរបស់ខ្លួន?
ដូច្នេះ ទង្វើរបស់ពួកកងទ័ពថៃ ពិតជាទង្វើឈ្លានពានមកលើកម្ពុជាទាំងកំរោល មិនមែនជាសង្រ្គាមតាមកំទេច Scammer នៅលើស្ពាន ថ្នល់ សាលារៀន ផ្ទះសម្បែងជនស៊ីវិល វត្ត និងប្រាសាទនានា ក្នុងប្រទេសកម្ពុជានោះទេ។ កម្ពុជាជឿជាក់ថាពិភពលោកនឹងយល់ពីការពិត ដែលថៃកំពុងភូតភរ ក្លែងបន្លំ និងអំពាវនាវឱ្យថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញដល់ទីតាំងជនស៊ីវិល ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកដីដែនអធិបតេយ្យភាពកម្ពុជា៕
ដោយ៖ ឡុង បូរិតា



