ខ្មែរប៉ុស្ដិ៍ Close

ការប្រារព្ធទិវាប្រជាជនពិភពលោក គឺដើម្បីរំឭក និងជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុប្រជាជន និងការអភិវឌ្ឍ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 20
ការប្រារព្ធទិវាប្រជាជនពិភពលោក គឺដើម្បីរំឭក និងជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុប្រជាជន និងការអភិវឌ្ឍ ការប្រារព្ធទិវាប្រជាជនពិភពលោក គឺដើម្បីរំឭក និងជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុប្រជាជន និងការអភិវឌ្ឍ

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធី «ទិវាប្រជាជនពិភពលោក ១១ កក្កដា លើកទី២៩» ក្រោមប្រធានបទ ផែនការគ្រួសារ គឺជាសិទ្ធិមនុស្ស ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ក្មួយៗនិសិ្សត តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការសង្គមស៊ីវិល ចូលរួមយ៉ាងច្រើនកុះករ នៅសាលប្រជុំ CJCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាចូលរួមដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ដែលជាឧបសគ្គ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលកើតចេញពីកំណើនលឿនពេក នៃចំនួនប្រជាជន។ លោកបានថ្លែងបន្តថា ជារៀងរាល់ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញនូវសារលិខិតអបអរសាទរ និងជូនពរដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាឱកាសនៃការប្រារព្ធទិវាប្រជាជនពិភពលោក ១១ កក្កដា នេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន ក៏បានរំឭកអំពីប្រវត្តិ នៃការប្រារព្ធទិវាប្រជាជនពិភពលោកថា ក្រុមប្រឹក្សាភិបាល នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានបង្កើតនិងប្រារព្ធទិវាប្រជាជនពិភពលោកលើកដំបូងនៅឆ្នាំ១៩៨៩ ក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅក្នុងពិភពលោក។ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១ ខែកក្កដា ជាថ្ងៃដែលប្រជាជនពិភពលោកកើនគម្រប់ចំនួន ៥ពាន់លាននាក់នៅឆ្នាំ១៩៨៧ ដើម្បីប្រារព្ធទិវាប្រជាជនពិភពលោកនេះ ជារៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។

លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ បានប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីរំឭក និងជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញាវន្ត សិស្ស និសិ្សត និងអ្នកមាន ចំណែកពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុប្រជាជន និងការអភិវឌ្ឍជាពិសេសកិច្ចខិតខំប្រឹងប្រែង ស្វែងរកដំណោះស្រាយ នៃបញ្ហាទាក់ទងនឹងកំណើនប្រជាជន ដែលកំពុងជះឥទ្ធិពលដល់ការអភិវឌ្ឍ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយប្រជាជនលើកដំបូងនៅឆ្នាំ២០០៣ ដើម្បីធានាឱ្យមានការធ្វើផែនការអភិវឌ្ឍ មានលក្ខណៈគ្របដណ្តប់គ្រប់ជ្រុងជ្រោយ និងដើម្បីដោះស្រាយផលប៉ះពាល់ នៃបម្រែបម្រួលប្រជាសាស្ត្រ តាមរយៈការដាក់បញ្ចូលនូវឌីណាមិក ប្រជាសាស្ត្រទៅក្នុងដំណើរការ នៃការធ្វើផែនការអភិវឌ្ឍដោយគិតគូរ ដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជន និងការអភិវឌ្ឍ។ លោកបានបន្តថា គោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០ បន្តឈរលើគោលការណ៍ ដែលមានចែងនៅក្នុងគោលនយោបាយប្រជាជនឆ្នាំ២០០៣ «ដោយទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយឱ្យមានលទ្ធភាពទទួល បាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរកត់សម្គាល់ ដូចដែលបានរំលេចនៅក្នុងសារលិខិត របស់លោកនាយករដ្ឋមន្រ្តី ប៉ុន្តែសមិទ្ធផលទាំងអស់នេះ នៅមិនទាន់ឈានដល់កម្រិត ដែលយើងចង់បាននៅឡើយនោះទេ។ ក្នុងន័យនេះ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកែលម្អបន្ថែមទៀតនូវគុណភាពសេវាសាធារណៈ ជាពិសេស សេវាសុខាភិបាល និងសេវាអប់រំ សំដៅសម្រេចឱ្យបាននូវអាទិភាព ទាំងឡាយដែលបានលើកឡើងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិផែនការអភិវឌ្ឍតាមវិស័យ ផែនការអភិវឌ្ឍថ្នាក់ក្រោមជាតិ គោលនយោបាយជាតិប្រជាជន និងគោលនយោបាយជាតិផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា លោកសូមថ្លែងអំណរគុណចំពោះមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)ដែលបានគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ លើវិស័យពាក់ព័ន្ធនឹងប្រជាជននិងការអភិវឌ្ឍ ជំរឿនប្រជារាស្ត្រទូទៅ ការងារផែនការ គោលដៅអភិវឌ្ឍន៍សហវត្សរ៍កម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អត្ថបទទាក់ទង