រដ្ឋសភា៖ សេចក្តីថ្លៃថ្នូរនិងគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន មិនអាចវាស់វែងដោយសញ្ញាបត្រកិត្តិយសមួយសន្លឹកនោះឡើយ
រដ្ឋសភា៖ សេចក្តីថ្លៃថ្នូរនិងគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន មិនអាចវាស់វែងដោយសញ្ញាបត្រកិត្តិយសមួយសន្លឹកនោះឡើយ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ដែលសម្តេចទទួលបានពីសាកលវិទ្យាល័យរបស់ថៃ។ ការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សពីសុចរិតភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមបំផុតនិងការប្តេជ្ញាចិត្តឥតងាករេរបស់ សម្តេចតេជោ ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យភាព ឧត្តមប្រយោជន៍ស្នូលរបស់ជាតិ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។
នៅក្នុងញត្តិគាំទ្ររបស់រដ្ឋសភាចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា សេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចវាស់វែងដោយសញ្ញាបត្រកិត្តិយសមួយសន្លឹកនោះឡើយ ហើយសច្ចគុណធម៌មិនមែនស្ថិតនៅលើកាយវិការជានិមិត្តរូបពីស្ថាប័នបរទេសនោះទេ ប៉ុន្តែអាស្រ័យលើវីរភាព ការធ្វើពលិកម្មគ្រប់បែបយ៉ាងស្ទើរមួយជីវិតនិងសមិទ្ធផលជាក់ស្តែងដ៏ច្រើនឥតគណនាបានរបស់ សម្តេចតេជោ ក្នុងការនាំយកនូវសន្តិភាពពេញលេញ ការអភិវឌ្ឍ វិបុលភាព និងសុខដុមនីយកម្មដល់កម្ពុជា៕




