ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនខ្មែរកុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 205
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនខ្មែរកុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនខ្មែរកុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖

នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?
សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណាឬក្រុមណានោះទេ។
កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។

ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។

ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។

សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែរលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។

យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។

សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។

ចុងក្រោយខ្ញុំចង់ជំរាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀលឬដុល្លារ ព្រោះពេលខាងមុខបងប្អូននឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៊ិនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។
ខ្ញុំសូមភ្ជាប់វីដេអូដែលជនជាតិថៃ ដាក់តាំងរូបខ្ញុំដើម្បីបាញ់យករង្វាន់៕

 

អត្ថបទទាក់ទង