ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការបរទេស ៖ ថៃគឺជាអ្នករំលោភបំពានអធិបតេយ្យភាពកម្ពុជា និងថែមទាំងចង់ប្តឹងកម្ពុជាដោយគ្មានមូលដ្ឋានរឹងមាំបន្តិចទាល់តែសោះ

ដោយ៖Sreyleak | ថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 219
អ្នកនាំពាក្យក្រសួងការបរទេស ៖ ថៃគឺជាអ្នករំលោភបំពានអធិបតេយ្យភាពកម្ពុជា និងថែមទាំងចង់ប្តឹងកម្ពុជាដោយគ្មានមូលដ្ឋានរឹងមាំបន្តិចទាល់តែសោះ អ្នកនាំពាក្យក្រសួងការបរទេស ៖ ថៃគឺជាអ្នករំលោភបំពានអធិបតេយ្យភាពកម្ពុជា និងថែមទាំងចង់ប្តឹងកម្ពុជាដោយគ្មានមូលដ្ឋានរឹងមាំបន្តិចទាល់តែសោះ

 

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបានកត់សម្គាល់ដល់ការរំខានចិត្តនូវរបាយការណ៍លើកឡើងតាមប្រព័ន្ធឃោសនាថៃមួយចំនួន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥  អំពីសកម្មភាពផ្លូវច្បាប់ប្រឆាំងកម្ពុជា ដែលបានប្រកាសឡើងដោយរាជរដ្ឋាភិបាលប្រទេសថៃ ដែលវិធានច្បាប់នេះ គឺពុំមានមូលដ្ឋានសោះឡើយ ហើយនិងបង្ហាញឱ្យឃើញថា ប៉ុនប៉ងដោយដោយចេតនា ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុប្រឆាំងទឹកដីរបស់កម្ពុជា។

ឯកឧត្តម ជុំ សុន្ទរី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបន្តថា វិធានការផ្លូវច្បាប់របស់ថៃ គឺបានបង្ហាញឱ្យច្បាស់ថា ថៃមានគោលដៅបង្វែរការទិតៀនដែលកំពុងតែកើនឡើងស្តីអំពីការខូចខាតរបស់ប្រជាជនស៊ីវិល និងការរំលោភបំពានរបស់ថៃទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនិងការមិនគោរពជាបន្តបន្ទាប់របស់ថៃចំពោះកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ ឯកឧត្តមបានបន្តទៀតថា បណ្តាការចោទប្រកាន់ដែលត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់សកម្មភាពផ្លូវច្បាប់នេះ គឺពុំមានមូលដ្ឋានរឹងមាំឡើយ ហើយវាមានហេតុផលនយោបាយ និងពុំមានមូលដ្ឋានសម្រាប់ជឿជាក់នោះទេ។

នាឱកាសនោះផងដែរ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាសូមបដិសេធដាច់ខាតនូវការចោទប្រកាន់ និងសូមធ្វើការអះអាងជាថ្មីម្តងទៀតអំពីចំណុចគន្លឹះមួយចំនួន រួមមាន៖

១. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមនូវភាពប្រទូស្តសាយនេះទេ: 

ជម្លោះតាមព្រំប្រទល់កន្លងមកថ្មីៗនេះ គឺចាប់ផ្តើមឡើងដោយការទន្ទ្រានចូលរបស់យោធាថៃ ហើយនិងការបាញ់ផ្លោងចូលមកទឹកដីកម្ពុជា ដែលជាការរំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពរបស់កម្ពុជា

២. កម្ពុជាធ្វើសកម្មភាពក្នុងសិទ្ធិស្វ័យការពារស្របច្បាប់របស់ខ្លួន: កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាធ្វើការឆ្លើយតបដោយសមស្របទៅតាមសកម្មភាពរបស់យោធាថៃ និងមានភាពសមស្របទៅតាមមាត្រា ៥១ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលសំដៅការពារអធិបតេយ្យភាព និងប្រជាជនស៊ីវិលរបស់ខ្លួនតែប៉ុណ្ណោះ

៣. កម្ពុជាពុំដែលយកពលរដ្ឋស៊ីវិលធ្វើជាគោលដៅរបស់ខ្លួនសោះឡើយ: ចំពោះការខូចខាតរបស់ពលរដ្ឋស៊ីវិលនៅក្នុងប្រទេសទាំងពីរ គឺជាប្រការគួរឱ្យសោកស្តាយ ក៏ប៉ុន្តែការចោទប្រកាន់របស់ប្រទេសថៃ គឺបានមើលរំលងនូវការពិតដែលថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានធ្វើប្រតិបត្តិការនៅក្នុងតំបន់ប្រជាជនស៊ីវិល ដែលជាការរំលោភបំពានទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានគោរពដោយពេញលេញចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ហើយមិនដែលយកពលរដ្ឋស៊ីវិលធ្វើជាគោលដៅរបស់ខ្លួនសោះឡើយ។

៤. កម្ពុជានៅតែមានការតាំងចិត្តចំពោះសន្តិភាព: 

ទោះបីមានការបង្ករឿងដោយភាគីថៃ គឺកម្ពុជានៅតែការតាំងចិត្តដ៏ពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ហើយកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបញ្ឈប់នូវសកម្មភាពអមិត្តប្រឆាំងនឹងកម្ពុជា ដោយវិលត្រឡប់រកកិច្ចសន្ទនាប្រកបដោយស្ថាបនា ក្នុងស្មារតីសន្តិសហវិជ្ជមាន និងសាមគ្គីភាពអាស៊ាន៕

អត្ថបទទាក់ទង