អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅម៉ោងប្រមាណ ១១:០០ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃនិងគ្រឿងចក្រចូលមកក្នុងដែនអធិបតេយ្យកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅម៉ោងប្រមាណ ១១:០០ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃនិងគ្រឿងចក្រចូលមកក្នុងដែនអធិបតេយ្យកម្ពុជា
ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ២:០០រសៀល ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នៅម៉ោងប្រមាណ ១១:០០ ព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ នេះ ថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ និងគ្រឿងចក្រចូលមកតំបន់អានសេះ ដែលស្ថិតក្នុងអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួសទៀតផង។
អ្នកនាំពាក្យក្រសួងការពារជាតិបានហៅទង្វើនេះថាជាការរំលោភបំពានដល់បទឈប់បាញ់ និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរជាទីបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្ដោយព្រំដែននៃប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា «កម្ពុជាទើបតែបានរៀបចំឲ្យមានដំណើរការទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាទៅកាន់ទីកន្លែងទាំងនោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរជាទីបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្ដោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូល»៕




