អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាសង្ឃឹមថាថៃនឹងដោះលែងយោធាកម្ពុជាទាំង ១៨រូបឆាប់ៗ បន្ទាប់ពីបានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរបុគ្គលដែលទទួលមរណភាព
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាសង្ឃឹមថាថៃនឹងដោះលែងយោធាកម្ពុជាទាំង ១៨រូបឆាប់ៗ បន្ទាប់ពីបានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរបុគ្គលដែលទទួលមរណភាព
ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៤:០០ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា កម្ពុជានិងថៃបានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន និងសម្រួលដល់ការវិលត្រឡប់វិញប្រកបដោយសេចក្ដីថ្លៃថ្នូរ និងទាន់ពេលវេលានូវបុគ្គលដែលទទួលមរណភាព នៅទីតាំងដែលបានព្រមព្រៀងគ្នា ដោយគោរពទាំងស្រុងនូវគោលការណ៍មនុស្សធម៌ និងយុត្តាធិការ ដោយមិនឆ្លងព្រំដែន។
ជាមួយគ្នានេះដែរ លោកជំទាវអ្នកនាំពាក្យបានដាក់ក្ដីសង្ឃឹមថាភាគីថៃនឹងដោះលែងទាហានខ្មែរទាំង ១៨នាក់ ដែលពួកគេបានចាប់ទៅ នៅមួយថ្ងៃក្រោយបទឈប់បាញ់ចូលជាធរមាន ហើយថែមទាំងបានប្ដេជ្ញាថានឹងបន្តទាមទាររហូតភាគីថៃដោះលែងពួកគេទាំង១៨នាក់នោះ។
លោកជំទាវសុជាតា៖ «ក្នុងស្មារតីនេះ កម្ពុជាសង្ឃឹមថាថៃនឹងដោះលែងទាហានខ្មែរដែលចាប់ខ្លួនទាំង ១៨នាក់នោះមកវិញជាបន្ទាន់ ដែលនេះក៏ស្របទៅនឹងការអំពាវនាវដ៏ទទូចរបស់បណ្ដាប្រទេសដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត»៕



