អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នានារបស់ក្រសួងការបរទេសថៃក្នុងពេលផ្តល់ព័ត៌មានដល់អង្គទូតនៅបាងកក
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នានារបស់ក្រសួងការបរទេសថៃក្នុងពេលផ្តល់ព័ត៌មានដល់អង្គទូតនៅបាងកក
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងបរទេសថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្រសួងការបរទេសបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋានមកលើកម្ពុជាដែលធ្វើឡើងដោយក្រសួងការបទេសរបស់ប្រទេសថៃនៅក្នុងឱកាសដែលខ្លួនផ្តល់ព័ត៌មានជូនអង្គទូតនៅទីក្រុងបាងកកកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់បន្ថែមថា កម្ពុជាពុំមែនជាអ្នកចាប់ផ្តើមនូវទំនាស់នាពេលបច្ចុប្បន្ននេះ ផ្ទុយទៅវិញកម្ពុជាបានប្រកាន់យកជាប់ជានិច្ចនូវការអត់ធ្មត់ជាអតិប្បរិមានៅចំពោះមុខការបង្កររឿងផ្នែកយោធារបស់ភាគីថៃ។លើសពីនេះទៀត សភាពការណ៍តានតឹងនៅតាមបណ្តោយព្រំដែននាពេលនេះគឺកើតចេញអំពីការទន្ទ្រានចូលជាបន្តបន្ទាប់របស់ថៃនៅក្នុងទឹកដីរបស់កម្ពុជាដែលរំលោភបំពានលើកិច្ចព្រមព្រៀងដែលមានជាពិសេសអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ហើយនិងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបទេស ក៏បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់ភាគីថៃអំពីស្វ័យការពារគឺពុំមានមូលដ្ឋានសំអាងសោះឡើយ ព្រោះកងម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រាន់តែបានធ្វើសកម្មភាពដែលសមស្របដើម្បីការពារនូវអធិបតេយ្យភាព និងប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួនបន្ទាប់ពីមានការទន្ទ្រានចូល និងការបាញ់ផ្លោងគ្មានហេតុផលរបស់ភាគីថៃ ហើយការលើកឡើងរបស់ភាគីថៃថា កម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិតវាគឺជាការប៉ុនប៉ងបង្វែរកំហុស និងជៀសវាងការទទួលខុសត្រូវសម្រាប់ការរំលោភបំពានបទឈប់បាញ់តែប៉ុណ្ណោះ៕


