ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ៖ ប្រជាធិបតេយ្យនៅកម្ពុជាមិនដាច់ដង្ហើមឡើយ ទោះអត់អតីតបក្សសង្គ្រោះជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៨ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 51
ទស្សនៈ៖ ប្រជាធិបតេយ្យនៅកម្ពុជាមិនដាច់ដង្ហើមឡើយ ទោះអត់អតីតបក្សសង្គ្រោះជាតិ ទស្សនៈ៖ ប្រជាធិបតេយ្យនៅកម្ពុជាមិនដាច់ដង្ហើមឡើយ ទោះអត់អតីតបក្សសង្គ្រោះជាតិ

ថ្ងៃដំបូងនៃការផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅរាជធានីភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្ត្រចម្បងក្នុងការរកសំឡេងឆ្នោតពីប្រជាពលរដ្ឋនោះ គេសង្កេតឃើញមានគណបក្សនយោបាយចំនួន៥ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សឆន្ទៈខ្មែរ, និងគណបក្សខ្មែររួបរួមជាតិ បានបញ្ចេញកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់អមជាមួយសារ និងឃោសនស័ព្ទនានា ដើម្បីផ្តល់ការថ្លឹងថ្លែង និងពិចារណាដល់ម្ចាស់ឆ្នោត។

បើតាមទិន្នន័យចំនួនអ្នកចូលរួមដែលគណបក្សនីមួយៗដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការចេញយុទ្ធនាការថ្ងៃដំបូងនេះ កម្លាំងអ្នកដង្ហែសរុបជិត ១០ម៉ឺននាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជាមានកម្លាំងជាង ៦ម៉ឺននាក់ទៅហើយ ខណៈយានយន្តរាប់ម៉ឺនគ្រឿងបន្ថែមទៀត។ ក្រៅតែពីរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានា ក៏មានការបញ្ចេញកម្លាំងស្វែងរកសំឡេងឆ្នោតយ៉ាងគគ្រឹកគគ្រេងពីសំណាក់គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រួមនិងគណបក្សនយោបាយដទៃទៀត។

តាមរយៈការបញ្ចេញសន្ធឹកកម្លាំងរបស់គណបក្សនយោបាយនីមួយៗដើម្បីស្វែងរកសំឡេងឆ្នោតនាថ្ងៃនេះ គឺជាសារមួយបង្ហាញឲ្យឃើញថា ដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវបានខិតខំរកមកដោយលំបាកពីសំណាក់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន និងនាំឲ្យមានការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៩៣នោះ គឺកំពុងមានដង្ហើមយ៉ាងរស់រវើកលើដែនដីកម្ពុជរដ្ឋតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨ មិនខុសពីឆ្នាំ២០១៣នោះឡើយ ដែលវាជាសារមួយបង្ហាញយ៉ាងប្រត្យក្សដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តបោះពួយទៅមុខបើទោះបីមិនមានវត្តមានគណបក្សសង្គ្រោះជាតិក៏ដោយនោះ ហើយក៏បានបញ្ជាក់កាន់តែច្បាស់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យមិនចំណុះថាមានគណបក្សសង្គ្រោះជាតិ ឬក៏អត់នោះដែរ។

តាមរយៈយុទ្ធនាការនេះ គឺវាមានអត្ថន័យគ្រប់គ្រាន់សម្រាប់បរទេសទាំងឡាយ ដែលតាំងខ្លួនជាអ្នកស្រឡាញ់ និងគោរពប្រជាធិបតេយ្យថា ដំណើរការលទ្ធិប្រជាធិបតេយ្យកំពុងតែបន្តដង្ហើមមិនបានស្លាប់តាមគណបក្សសង្គ្រោះជាតិនោះឡើយ។ ដូច្នេះសង្ឃឹមបរទេសទាំងឡាយបន្តគោរពអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា មិនព្យាយាមបង្គាប់បញ្ជាឲ្យកម្ពុជាអនុវត្តន៍លទ្ធិប្រជាធិបតេយ្យតាមការបង្គាប់បញ្ជារបស់ពួកគេនោះឡើយ។ ប្រជាពលរដ្ឋកម្ពុជា ស្រឡាញ់ប្រជាធិបតេយ្យ ហើយក៏កំពុងតែធ្វើបានយ៉ាងល្អផងដែរ៕

អត្ថបទទាក់ទង