ខ្មែរប៉ុស្ដិ៍ Close

ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប្រកាសបញ្ជូនសមាជិកប្រមាណ២ពាន់នាក់ និងគ្រោងចំណាយថវិកាជិត២០ម៉ឺនដុល្លារ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 44
ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប្រកាសបញ្ជូនសមាជិកប្រមាណ២ពាន់នាក់ និងគ្រោងចំណាយថវិកាជិត២០ម៉ឺនដុល្លារ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប្រកាសបញ្ជូនសមាជិកប្រមាណ២ពាន់នាក់ និងគ្រោងចំណាយថវិកាជិត២០ម៉ឺនដុល្លារ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត

ភ្លាមៗបន្ទាប់ពីអង្គការដែលគេសង្ស័យថា ជាអាយ៉ងរបស់ក្រុមចលនាឧទ្ទាម CNRM ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី បានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមាន៩៦គ្រឹះស្ថាន ដោយមានទីតាំងគោល និងសាខានៅគ្រប់២៥ខេត្តក្រុង បានកាសបញ្ជូនសមាជិកប្រមាណ២០០០នាក់ ដើម្បីចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ជាមួយគ្នានេះដែរ លោក ហេង វ៉ាន់ដា ក៏បានឱ្យដឹងទៀតថា លោកគ្រោងនឹងថវិការចំណាយជិត២០ម៉ឺនដុល្លារអាមេរិក ដែលសមាជិកសមាគមចូលរួមដោយស្ម័គ្រចិត្ត ដើម្បីការងារសង្កេតការណ៍បោះឆ្នោតនាពេលខាងមុខ។

ការចេញមកប្រកាសដាក់អ្នកសង្កេតការណ៍បោះឆ្នោតដោយប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានេះ គឺមានតម្លៃស្មើនឹងការឆ្លើយតបទៅនឹងអង្គការខុមហ្វ្រែល និងអង្គការនិកហ្វិក ដែលគេអាចប្រៀបធៀបបានថា ជាអង្គការទាំងពីរនេះ គឺមានសមាជិកតិចតួចណាស់ បើធៀបនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមាន៩៦គ្រឹះស្ថាន។
ម៉្យាងវិញទៀត ការប្រកាសបញ្ជូនសមាជិកសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ របស់លោក ហេង វ៉ាន់ដា បន្ទាប់ពីអង្គការខុមហ្រែ្វល និងនិកហ្វិច ដកខ្លួនថយ ក៏ត្រូវបានអ្នកវិភាគដ៏ល្បីរបស់កម្ពុជា ចៅ ចាក់ស្មុក បានហៅការមិនចូលរួមសង្កេតការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែល និងនិកហ្វិកថា គ្រាន់តែជាការធ្វើតាមខ្សែញាក់របស់បរទេសដែលនៅពីក្រោយខ្នង ខ្មោចបក្សសង្គ្រោះជាតិ និងថាការបំពេញការងារក្នុងការសង្កេតការណ៍បោះឆ្នោត នាពេលកន្លងទៅ របស់អង្គការទាំងនេះ គឺគ្រាន់តែធ្វើដើម្បីបម្រើបក្សប្រឆាំង និងបម្រើផលប្រយោជន៍បរទេសប៉ុណ្ណោះ ក្នុងបំណងយកបញ្ហាបោះឆ្នោត ធ្វើជាចំណុចចាប់ផ្តើម នៃបដិវត្តន៍ពណ៌។

ចៅចាក់ស្មុក បានលើកឡើងថា៖ «ការសម្រេចចូលរួមឬមិនចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែល និងអង្គការនិកហ្វិកក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ខាងមុខគឺជាសិទ្ធិស្វ័យសម្រេចរបស់ អង្គការទាំងនេះ។ ប៉ុន្តែគេអាចមើលឃើញមូលហេតុយ៉ាងច្បាស់នៅពី ក្រោយការសម្រេចចិត្តមិនចូលរួមសង្កេតការណ៍នេះ គឺទី១-គ្មានវត្តមានបក្សសង្គ្រោះជាតិដែលជាបក្សដែលខ្លួនគាំទ្រ និងធ្វើអ្វីៗដើម្បីគាំទ្រលើកស្ទួយបក្សនេះឆ្ពោះទៅរកការឡើងកាន់អំណាច។ ដូច្នេះអង្គការទាំងនេះគ្មានភាពចាំបាច់អ្វីត្រូវចូល រួមសង្កេតការណ៍ឡើយ ព្រោះគ្មានគណបក្សរបស់ពួកគេនៅក្នុងការប្រកួតប្រជែង ហើយការបំភ្លៃ បំផ្លើស ការពិតក៏មិនដឹងថាបានផលប្រយោជន៍អ្វីទៀត។ ទី២-ម្ចាស់ជំនួយមួយចំនួនក៏បញ្ឈប់ផ្តល់ជំនួយសម្រាប់ ការសង្កេតការណ៍បោះឆ្នោតដល់អង្គការទាំងនេះព្រោះបក្សដែលជាកូនចឹងរបស់គេត្រូវបានគេបកអាក្រាត ថាជាបក្សក្បត់ជាតិ និងត្រូវបានរំលាយ។ គ្មានវត្តមានខ្មោចបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតផង តើ ចាំបាច់អ្វីនឹងធ្វើសង្កេតការណ៍បោះឆ្នោត»។

ចៅចាក់ស្មុក បានថ្លែងថា បើទោះបីជាគ្មានអង្គការពីរនេះ ក៏នៅមានអ្នកសង្កេតការណ៦ជាតិនិងអន្តរជាតិជាច្រើនទៀតដែរ។
ចំណែក លោក ពល ពានរិន្ទ អ្នកសិក្សាពីនយោបាយកម្ពុជា បានលើកឡើងថា អង្គការខុមហ្វ្រែល និកហ្វិកដែលជាសមាជិករបស់អង្គការអាន់ហ្វ្រែល មានមូលដ្ឋាននៅទីក្រុងបាង កក និងដឹកនាំដោយ គល់ បញ្ញា ត្រូវបានគេទម្លាយឱ្យដឹងថាបានរៀបចំផែនការបង្កើតបន្ទប់តាមដានស្ថានការណ៍បោះឆ្នោតនៅបាងកកដើម្បីគោលបំណងរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោត។
លោកបានបន្តថា ទោះបីជាពួកគេមិនចូលរួមការសង្កេតការណ៍បោះឆ្នោត ប៉ុន្តែពួកគេបន្តអនុវត្តផែនការនេះរហូតក្នុងគោលបំណង បំផ្លាញការបោះឆ្នោតខាងមុខ ស្របនឹងអ្វីដែលមេចលនាឧទ្ទាម សម រង្ស៊ី និងក្រុមជនក្បត់ជាតិមួយ ចំនួនដឹកនាំដោយកូនស្រី កឹម សុខា កំពុងធ្វើយុទ្ធនាការបំផ្លាញការបោះឆ្នោត។ ពួកគេបាននិងកំពុងដើរខុស យុទ្ធសាស្ត្រ និងដើរខុសច្បាប់ជាតិកម្ពុជាដែលអំពាវនាវប្រជាពលរដ្ឋកុំទៅបោះឆ្នោត។ ពួកគេត្រូវដឹងថា មានអ្នកទៅបោះឆ្នោតប៉ុន្មានភាគរយ ក៏ការបោះឆ្នោតនៅតែមានសុពលភាព និងមានតម្លៃជានិច្ច ហើយ ក៏មិនចាំបាច់ទាល់តែមានបរទេសណាមួយទទួលស្គាល់ឡើយ។

សូមបញ្ជាក់ថា អង្គការ Necfec និង អង្គការ Comfrel នាថ្មីៗនេះ បានប្រកាសថា ខ្លួននឹងមិនចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាចុងខែកក្កដា ខាងមុខនេះឡើយទេ។
ឆ្លើយតបនឹងការប្រកាសនេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា ទោះជាអង្គការទាំងពីរនេះមិនចូលរួម ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតខាងមុខនេះឡើយ ដោយសារតែការចូល ឬមិនចូលធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា បើតាមមាត្រា១០ ច្បាប់ជ្រើសតាំងតំណាងរាស្រ្ត អង្គការជាតិ-អន្តរជាតិអាចចូលរួម ក្នុងការសង្កេតការណ៍បោះឆ្នោតបាន ប៉ុន្តែពួកគេក៏មានសិទ្ធិមិនចូលរួមផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែនជាការចាប់បង្ខំទេ គាត់ចូល ឬមិនចូលជាសិទ្ធិរបស់គាត់ មិនប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោតទេ»។ លោកបានបន្តថា «ពេលនេះមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដទៃទៀត កំពុងតែដាក់ពាក្យ ហើយយើងក៏បានទទួលស្គាល់ ជាង២ពាន់នាក់ហើយដែរ ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ អញ្ចឹងមានន័យថា បាត់១ រកបាន១០»។
ការប្រកាសមិនចូលរួម សង្កេតការណ៍បោះឆ្នោត របស់អង្គការ Necfec និង អង្គការ Comfrel ខាងលើនេះ គឺបានធ្វើឡើងស្របពេលនឹងការអំពាវនាវរបស់ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុងពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ អំពាវនាវកុំឱ្យប្រជាពលរដ្ឋកម្ពុជា ទៅបោះឆ្នោត និងជំរុញឱ្យអន្តរជាតិ កុំចូលរួមឬទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតកម្ពុជា នាខែកក្កដាខាងមុខនេះ ដរាបណាអតីតគណបក្សសង្រ្គោះជាតិ មិនបានចូលរួមប្រកួតប្រជែង៕

អត្ថបទទាក់ទង