ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី!

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 59

នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថា ន ទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិ តចិន ដែលមានទំហំទឹកប្រាក់ចំនួន ៥៣,២លានយ័ន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថាន ទូតសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ជំនួយ ទាំងបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជា ព្រមទាំងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តជួយកម្ពុជាលើគ្រប់វិស័យនៅពេលអនាគតបន្ថែមទៀត ស្របតាម សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រយ៉ាងយូរណាស់មកហើយ ដោយត្រូវបានបុកគ្រឹះនិងកសាងឡើងដោយ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន និងរីកចម្រើនស្គុះស្គាយដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខកំពុងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកស្គុះស្គាយបន្ថែមទៀតឥតឈប់ឈរ ជាពិសេសផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤នេះ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន”។

ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ក្នុងក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ , គម្រោងវិនិយោគសំខាន់ៗជាច្រើន បានលេចរូបរាងឡើង,  ក្នុងនោះ រួមមាន (១)-ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២)-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣)-អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ខណៈដែល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹងលេចរូបរាងនាពេលខាងមុខ ដែលនឹងចូលរួមបង្កើនការភ្ជាប់បណ្តាញគមនាគមន៍ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារនិងប្រាក់ចំណូលជូនប្រជាជន។ ។ ទន្ទឹមនេះ, សាធារណរដ្ឋប្រជាមានិតចិនក៏បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀត សម្រាប់វិស័យ សង្គម-វប្បធម៌ ជាច្រើន ក្រោមជំនួយអភិវឌ្ឍន៍ រួមមាន ពហុកីឡាដ្ឋានជាតិមរតកតេជោ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ, អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងជំនួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តម វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃភាគីទាំងពីរ កម្ពុជា-ចិន, ជាពិសេសលោកស្រី ZHONG Jie, ដែលបានខិតខំរហូតសម្រេចបានកិច្ចព្រមព្រៀងថ្ងៃនេះ។

អត្ថបទទាក់ទង