ខ្មែរប៉ុស្ដិ៍ Close

ក្រមាវែងជាងគេនៅលើលោកជាឯតទគ្គកម្មថ្មីមួយទៀតរបស់ខ្មែរ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 2273
ក្រមាវែងជាងគេនៅលើលោកជាឯតទគ្គកម្មថ្មីមួយទៀតរបស់ខ្មែរក្រមាវែងជាងគេនៅលើលោកជាឯតទគ្គកម្មថ្មីមួយទៀតរបស់ខ្មែរ

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ កម្ពុជាបានបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក ។ ក្រមាខ្មែរដែលមានប្រវែងរហូតដល់ទៅជាង ១០០០ម៉ែត្រ (១,១៤៩.៨ ម​ ) ត្រូវបានពន្លា ដោយមានការវាស់វែងពីគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ បន្ទាប់​ពី​ការ​វាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការឯកទគ្គកម្មពិភពលោក បានសម្រេចថា ក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេបំផុត។

កម្មវិធីបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោកនេះ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោម​ប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» ដោយបានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង ចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មក រហូត​ដល់​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ចំពោះការត្បាញក្រមាប្រវែងជាង ១០០០ម៉ែត្រនេះ ត្រូវបានអនុញ្ញាតឲ្យសាធារណៈជនទូទៅចូលរួមត្បាញផងដែរ ដោយ​កម្មវិធី​ទទួល​បាន​ភ្ញៀវ​ចំនួនសរុប ៣៣៨,០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន ២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន ១៩,៧៧១នាក់ ក្នុង​នោះ​សមាសភាព​ចូលរួមមានតាំងពី ព្រះមហាក្សត្រ, សម្ដេចម៉ែ, លោកនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី និងមន្រ្តីរាជការតាមបណ្តាក្រសួងនានា, បុគ្គលិកតាមស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈករ និងកីឡាករល្បីៗ ផងដែរ។ ក្រៅពីមានការចូលរួមត្បាញកម្រានេះពីសំណាក់ភ្ញៀវជាតិ កម្មវិធីក៏ទទួលបានភ្ញៀងអន្តរជាតិចូលរួមចំនួនប្រមាណ ១,១៣១​នាក់ ផងដែរ ដែលបានអញ្ជើញមកពី ៥៧ប្រទេសជុំវិញពិភពលោក ដោយប្រទេសចូលរួមត្បាញបានច្រើនជាងគេ​គឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន។

សូមបញ្ជាក់ដែរថា ប្រសិនបើយើងយកសរសៃរអំបោះនីមួយៗនៃក្រមានេះមកបន្តគ្នាតែមួយសរសៃរនោះ យើងនឹងទទួលបានសរសៃរអំបោះមួយដែលមានប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ ឯណោះ។