ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ បាតុកម្មនៅក្រៅប្រទេសរៀបចំឡើងដើម្បីបំផ្លាញខ្មែរ មិនមែនដើម្បីជួយខ្មែរនោះទេ

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 374
លិខិតមិត្តអ្នកអាន៖ បាតុកម្មនៅក្រៅប្រទេសរៀបចំឡើងដើម្បីបំផ្លាញខ្មែរ មិនមែនដើម្បីជួយខ្មែរនោះទេ លិខិតមិត្តអ្នកអាន៖ បាតុកម្មនៅក្រៅប្រទេសរៀបចំឡើងដើម្បីបំផ្លាញខ្មែរ មិនមែនដើម្បីជួយខ្មែរនោះទេ

 

ថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានប្រកាសរៀបចំគម្រោងធ្វើបាតុកម្មជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសមួយចំនួន ក្រោមលេសពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CLV-DTA បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ទៅហើយ ក៏ពួកគេនៅតែយករឿង CLV-DTA មកបោកប្រាស់ អ្នកចូលរួមឱ្យធ្វើបាតុកម្មប្រឆាំងទាំងងងើល មិនដឹងខ្យល់អីដដែល។ ជុំវិញកិច្ចសហប្រតិបត្តិការ CLV-DTA គឺមានការបកស្រាយច្បាស់លាស់ហើយពីប្រមុខរាជរដ្ឋាភិបាល និងអ្នកជំនាញ ព្រមទាំងមានការផ្ញើរលិខិតផ្លូវការសុំបញ្ចប់ពីភាគីកម្ពុជា និងមានការជួបរវាងមេដឹកនាំប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម កាលពីពេលកន្លងទៅថ្មីៗនៅជុំវិញការបិទបញ្ចប់កិច្ចសហប្រតិបត្តិការរួមគ្នានេះហើយក៏ដោយ ក៏ពួកជ្រុលនិយមទាំងនោះ នៅតែធ្វើមិនយល់ និងធ្វើជាភ្លើមិនព្រមស្តាប់។ 

តើអ្វីជាមូលហេតុនៃការធ្វើបាតុកម្មរបស់ពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស?

ទី១- ក្រុមប្រឆាំងមានចេតនាបំផ្លាញមុខមាត់ប្រទេសកម្ពុជានៅក្រៅប្រទេស៖

បាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ធ្វើឡើងដើម្បីតែអុចអាល បោកប្រាស់ បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យមានការស្អប់ខ្ពើមភាន់ច្រឡំមកលើការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ គឺអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខសាន្ត ក្រោមម្លប់សុខសន្តិភាព និងការរីកចម្រើន ជាបន្តបន្ទាប់ ចំណែកឯក្រុមប្រឆាំងជ្រុលនិយមវិញ ពួកគេបានតែបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាប៉ុណ្ណោះ។ ជាក់ស្តែងពួកគេធ្វើនយោបាយយូរឆ្នាំមកហើយ មិនដែលឃើញជួយប្រទេសកម្ពុជា ឬប្រជាជនកម្ពុជា ក្នុងរូបភាពតិចតួចណាមួយឡើយ។ ពួកប្រឆាំងជ្រុលនិយម មិនដែលបានកសាងសូម្បីបង្គន់១នៅកម្ពុជាឡើយ កុំថាឡើយដល់ផ្លូវ ស្ពាន សាលារៀន ឬមន្ទើរពេទ្យ ហើយការរៀបចំបាតុកម្មនៅតាមបណ្តាប្រទេសនានានោះទៀតសោត គឺដើម្បីយកវេទិកានោះ និយាយបំផ្លើសការពិតពីប្រទេសកម្ពុជា ដែលវាគ្មានអ្វីជាការផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងអ្នកចូលរួមនោះទេ។ 

ទី២- ដើម្បីបន្តអាជីវកម្មនយោបាយបោកលុយអ្នកចូលរួម៖

ការធ្វើបាតុកម្មនៅតាមបណ្តាប្រទេសនានា ដែលក្រុមប្រឆាំងរៀបចំ ត្រូវបានមើលឃើញយ៉ាងច្បាស់ថា ពួកគេកំពុងត្រូវការលុយពីអ្នកចូលរួមបាតុកម្ម ព្រោះបើមិនមានព្រឹត្តិការណ៍ទេ ពួកគេគ្មានឱកាសរកលុយចូលហោប៉ៅងាយៗឡើយ។ បាតុកម្ម គឺជាឧបករណ៍មួយ ក្នុងការចិញ្ចឹមឆ្នាំងបាយ និងកៀរគរថវិកាពីអ្នកចូលរួម ដែលនេះជារបៀបវារៈនយោបាយដដែលៗ ពោលគឺត្រីធំស៊ីត្រីតូច។ កន្លងមកពួកគេធ្លាប់បានរៃអង្គាសប្រាក់មិនតិចទេពីអ្នកចូលរួម ដើម្បីយកទៅចែកគ្នាចាយ និងហ៊ឺរហារ ផ្ទាល់ខ្លួន ដូចជាករណីមូលនិធិទូរទស្សន៍ព្រះអាទិត្យ មូលនិធិនាឡិកាទណ្ឌិតមេក្លោង និងមូលនិធិជាច្រើនទៀត ដែលពួកគេធ្លាប់បានអះអាងថា ប្រមូលលុយដើម្បីយកមកជួយប្រជាពលរដ្ឋខ្មែរក្នុងស្រុក តែជាក់ស្តែងគឺបាត់ស្រមោល ពេលបានលុយច្រើន គឺចប់។ ចំណែកអ្នកចូលរួម ដែលខំធ្វើការហត់នឿយមិនហ៊ានសម្រាក សន្សំសំចៃ ត្រូវយកលុយទៅឱ្យគេបោកស្រួលៗទៅវិញ។ 

ទី៣- ចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៖

បាតុកម្មនៅក្រៅប្រទេស ដឹកនាំដោយមេក្លោងជាជនក្បត់ជាតិ និងជាទណ្ឌិតរត់ចោលស្រុក គឺដើម្បីបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយពួកគេយល់ថា នឹងកៀរគរបានកម្លាំងអ្នកចូលរួម ដើម្បីបង្កើតជាចលនា បះបោរណាមួយក្នុងពេលខាងមុខ។ នេះជាចេតនាចង់បំផ្លាញកម្ពុជា ពោលគឺពួកប្រឆាំងជ្រុលនិយម ធ្វើនយោបាយចងគំនុំ និងមិនដែលធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍ជាតិឡើយ ក្រៅតែពីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។ កន្លងមក ទណ្ឌិតក្បត់ជាតិ និងបក្ខពួក តែងតែធ្វើការអំពាវនាវដោយបង្កប់ចរិតពិសពុល បំបែកបំបាក់សាមគ្គីជាតិខ្មែរ ចង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុក ដើរតាមពួកគេ ដោយងើបបះបោរ និងចង់ដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ព្រោះតែពួកគេបោះឆ្នោតមិនដែលឈ្នះ។  សកម្មភាពទាំងអស់នេះ គឺជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការគាំទ្រដោយសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរជាច្រើនលើសលុប ដែលយើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ជារួម ការប្រកាសធ្វើបាតុកម្មនៅក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយមក្រោមលេសកិច្ចសហប្រតិបត្តិការ CLV-DTA គឺគ្រាន់តែជាចេតនាទុច្ចរិតក្នុងការចិញ្ចឹមបញ្ហារបស់ពួកគេ ដើម្បីផលប្រយោជន៍ខ្លួន និងជារបៀបវារៈនយោបាយដ៏ទុច្ចរិត ដែលមិនផ្តល់ផលប្រយោជន៍សូម្បីបន្តិចសោះឡើយសម្រាប់ជាតិខ្មែរ។ ពួកគេមានបំណងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរដែលកំពុងតែរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។ ដូចនេះ ក្នុងនាមជាពលរដ្ឋខ្មែរនៅក្នុងស្រុក យើងពិតជាថ្កោលលទោសចំពោះការបាតុកម្មក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញផលប្រយោជន៍ជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់៕

ដោយ៖ មាន មេត្តា