ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈនយោបាយ៖ សន្តិភាពនិងការជឿជាក់លើប្រមុខដឹកនាំប្រទេសជាតិ គឺជាកត្តាដែលមិនអាចខ្វះបាន

ដោយ៖ Sreyleak ​​ | ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 117
ទស្សនៈនយោបាយ៖ សន្តិភាពនិងការជឿជាក់លើប្រមុខដឹកនាំប្រទេសជាតិ គឺជាកត្តាដែលមិនអាចខ្វះបាន ទស្សនៈនយោបាយ៖ សន្តិភាពនិងការជឿជាក់លើប្រមុខដឹកនាំប្រទេសជាតិ គឺជាកត្តាដែលមិនអាចខ្វះបាន

សន្តិភាព! សន្តិភាព គឺជាពាក្យដែលបង្កប់ទៅដោយអត្ថន័យដ៏សែនជ្រាលជ្រៅនិងពីរោះដែលគួរឲ្យចង់ឮ ចង់ស្ដាប់ និងចងចាំនៅក្នុងស្រទាប់មហាជនគ្រប់ស្រទាប់វណ្ណៈនៅទូទាំងពិភពលោក ជាពិសេសគឺសម្រាប់ប្រជាពលរដ្ឋ ដែលប្រទេសរបស់ខ្លួនកំពុងញាំញីទៅដោយភ្លើងសង្គ្រាម គឺកំពុងដង្ហោយហៅរកសន្តិភាពជារៀងរាល់ថ្ងៃ។ សន្តិភាពមិនមែនអ្នកណាម្នាក់ ឬប្រទេសណាមួយចង់បាន គឺបាននោះទេ ទាល់តែយើងរួមគ្នា ពួតដៃគ្នាជាធ្លុងមួយ កសាងទើបអាចទទួលបាននូវសន្តិភាពនេះ។ សន្តិភាពគឺជាកត្តាសំខាន់ណាស់និងមិនអាចខ្វះបាននៅក្នុងប្រទេសនីមួយៗ។ នៅពេលមានសន្តិភាពពេញលេញហើយទើបយើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិនេះតែម្តង។

នៅលើលោកនេះ ពាក្យសន្តិភាពងាយសរសេរងាយយល់តែពិបាករក យើងត្រូវដឹងថា ការស្វែងរកសន្តិភាពសម្រាប់ប្រទេសនីមួយៗពិបាកណាស់ ពោលតួយ៉ាងដូចជាប្រទេសកម្ពុជាយើង ទំរាំទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃ យើងត្រូវលះបង់អាយុជីវិតមនុស្ស យ៉ាងច្រើនឥតគណនា ហើយបើកុំតែមាននយោបាយឈ្នះ-ឈ្នះដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងបានដាក់ចេញដោយជោគជ័យនោះ ម្លេះសមមកដល់ថ្ងៃនេះកម្ពុជាមិនដឹងជាត្រូវរងទុក្ខលំបាកដល់ពេលណានោះទេ។ ជាមួយគ្នានេះ ឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិក៏ប្រាកដជាគ្មានដែរ បើសិនគ្មាននយោបាយឈ្នះ-ឈ្នះ គឺគ្មានការបង្រួបបង្រួមជាតិ និងឯកភាពគ្នាជាធ្លុងមួយនោះឡើយ។

បងប្អូនខ្លះបានរស់រានមានជីវិត មានជីវភាពធូរធារនិងមានចំណេះដឹងបានខ្ពង់ខ្ពស់គឺដោយសារតែយើងមានវាសនាបានរួមរស់នៅក្នុងប្រទេសមួយ ដែលពោរពេញទៅដោយសន្ដិភាព និងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ។ ទោះបីជារាជរដ្ឋាភិបាលខិតខំការពារសុខសន្តិភាពដែលរកបានដោយលំបាក និងប្រឹងប្រែងអភិវឌ្ឍន៍លើកគ្រប់វិស័យក្តី ក៏មានបងប្អូនខ្លះ ក៏ដូចជាយុវជនមួយចំនួនមិនបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយអំពីការរក្សាសន្តិភាពដែលពួកគេកំពុងតែមាននេះឲ្យស្ថិតស្ថេរនោះទេ ដោយពួកគេបានជឿទៅតាមជនអគតិ ញុះញង់ បំផុសបំផុល ដែលដឹកនាំដោយក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានអតីតមេបក្សប្រឆាំងដែលជាកូនជនក្បត់ជាតិបីជំនាន់នៅពីក្រោយ ដោយអូសទាញឲ្យក្រោកឈរឡើង ចូលរួមធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យទៅវិញ។ រូបភាពនៃការធ្វើបាតុកម្មផ្តួលរំលំនេះ បើមើលពីខាងក្រៅ គឺពួកគេលើកយកបញ្ហានៃការដាក់ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម DTA មកធ្វើជាប្រធានបទ តែធាតុពិតពួកគេបានបង្កប់នូវអត្ថន័យដ៏ពិសពុលមួយ គឺការចង់ធ្វើការផ្តួលរំលំរដ្ឋាភិបាល និងចង់បង្កឲ្យមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ។

ការដែលពួកគេជំរុញឲ្យចេញមកធ្វើបាតុកម្មដូច្នេះ គឺពួកគេចង់ជំរុញឲ្យក្រុមបាតុករប៉ះទង្គិចជាមួយសមត្ថកិច្ច ដើម្បីយកឈាមខ្មែរមកក្រាលដើម្បីដើរឈានទៅសម្រេចមហិច្ឆតាដ៌ខ្មៅងងឹតរបស់ពួកគេក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ តាមរយៈការបង្កើតឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជានេះ គឺដោយពួកគេយកលំនាំតាមការធ្វើបាតុកម្មនៅបង់ក្លាដេស និងតាមរយៈការធ្វើបដិវត្តព៌ណនៅបណ្តាប្រទេសនៅបស្ចឹមបូព៌ាយ៉ាងពិតប្រាកដ។ ប្រទេសជាច្រើនដែលបានឆ្លងកាត់ការផ្តួលរំលំរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តន៏ព៌ណនេះ មានតែការបង្ហូរឈាមនិងបំផ្លិចបំផ្លាញប្រទេសជាតិតែប៉ុណ្ណោះ មិនមានប្រទេសណាមានអនាគត ទទួលបាននូវសុខសន្តិភាព ភាពរុងរឿង និងសេចក្តីសុខសាន្តរបស់ប្រជាជនឡើយ។
ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខទៀត សូមបងប្អូនដែលចង់ចូលរួមធ្វើបាតុកម្មប្រឆាំង ឬផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ភ្ញាក់រលឹកឡើងវិញ និងសូមជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោកទាំងពីរគឺមានឈាមជ័រជាខ្មែរយ៉ាងពិតប្រាកដ គឺលោកមិនមានគំនិតណាមួយក្នុងការកាត់ទឹកដី ឬលក់អធិបតេយ្យភាពជាតិរបស់ខ្លួន ឲ្យទៅប្រទេសណាមួយនោះទេ មិនដូចជាអតីតមេបក្សប្រឆាំងដែលតែងតែបង្កការញុះញង់ បង្កចលាចលក្នុងសង្គម មិនតែប៉ុណ្ណោះថែមទាំងចង់កាត់ទឹកដីនៅតាមព្រំដែនភាគឦសាន ឲ្យទៅជនជាតិភាគតិចវៀតណាមដេហ្គាទៀតផង។ តើនេះឬដែលជាអ្នកស្នេហាជាតិដែលបងប្អូនខ្លះកំពុងតែលើកតម្កើងថាជាអ្នកស្នេហាជាតិឬជាវីរៈបុរសនោះ? មានតែរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលជាអ្នកស្រោចស្រង់ប្រទេសជាតិចេញពីរបបប៉ុលពត និងនាំមកនូវសុខសន្តិភាពជូនប្រជាជន។

ការជឿជាក់លើរាជរដ្ឋាភិបាលគឺជារឿងចំបាច់ និងជាការផ្តល់កម្លាំងចិត្តដ៏ធំធេងណាស់ក្នុងការកសាងប្រទេសជាតិ។ សូមរួបរួមគ្នាជាធ្លុងមួយឲ្យបានរឹងមាំ ដើម្បីរួមចំណែកកសាងប្រទេសជាតិរបស់យើង និងសូមកុំចូលរួមការធ្វើបដិវត្តពណ៌ ដែលនឹងត្រូវប្រឈមមុខផ្លូវច្បាប់។ បងប្អូនត្រូវចងចាំថា មានសុខសន្តិភាពទើបមានការអភិវឌ្ឍន៍ ការរក្សាសន្តិភាពបានលុះត្រាតែខ្មែររួបរួមគ្នា ព្រោះបើខ្មែរបែកបាក់សង្គមជាតិទាំងមូលនឹងបែកបាក់ ហើយការរុញឱ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពចលាចល វឹកវរគឺជាចេតនាដ៏ខ្មៅកង្វក់បំផុត ដែលមិនអាចលើកលែងឱ្យបានជាដាច់ខាត ៕

ដោយ៖ ជា ឧត្តម