ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈនយោបាយ៖ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមត្រូវតែការពារជាដាច់ខាត

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 116
ទស្សនៈនយោបាយ៖ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមត្រូវតែការពារជាដាច់ខាត ទស្សនៈនយោបាយ៖ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមត្រូវតែការពារជាដាច់ខាត

ការរៀបចំផែនការដ៏ខ្មៅកង្វក់ ចង់ធ្វើកុបកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវសមត្ថកិច្ចបំបែកបានមុន ពោលគឺគម្រោងរបស់ក្រុមជនអគតិដែលចង់រុញឱ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពចលាចល ត្រូវរងបរាជ័យ។ ការកៀរគរមនុស្សឱ្យចូលរួមធ្វើកុបកម្មនៅថ្ងៃទី១៨ សីហា កន្លងទៅ គឺជាចេតនាដ៏អាក្រក់របស់ក្រុមប្រឆាំងមួយតំបរស្វានៅក្រៅស្រុក ដោយយកលេសថា ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពី «កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA» មកបិតបាំងការពិត។ ក្រៅពីបកស្រាយ ពន្យល់ លើប្រធានបទដែលពួកប្រឆាំងបានចោទប្រកាន់ ប្រមុខរាជរដ្ឋាភិបាលគឺពិតជាមានការសោកស្តាយ ដែលមានយុវជនមួយចំនួនតូច ជឿលង់នឹងការអូសទាញរបស់ក្រុម ជ្រុលនិយម ហើយបានចូលរួមធ្វើសកម្មភាព ដែលនាំទៅរកភាពចលាចលនៃសង្គមជាតិ។ ក្នុងនាមអ្នកដឹកនាំនិងគ្រប់គ្រងប្រទេសជាតិ រាជរដ្ឋាភិបាលមានភាពចាំបាច់ត្រូវតែចាត់វិធានការផ្លូវច្បាប់ ទប់ស្កាត់ជាមុន មិនអាចបណ្តោយឱ្យស្ថានការណ៍ទុំជោរ បង្កើតជាអំពើហិង្សា នាំអន្តរាយដល់សន្តិសុខជាតិនោះទេ។ ភ័ស្តុតាងដែលរកឃើញជាប់ខ្លួនក្រុមកុបករ គឺច្បាស់ៗណាស់ ពួកគេមិនមែនប្រឆាំងហ្នឹង CLV-DTA ទេ! តែពួកគេដើរតាមចលនាជ្រុលនិយម ដែលរុញពីក្រៅប្រទេស ចង់បង្កវិទ្ធង្សនាដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតែម្តង។
នៅក្នុងរយៈពេលចុងក្រោយនេះ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ពិតជាបានបំពេញការងារយ៉ាងល្អ ក្នុងការចាត់វិធានការ តាមរក ទប់ស្កាត់ និងឃាត់ខ្លួន ដើម្បីបំបែកផែនការរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលក្នុងនោះភ័ស្តុតាងមានជាប់ខ្លួនក្រុមកុបករហិង្សា មានដូចជា៖ កន្ត្រៃ កាំបិតស្នៀត ស្នាប់ដៃ ជំពាមកៅស៊ូ (គ្រាប់ដែក) ដបសាំង និងឧបករណ៍ដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀត។ ក្រុមកុបករទទួលការបញ្ជាពីមេក្លោង ឱ្យដាក់អាវុធទាំងនោះជាប់នឹងខ្លួន បម្រុងនឹងវាយប្រហារលើសមត្ថកិច្ច ក្នុងពេលវេលាសមស្របណាមួយដែលពួកគេអាចធ្វើទៅបាន។ ប៉ុន្តែជាសំណាងល្អណាស់ ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងម៉ត់ចត់របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍ គឺមានភាពប៉ិនប្រសព្វ។ ជាលទ្ធផលគឺរាជរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ ធ្វើឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរទូទាំង អ្នកវិនិយោគិន ភ្ញៀវទេសចរណ៍ និងជនបរទេសទាំងអស់ដែលកំពុងរស់នៅ និងបម្រើការងារនៅក្នុងប្រទេសកម្ពុជា គឺធានាបាននូវសុខសុវត្ថិភាពពេញលេញ និងរក្សាបាននូវសណ្តាប់ធ្នាប់រៀបរយ នៅទូទាំងប្រទេស។ នេះគឺជាចំណុចខ្លាំង និងជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលគិតមកដល់ម៉ោងនេះ គេអាចនិយាយដោយមោទនភាពថា អ្នកចង់បង្កព្យុះ បង្កភ្លៀង ពីក្រៅស្រុកចូលក្នុងស្រុក គឺមិនអាចបំបែកកម្លាំងការពារដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានឡើយ។ អ្វីដែលពួកគេកំពុងទទួលពេលនេះ គឺភាពបរាជ័យច្រំដែលក្នុងបទពិសោធន៍ធ្វើនយោបាយប្រឆាំង បំផ្លាញជាតិ តាមបែបចាស់គម្រិលរបស់ពួកគេ។ គេនៅចាំបានថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ក្រាបភាពចលាចលវឹកវរ ដែលបានដឹកនាំដោយមេចលនាជ្រុលនិយមក្បត់ជាតិ ជាបន្តបន្ទាប់។ នៅពេលនេះគឺដូចគ្នា ការចាត់វិធានការច្បាប់ចំពោះពួកជ្រុលនិយម មិនមែនជាការគម្រាមកំហែងទេ តែជាភាពចាំបាច់បំផុត ដែលត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។ សុខសន្តិភាពមានតម្លៃមហាសាលសម្រាប់ពលរដ្ឋខ្មែរជាង ១៧លាននាក់ មិនអាចឱ្យក្រុមមួយក្តាប់តូច មកបំផ្លាញស្រេចតែនឹងចិត្តបានឡើយ។ ការបំផ្លាញផែនការផ្តួលរំលំ និងចង់ដុតកម្ទេចប្រទេសជាតិ គឺជាបេសកកម្មដែលចម្បងនិងចាំបាច់បំផុតដែលត្រូវតែធ្វើជាប់ជាប្រចាំ។

គួររំលឹកថា តួអង្គដែលរុញចលនាជ្រុលនិយមនៅពីក្រោយ គឺជាថៅកែកុបកម្មមុខដដែលៗ ដែលពលរដ្ឋខ្មែរភាគច្រើន ស្គាល់ថាជាជនក្បត់ជាតិតត្រកូល និងបក្ខពួកមួយក្រុមតូចរបស់ពួកគេ។ អ្វីដែលប្លែកជាងមុននោះគឺ ពួកក្រុមជនក្បត់ជាតិ បានបង្កើតតួអង្គថ្មីៗបន្ថែមទៀត ដែលភាគច្រើនជាយុវជនឈាមរាវ កំពុងរស់នៅក្រៅស្រុក មិនទាំងស្គាល់ស្អីទៅហៅថាប្រវត្តិសាស្ត្រពិត ស្អីទៅហៅថាផលប្រយោជន៍ជាតិពិត ហើយស្អីទៅដែលជាសកម្មភាពអ្នកស្នេហាពិតប្រាកដត្រូវធ្វើ? ពួកគេក្តុងក្តាំងពីក្រៅស្រុក ដើម្បីរុញយុវជនក្មេងៗឱ្យចូលរួមលេងក្នុងសមរភូមិដ៏គ្រោះថ្នាក់ដែលពួកគេបានបង្កើតឡើង។ គោលដៅបំផ្លាញកម្ពុជា បើជោគជ័យគឺគេសម្រេចមហិច្ចតាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែបើបរាជ័យ គឺគេរួចខ្លួន ដោយទម្លាក់កំហុសថារាជរដ្ឋាភិបាលធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ដែលចង់បញ្ចេញមតិជាដើម។ល។ នយោបាយដ៏អាក្រក់របស់ពួកក្បត់ជាតិនៅក្រៅស្រុក តែងតែងប្រព្រឹត្តហើយចោទប្រកាន់ និងមួលបង្កាច់លើរាជរដ្ឋាភិបាល ប៉ុន្តែទោះបីពួកគេប៉ុនប៉ងធ្វើក្នុងរូបភាពណាក៏ដោយ ការការពារសុខសន្តិភាព គឺជាមុខការស្នូលដែលមិនអាចបន្ធូរដៃឱ្យក្រុមជ្រុលនិយមបានឡើយ។ ពួកជ្រុលនិយម ស្នេហាជាតិតែលើបបូរមាត់ នឹងត្រូវជួបវិធានការផ្លូវច្បាប់មិនអាចអត់ឱនបាននោះទេ ហើយជំហរការពារជាតិត្រូវតែរឹងមាំ និងដាច់ខាតជានិច្ច។ ពោលគឺដើម្បីជោគវាសនាខ្មែរមួយនគរ មិនអាចប្តូរដោយសេរីភាពផ្លូវអារម្មណ៍ របស់ក្រុមបំផ្លាញជាតិនោះឡើយ។ សុខសន្តិភាពគឺជាស្នូលនៃការអភិវឌ្ឍន៍ ប្រទេសជាតិរីកចម្រើនមកដល់ថ្ងៃនេះ គ្មានចំណែកសូម្បីតែប៉ុនសរសៃសក់ របស់ពួកក្បត់ជាតិរត់ចោលស្រុកឡើយ៕

ដោយ៖ ចៅចំរើន

 

 

អត្ថបទទាក់ទង