ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ធ្វើជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 98
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ធ្វើជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ធ្វើជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនិងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមធ្វើជាអធិបតីភាពក្នុងពិធីសិក្ខសាលាផ្សព្វ​ផ្សាយ​អនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ដែលត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ សិក្ខាសាលានេះដែរមានការចូលរួមដោយ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ដ្រី និងតំណាងក្រសួងស្ថាប័ន ទីប្រឹក្សា សមាជិកសមាជិកា នៃក្រុមប្រឹក្សាអ្នកច្បាប់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង​ វប្បធម៌ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី រួមទាំងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបចំនួនប្រមាណ៤៧០នាក់ ។

ក្នុងសិក្ខាសាលាខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សី វិស្សុត បានមានប្រសាសន៍ថា គោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលមានកម្រាស់ជិត២០០ទំព័រ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អនុលោមភាព សង្គតិភាព គុណភាព ប្រសិទ្ធភាព និងធានាឱ្យមានការឯកភាពក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងសេចក្តីត្រូវការនានារបស់សង្គមជាតិ ដើម្បីជៀសវាងភាពមិនស៊ីសង្វាក់គ្នា ឬជាន់សមត្ថកិច្ចគ្នា ឬផលវិបាកមិនល្អទៅដល់បុគ្គល ធុរកិច្ច និងសង្គម។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានជំនឿយ៉ាងមុតមាំថា គោលការណែនាំនេះ នឹងក្លាយជាឧបករណ៍តម្រង់ទិស ដើម្បីធានាឱ្យមានការឯកភាព និងសង្គតិភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ដែលត្រូវរៀបចំឡើងដោយក្រសួង ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងវិស័យនៃការទទួលខុសត្រូវរបស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា គោលការណ៍ណែនាំនេះគឺជាផ្នែកសំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់ ហើយក៏ជាការចាប់ផ្ដើមដ៏សំខាន់មួយ នៅក្នុងដំណើរដ៏វែងឆ្ងាយនៃការកែទម្រង់ច្បាប់នៅកម្ពុជា។ គោលការណ៍ណែនាំនេះដែរ ត្រូវបានរៀបចំឡើងដោយផ្អែកលើទស្សនវិជ្ជានីតិរដ្ឋ សំដៅកកម្ពស់ការពង្រឹងនីតិរដ្ឋបន្ថែមទៀត ដោយផ្សារភ្ជាប់ជាមួយនឹងគុណតម្លៃផ្នែកសីលធម៌និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់ សម្រាប់ជាប្រយោជន៍ដល់ការការពារផលប្រយោជន៍សាធារណៈ និងយុត្តិធម៌សង្គម ព្រមទាំងធានាបាននូវសិទ្ធិ សេរីភាព ការពារបាននូវតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមភាព និងយុត្តិធម៌នៅចំពោះមុខច្បាប់ និងធ្វើឱ្យការគ្រប់គ្រង សេដ្ឋកិច្ច សង្គមកិច្ច ប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាព។

ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា គោលការណ៍ណែនាំនេះ ក៏ជាធាតុចូលសំខាន់ក្នុងយន្តការកសាងប្រព័ន្ធច្បាប់របស់យើង ហើយក្នុងនោះការកសាងប្រព័ន្ធច្បាប់នេះ ក៏ត្រូវមានទស្សនវិស័យវែងឆ្ងាយ មានការកំណត់គោលការណ៍ច្បាស់លាស់ ដោយមានគិតគូរឱ្យទៅជានិម្មាបនកម្ម និងផែនទីចង្អុលផ្លូវ និងមានការគិតគូរគ្រប់ជ្រុងជ្រោយទាំងផ្នែកទស្សនវិជ្ជានីតិរដ្ឋ គួបផ្សំនឹងសីលធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរចាប់តាំងពីដំណាក់កាលដំបូងដល់ដំណាក់កាលបញ្ចប់។ លើសពីនេះការគិតគូររៀបចំច្បាប់នីមួយៗ ត្រូវមានការគិតគូរជាប្រព័ន្ធទាំងក្នុងទិដ្ឋភាពនៃការតាក់តែង ការប្រឹក្សាពិនិត្យ ការអនុម័ត ការអនុវត្ត ការតាមដានការអនុវត្ត និងការវាយតម្លៃ ក៏ដូចជាតម្រូវការក្នុងការធ្វើវិសោធនកម្ម ឬ ការរៀបចំថ្មីតែម្តង និងជាពិសេសគិតគូរអំពីភាពសមស្របនៃវិធានការច្បាប់ និងផលប៉ះពាល់លើសង្គម សេដ្ឋកិច្ច ធុរកិច្ច និង បុគ្គល។

ដើម្បីចូលរួមចំណែកជួយពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ ឆ្លើយតបនឹងវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម និងតម្រូវការជាអាទិភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត វង្សី បានផ្តល់ការណែនាំ និងអនុសាសន៍គន្លឹះដូចខាងក្រោម៖

ទី១- គ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលត្រូវអនុវត្ដតាមគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ដែលបានដាក់ឱ្យអនុវត្ដកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីឱ្យការរៀបចំ និងការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀតមានឯកភាពនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាដើម្បីធ្វើសុខុដុមនីយកម្មប្រព័ន្ធរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ដើម្បីធានាបាននូវឯកភាពផ្នែករដ្ឋបាល ដែលជាកត្តាមួយយ៉ាងសំខាន់នៃឯកភាពជាតិ។ ទី២-ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ត្រូវរៀបចំសិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលអំពី គោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ដល់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។ ទី៣- ក្នុងករណីក្រសួង ស្ថាប័នមានចម្ងល់លើផ្នែកទម្រង់និងការរៀបចំខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត សូមស្នើសុំកិច្ចសហការពីក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីបកស្រាយ ឬក៏ផ្តល់ការបំភ្លឺ ទៅតាមជាក់ស្តែង។ ទី៤– គ្រប់ក្រសួងស្ថាប័ន ត្រូវរៀបចំផែនការកសាងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលត្រូវឆ្លើយតបនឹងវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម និងតាមតម្រូវការជាអាទិភាពនៃបេសកកម្ម តួនាទី និងភារកិច្ចរបស់ខ្លួន។ ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់និងសេចក្តីព្រាងព្រះរាជក្រឹត្យដែលមានលក្ខណៈជាបទបញ្ជាទូទៅ ត្រូវភ្ជាប់មកជាមួយឯកសារទស្សនាទានរួមមួយ ដែលបញ្ជាក់ពីតម្រូវការចាំបាច់ គោលបំណង អត្ថប្រយោជន៍ ផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយជាតិនិងអន្តរជាតិ រួចបញ្ជូនមកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីពិនិត្យនិងសម្រេចជាមុន លើកលែងតែករណីបន្ទាន់ចាំបាច់តាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល។ ទី៥-អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវរៀបចំសេចក្តីព្រាង មគ្គុទេសក៍សិល្ប៍សាស្រ្តនីតិកម្ម ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព ព្រមទាំង លុបបំបាត់កំហុសឆ្គង ក្នុងការតាក់តែង និងផ្ដល់យោបល់លើការរៀបចំច្បាប់ និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀត សំដៅធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព សង្គតិភាព និងភាពសម ស្រប តាមការវិវត្តនៃសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ទី៦- គ្រប់ក្រសួង ស្ថាប័នដោយរួមទាំងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវរៀបចំកម្មវិធីពង្រឹងប្រសិទ្ធភាពនិងសមត្ថភាពលើការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដ សំដៅបង្កើននូវភាពជឿជាក់និងភាពអាចប៉ាន់ស្មានបាននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដរបស់រាជរដ្ឋាភិបាល, កាត់បន្ថយនូវភាពស្មុគស្មាញ ឬការិយាធិបតេយ្យហួសហេតុពីច្បាប់និងលិខិតបទដ្ឋាន គតិយុត្ដជាធរមាន និងលើកកម្ពស់ភាពប្រកួតប្រជែង សុខុមាលភាពប្រជាពលរដ្ឋ និងបរិយាកាសធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ននិងសមធម៌ ព្រមទាំងការសម្រេចបាននូវចក្ខុវិស័យរបស់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១។  

ជាចុងបញ្ចប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នទាំងអស់ឱ្យផ្តល់នូវមតិត្រឡប់ ឬក៏ការស្នើសុំកែសម្រួល និងបំពេញបន្ថែមផ្សេងៗ ក្រោយពីបានយកទៅអនុវត្តជាក់ស្តែង ដើម្បីបន្តធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំនេះឱ្យកាន់តែពេញលេញគ្រប់ជ្រុងជ្រោយស្របតាមស្ថានភាពរីកចម្រើនរបស់សង្គមជាតិ

អត្ថបទទាក់ទង