សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់រាជរដ្ឋាភិបាល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអណត្តិទី៧នៃរដ្ឋសភាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេប្រសិនបើធនធានមនុស្សរបស់យើងគ្មានចំណេះដឹង និងសមត្ថភាពជំនាញ ពុំអាចប្រកួតប្រជែងលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ ពុំមានសមត្ថភាពចូលរួមក្នុងការកសាងមូលដ្ឋាននៃសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្អែកលើចំណេះដឹង ដូច្នេះហើយ នេះមិនមែនជាការចៃដន្យនោះទេ ដែលយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១បានកំណត់អាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មនុស្សគឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង ដូច្នេះហើយការអប់រំបណ្តុះបណ្តាលធនធានមនុស្សគឺជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្តោតលើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់ប្រទេសចំណូលមធ្យម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញ «សម្ពោធសាកលវិទ្យាល័យ De Montfort» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤៕