លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយសម្តចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ សម្តេចសង្ឃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។
ក្នុងកម្មវិធីនោះដែរ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជម្រាបរបាយការណ៍ជូនលោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារ កុដិ ស្រះទឹក ផ្លូវបេតុងជុំវិញបរិវេណវត្ត ដែលសមិទ្ធផលទាំងនេះមិនមែនកើតដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេគឺមិនមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ដោយឡែកសម្រាប់សមិទ្ធផលនានានៅក្នុងបរិវេណវត្តព្រឹក្សានេះ គឺជាការផ្តួចផ្តើមរបស់សម្តចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងការចូលរួមសាមគ្គីដោយសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយរបបខ្មៅងងឹត ប៉ុល ពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជា បានទទួលសេរីភាពឡើងវិញ និងបានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវសន្តិភាពជូនប្រទេសកម្ពុជា និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានស្នើដល់ក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយក ធ្វើការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលី មកភាសាជាតិ និងពិចារណាដាក់បញ្ចូលក្នុងកម្មវិធីសិក្សាដល់សិស្ស និស្សិត ហើយលោកជំទាវសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការនិងសាសនា ក្នុងអាណត្តិទី៧នេះ ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បាននាំយកនូវទេយ្យទាននិងប្រគេនបច្ច័យដល់សម្តេចសង្ឃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់តាជី យាយជី យុវជនកាយឬទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕