ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កត្តាដែលនាំឱ្យកម្ពុជាទទួលជោគជ័យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ របស់សមាគមកាយឬទ្ធិនារីពិភពលោក គឺផ្តើមចេញពីឆន្ទៈ និងកម្លាំងមហាជនគាំទ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 93
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កត្តាដែលនាំឱ្យកម្ពុជាទទួលជោគជ័យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ របស់សមាគមកាយឬទ្ធិនារីពិភពលោក គឺផ្តើមចេញពីឆន្ទៈ និងកម្លាំងមហាជនគាំទ្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កត្តាដែលនាំឱ្យកម្ពុជាទទួលជោគជ័យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ របស់សមាគមកាយឬទ្ធិនារីពិភពលោក គឺផ្តើមចេញពីឆន្ទៈ និងកម្លាំងមហាជនគាំទ្រ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងថា កត្តាដែលនាំឱ្យកម្ពុជាទទួលបានជោគជ័យរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយឬទ្ធិនារីពិភពលោក (39th WAGGGS Conference) គឺផ្តើមចេញពីឆន្ទៈ សមត្ថភាព ការត្រៀមរៀបចំទុកជាមុនបានត្រឹមត្រូវ ច្បាស់លាស់ ជាមួយក្រុមការងារដែលមានវិជ្ជាជីវៈ ទឹកចិត្តស្រឡាញ់ជាតិ ការគាំទ្រពីសមាជិកា សមាជិក។

ការលើកឡើងបែបនេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​បានធ្វើឡើងនៅព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសផ្តល់សម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ក្រោយទទួលជោគជ័យយ៉ាងត្រចេះត្រចង់ នូវការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ (WAGGGS 39th) នៅឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពិតកត្តាជាច្រើនដែលធ្វើឱ្យសមាគមកាយឬទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ គឺទី១៖ ឆន្ទៈ របស់ក្រុមការងារ មានការតាំងចិត្តត្រូវធ្វើឱ្យបាន, ទី២៖ យើងបានរៀបចំក្រុមការងារច្បាស់លាស់, ទី៣៖ ការគាំទ្រខ្លាំងពីសមាជិក សមាជិការបស់សមាគមកាយឬទ្ធិនារីកម្ពុជា…!»។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា សម្រាប់ជោគជ័យនេះ មានការចូលរួមចំណែកយ៉ាងខ្លាំងពីសំណាក់សមាជិក សមាជិកាសកម្មរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ដោយបានខិតខំធ្វើវត្ថុអនុស្សាវរីយ៍នានា ដោយដៃ ព្រមទាំងសរសេរជា Messages ដើម្បីផ្ញើដល់ប្រទេសដែលចូលរួមទាំងអស់ថា «យើងស្វាគមន៍គាត់មកធ្វើសន្និបាតពិភពលោកលើកទី៣៩ របស់សមាគមកាយឬទ្ធិនារីពិភពលោក នៅប្រទេសកម្ពុជាយើង»។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការចូលគាំទ្រយ៉ាងខ្លាំងលើបណ្តាញសង្គមពីសំណាក់ប្រជាពលរដ្ឋ ដែលជាកម្លាំងមហាជននៅលើទំព័រ Facebook របស់សមាគមកាយឬទ្ធិនារីពិភពលោក ដែលបានបង្ហោះប្រទេសចុងក្រោយចំនួន៣ រួមមាន៖ កម្ពុជា, ហ្គាណា និងទុយនេស៊ីនោះ គឺប្រជាពលរដ្ឋខ្មែរ បានរួមគ្នាចូលទៅ Comment គាំទ្របេក្ខភាពកម្ពុជា ជាច្រើនដែលធ្វើឱ្យគណៈកម្មាធិការមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះសំឡេងគាំទ្រឱ្យកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ របស់សមាគមកាយឬទ្ធិនារីពិភពលោក។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ពីការអញ្ជើញទៅចូលរួមសន្និសីទកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៨ ដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអឺរ៉ុប ប្រទេសស៊ីប (Cyprus) ថា ជាជោគជ័យមួយដែលនឹកស្មានមិនដល់ ព្រោះគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានការកោតសរសើរពីសំណាក់ប្រទេសជាសមាជិកស្ទើរតែគ្រប់ប្រទេស ដែលបានចូលរួមក្នុងអង្គសន្និបាតលើកនេះ។

គួរជម្រាបថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលដឹកនាំលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។

កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយរួមមាន៖ កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការបានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។ បន្ទាប់មកកម្ពុជាយើងក៏បានបន្តជាប់ក្នុងចំណោម២ ប្រទេសចុងក្រោយ គឺកម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជាយើងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក»៕

Fresh News

អត្ថបទទាក់ទង