ខ្មែរប៉ុស្ដិ៍ Close

តំណាងកម្មករ៩ម៉ឺននាក់ ដាក់ញត្តិស្នើសុំក្រសួងមហាផ្ទៃពិនិត្យសកម្មភាព និង​ការប្រើប្រាស់ថវិកាអង្គការសង់ត្រាល់

ដោយ៖ សូ សែនឬទ្ធា ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 107

សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែ​មិថុនានេះបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យមានការត្រួត​ពិនិត្យ​ការ​អនុវត្ត​សកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការ​សង់ត្រាល់​ជា​អង្គការ​មួយ​ទទួលជំនួយពីបរទេស និងបានចុះបញ្ជិការនៅក្រសួងមហាផ្ទៃ ប៉ុន្តែទៅធ្វើការងារ​ជ្រៀត​ជ្រែក​ក្នុង​ការងារសហជីព ធ្វើរបាយការណ៍ក្នុងចេតនាញុះញង់ បំបែក​បាក់​សហជីព​នៅ​កម្ពុជា ធ្វើឲ្យមានការយល់ច្រឡំ ថាសិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរឹតត្បិត។

លោកបន្ថែមថា អង្គការ​សង់ត្រាល់​បាន​ចេញ​ផ្សាយ​របាយការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជះ​ឥទ្ធិពល​ដល់​អ្នក​បញ្ជាទិញ អាចមានការយល់ច្រឡំពីស្ថានភាពជាក់ស្តែងនៃសហជីព និងកម្មករ​និយោជិត​នៅ​កម្ពុជា​ទាំងមូល ជាហេតុធ្វើឲ្យអ្នកបញ្ជាទិញអាចបង្វែរការបញ្ជាទិញចេញពីកម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរដល់ភាពមានការងារធ្វើរបស់កម្មករនិយោជិតទាំងអស់។

លោក គឹម ចាន់សំណាង បញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់ គ្រាន់​តែ​សម្ភាស​ន៍​សហជីព​ចំនួន១០ នៃរោងចក្រ១៤ បែរជាយកមកវាយតម្លៃជារួម ថានៅកម្ពុជាមាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​សហជីព កម្មករនិយោជិតធ្ងន់ធ្ងរទៅវិញ។ នេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ពី​សិទ្ធិសេរីភាពសហជីព កម្មករនិយោជិត នៅកម្ពុជាទាំងមូលឡើយ។ សកម្មភាព និង​របាយការណ៍​របស់អង្គការមួយមួយនេះ មានចេតនាធ្វើឲ្យសង្គមកម្ពុជាល្អកកករ បំផ្លាញសន្តិភាព បំផ្លាញ​ប្រជាធិបតេយ្យ ដែលមិនអាចទទួលយកបានជាដាច់ខាត។

លោកបញ្ជាក់ថា«របាយការណ៍សង់ត្រាល់មិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់​ដែល​ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថេរភាពការងារ និងផលប្រយោជ​ន៍​រួម​របស់​កម្មករ​និយោជិតនៅកម្ពុជាទាំងមូល។ របាយការណ៍នោះ មានចរិតនយោបាយ និងញុះញុង លាប​ពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា»។

លោកប្រធាន សហភាពសិទ្ធិកម្មករកម្ពុជា លើកឡើងថា តាម​រយៈ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ កម្មករ​និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថេរភាពការងារ និង​ផលប្រយោជន៍រួមរបស់កម្មករនិយោជិត។ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងពិនិត្យ​មើល​ការ​អនុវត្តសកម្មភាពផ្ទុយនឹងច្បាប់ និងការប្រើប្រាស់​កញ្ចប់​ថវិកា​ជំនួយ​បរទេសមិ​ន​សមស្រប​របស់​អង្គការសង់ត្រាល់ ដែលបង្កបញ្ហាជាអវិជ្ជមានដល់សង្គមជាតិ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា៕

អត្ថបទទាក់ទង