សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាមានកំពង់ផែច្រើន តែកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងមុនគេ គឺកំពង់ផែពហុបំណងកំពតនេះហើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងការចាប់ផ្តើមអភិវឌ្ឍដំបូង កំពង់ផែពហុបំណងកំពត មានឈ្មោះហៅថា កំពង់ផែអន្តរជាតិកំពត។ ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យកែតម្រូវដាក់ឈ្មោះកំពង់ផែពហុបំណងកំពតវិញ ដោយសារកុំឱ្យមានការយល់ច្រឡំ ពីព្រោះកំពង់ផែនៅក្នុងប្រទេសកម្ពុជាពុំមែនមានតែ១នោះទេ ដែលជាកំពង់ផែអន្តរជាតិ។ ប្រការនេះបានប្រែក្លាយកំពង់ផែកំពតឱ្យទៅជាកំពង់ផែអន្តរជាតិដែលមានកម្រិតស្តង់ដារអន្តរជាតិទី១ មុនគេតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅមិនទាន់បានឈានដល់កម្រិតស្តង់ដារអន្តរជាតិនៅឡើយទេ។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវរៀបចំកំពង់ផែនីមួយៗឱ្យទៅជាកម្រិតថ្នាក់ទី 1B, 2B ទៅតាមកម្រិតអន្តរជាតិខ្ពស់បំផុត សម្រាប់ក្រុមហ៊ុន ឬកំពង់ផែឯកជន ដើម្បីឱ្យកំពង់ផែទាំងនោះអាចទទួលការដឹកជញ្ជូនផេ្សងៗបាន។
បើទោះបីជាកំពង់ផែពហុបំណងកំពតនេះបានបោះទុនវិនិយោគពីវិស័យឯកជន ដែលមានក្រុមហ៊ុនកំពតផត ជាអង្គភាពគ្រប់គ្រងប្រត្តិការអាជីវកម្មនិងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះពិតមែន ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយទៅជាសរសៃឈាមដ៏សំខាន់មួយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា ធ្វើឱ្យប្រសើរឡើងពាណិជ្ជកម្មនិងការផ្លាស់ប្តូរទំនិញ រួមទាំងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តកំពត ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិផងដែរ៕