ខ្មែរប៉ុស្ដិ៍ Close

នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 78

ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាតជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត។

យោងតាមរយៈវីដេអូខ្លី ដែលឯកឧត្ដម និយាយអំពីថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់ថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។ ឯកឧត្ដម បានបន្តថា ថាមពលដើរដោយខ្យល់នេះ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

បើតាមលោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានឲ្យដឹងថា បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុក ដែលសហការជាមួយក្រុមហ៊ុនអន្ដរជាតិ កំពុងធ្វើការសិក្សា ក្នុងការអនុវត្ដគម្រោងនេះ។ គម្រោងនេះ យើងកំពុងតែអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សា ដោយមិនទាន់ដឹងអំពីទំហំវិនិយោគនៅឡើយទេ ដោយទុកឲ្យក្រុមហ៊ុនធ្វើការសិក្សាជាមុនសិន។

បន្ថែមពីនោះ អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានលើកឡើងថា ការដំឡើងថាមពលដើរដោយខ្យល់នេះ នឹងធ្វើឲ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់បណ្ដាញប្រព័ន្ធជាតិរបស់អគ្គិសនីកម្ពុជា មានភាពគ្រាប់គ្រាន់។

កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Olivier Duguet នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle របស់បារាំងចូលជួបសម្តែងការគួរសម។

នាយកប្រតិបត្តិក្រុមហ៊ុននេះ បានបង្ហាញបំណងចង់វិនិយោគផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធ្លាប់បានសិក្សារួចហើយ និងមើលឃើញថា ភ្នំបូកគោ និងតំបន់មួយចំនួននៅខេត្តមណ្ឌលគិរី អាចផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់បាន។ ក្រុមនេះស្វះស្វែងការគាំទ្រពីរាជរដ្ឋាភិបាល ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពលបាន១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលចាប់អារម្មណ៍ បោះទុនវិនិយោគនៅកម្ពុជា ហើយសម្តេច បានស្នើក្រុមហ៊ុនទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បី ពិនិត្យលទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណាឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ សម្រេចបានជាលទ្ធផលផ្លែផ្កាជាក់ស្តែង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុន បានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ខ្លួនលើ គម្រោងទាញយកថាមពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការ ចាប់ពីឆ្នាំ២០២៦តទៅ៕