ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 69

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន បង្កើតការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនេះក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង