ខ្មែរប៉ុស្ដិ៍ Close

បាញ់សុងក្បែរសាលា IFL ទាំងថោក ទាំងឆ្ងាញ់ អ្នកណាមិនល្បី រកតែកន្លែងអង្គុយមិនបាន (មានវីដេអូ)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨ ម្ហូប 96

ជាការពិតណាស់ បាញ់សុង ក៏ជាមុខម្ហូបមួយប្រភេទ ដែលខ្មែរគ្រប់ៗរូប និយមចូលចិត្ត ទទួលទាន មិនថា ពេលព្រឹក ឬពេលថ្ងៃត្រង់ នោះទេ។ ហើយក្នុងនោះដែរ ចំពោះរសជាតិនៃ បាញ់សុងនេះវិញ ក៏មានការផ្លាស់ប្តូរប្រែប្រួលទៅតាមប្រភេទ អ្នកធ្វើវា ផងដែរ។

តែយ៉ាងណាមិញ ចំពោះនៅក្នុងរាជធានីភ្នំពេញ ក៏មានហាងបាញ់សុងមួយកន្លែង ដែលត្រូវ បានសិស្សានុសិស្ស និងមហាជនគ្រប់ៗរូប បានដាក់ងារថា “ជាហាងបាញ់សុងឆ្ងាញ់ជាងគេ” ព្រោះថា នៅក្នុងហាងនេះ មានលក់បាញ់សុង ដែលមានរសជាតិឆ្ងាញ់ ហើយអាចតម្រូវ តាមមាត់អតិថិជនគ្រប់ៗរូបបាន មិនថាក្មេង ឬចាស់ នោះឡើយ។

ជាមួយគ្នានេះដែរ នៅក្នុងហាងនេះ ក៏មានតិចនិចមួយចំនួនពិសេសៗ ដែលអាចធ្វើឲ្យ ហាងមួយនេះ មានកេរ្តិ៍ឈ្មោះបោះសម្លេង ព្រមទាំងមានអតិថិជនច្រើន មិនថាថ្ងៃណា នោះទេ។

ហេតុដូច្នោះហើយ ថ្ងៃនេះ ក្រុមការងារខាងខ្មែរឡូត ក៏សូមធ្វើការចែករំលែក ពីទីតាំងហាង ព្រមទាំងប្រវត្តិខ្លះៗរបស់ហាងមួយនេះ ទៅកាន់ប្រិយមិត្តអ្នកអានទាំងអស់គ្នា:

យោងទៅតាមការបកស្រាយរបស់លោក ខឹម វុទ្ធី ដែលជាម្ចាស់ប្រុស នៅក្នុងហាងបាញ់សុងឆ្ងាញ់មួយនេះ បាននិយាយថា ហាងរបស់លោក ត្រូវបានបើកលក់ចំណីញាំុ តាំងតែពី ដើមឆ្នាំ១៩៩៣ មកម្ល៉េះ។ ប៉ុន្តែ នាពេលកាលនោះ នៅក្នុងហាងមួយនេះ មានលក់តែបាយ តែមួយមុខគត់ នាពេលព្រឹក តែប៉ុណ្ណោះ ហើយវាក៏មានតម្លៃត្រឹមតែ ១០០០រៀល ផងដែរ នាពេលអតីតកាល។

តែយ៉ាងណាមិញ រហូតមកដល់ដើមឆ្នាំ ២០១៣ ក្រុមគ្រួសាររបស់លោក ក៏បានចាប់ផ្តើម បន្ថែមការលក់ដូររបស់ខ្លួន នាពេលរសៀល ចាប់ពីម៉ោង ១:០០ រហូតដល់ម៉ោង ៨:០០យប់ ដោយបានធ្វើការដាក់លក់បាញ់សុង និងគុយទាវកាប់ ដោយមានតម្លៃចាប់ពី ៥០០០រៀល ទៅ ១០០០រៀល។

ហើយចំពោះពេលព្រឹក នាពេលបច្ចុប្បន្ននេះវិញ ហាងរបស់លោក ក៏បានចាប់ផ្តើមបើកពីម៉ោង ៦:០០ ទៅដល់ ១១:០០ ថ្ងៃត្រង់។ ក្នុងនោះដែរ តម្លៃបាយក្នុងមួយចាន ក៏មានតម្លៃចាប់ពី ៤០០០រៀល ឡើងទៅ ផងដែរ។ ជាមួយគ្នានេះដែរ បាយនាពេលព្រឹកនេះ ក៏មានប្រភេទសាច់ខុសៗគ្នាជាច្រើន ដូចជាសាច់មាន់ សាច់ជ្រូក ព្រមទាំងសាច់គោ ជាដើម ហើយក៏មានការរួមបញ្ចូលជាមួយពងទាចៀន និងពងទាក្រឡុក ថែមទៀតផងដែរ។

ដូចគ្នានេះដែរ ថ្វីបើ នៅក្នុងហាងរបស់លោក មានលក់តែមួយមុខនេះ ក៏ពិតមែន ប៉ុន្តែ រាល់សេវាកម្មដែលបម្រើជូនទៅកាន់អតិថិជន រមែងតែងតែមានភាពរហ័សរហួន និងលឿន ជាទីបំផុត ជូនទៅកាន់ភ្ញៀវអ្នកបរិភោគរបស់លោក។ ព្រោះថា ជាធម្មតា មនុស្សមិនចូលចិត្ត អង្គុយរង់ចាំយូរពេកនោះទេ សម្រាប់ធ្វើការចំណាយពេលវេលាច្រើន ទៅលើការបរិភោគ របស់ពួកគេ។

លើសតែពីនេះទៅទៀត ចំពោះអនាម័យវិញ នៅក្នុងហាងរបស់លោក ក៏មានផ្តល់សេវាកម្ម អនាម័យខ្ពស់ ជូនទៅកាន់អតិថិជនរបស់ខ្លួនគ្រប់ៗរូប មិនថាទាំងការលាងសម្អាត ចាន ព្រមទាំងបន្លែផ្សេងៗទៀត ផងដែរ។ ដោយហេតុថា បាញ់សុងឆ្ងាញ់ ក៏មិនមែនសំខាន់ តែទៅលើស្នាដៃតែមួយមុខនោះទេ ប៉ុន្តែរឿងអនាម័យ ព្រមទាំងតម្លៃរបស់វា ក៏ជាផ្នែកមួយ យ៉ាងចាំបាច់ សម្រាប់ធ្វើឲ្យបាញ់សុងមួយនោះ កាន់តែមានរសជាតិឆ្ងាញ់ និងមានភាព ល្បីល្បាញ បន្ថែមទៀតផងដែរ។

ជាចុងក្រោយ លោកក៏បានសូមធ្វើការអរគុណ ទៅដល់អតិថិជនទាំងថ្មី និងចាស់ សម្រាប់ធ្វើការចូលរួមគាំទ្រហាងរបស់លោក ទាំងពេលព្រឹក និងពេលល្ងាច។ ហើយ លោកក៏បានធ្វើការអំពារនាវសម្រាប់អតិថិជនថ្មីៗផ្សេងទៀត ដែលមិនធ្លាប់បានមកសាកល្បង ញាំុបាញ់សុងឆ្ងាញ់ ព្រមទាំងបាយក្នុងហាងរបស់លោក។ សូមមេត្តាអញ្ជើញមក ចូលរួមសាកល្បងញាុំទាំងអស់គ្នា ដោយមានការចាប់ផ្តើមបើកហាងពីថ្ងៃចន្ទ័ រហូតដល់ថ្ងៃ សុក្រ ជារៀងរាល់សប្តាហ៍៕

ប្រភព៖ Khmerload