ខ្មែរប៉ុស្ដិ៍ Close

ចំនួនអ្នកបាត់ខ្លួនក្នុងករណីលិចទូកដឹកអ្នកដំណើរនៅឥណ្ឌូណេស៊ី កើនឡើងដល់១៨០នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 13
ចំនួនអ្នកបាត់ខ្លួនក្នុងករណីលិចទូកដឹកអ្នកដំណើរនៅឥណ្ឌូណេស៊ី កើនឡើងដល់១៨០នាក់ ចំនួនអ្នកបាត់ខ្លួនក្នុងករណីលិចទូកដឹកអ្នកដំណើរនៅឥណ្ឌូណេស៊ី កើនឡើងដល់១៨០នាក់

ឥណ្ឌូណេស៊ី ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨នេះបានឲ្យដឹងថា មនុស្សបាត់ខ្លួនបន្ទាប់ពីទូកដឹកអ្នកដំណើរមួយគ្រឿងក្រឡាប់លិចនៅឯបឹងតូបា (Toba) ស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងជើង នៃភាគខាងលិចប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទកន្លងមកនោះ បានកើនដល់ ១៨០នាក់ហើយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្ដីមន្ត្រីជួយសង្រ្គោះម្នាក់ថា៖ «ផ្អែកលើព័ត៌មានដែលយើងទទួលបាន មនុស្សយ៉ាងហោចណាស់ ១៨០នាក់ បានបាត់ខ្លួន ខណៈយើងកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរក»។ មន្ត្រីនេះដដែលបានបញ្ជាក់ថា មនុស្ស ១៨នាក់ ត្រូវបានជួយសង្រ្គោះ ហើយសាកសពមនុស្សពីរនាក់ត្រូវគេស្រង់ចេញពីទឹក។ ប៉ុន្តែ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃគ្រោះថ្នាក់ និង ចំនួនអ្នកដំណើរជិះនៅលើទូកដែលលិចនោះទេ ដោយគ្រាន់តែគេដឹងថា ទូកនេះអាចផ្ទុកមនុស្សត្រឹម ៦០នាក់ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុដំបូង អាជ្ញាធរឥណ្ឌូណេស៊ីបានអះអាងថា មនុស្ស ១២៨នាក់បានបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកដឹកអ្នកដំណើរមួយគ្រឿង ដែលបានចាកចេញពីកំពង់ផែ ស៊ីម៉ានីនដូ (Simanindo) ក្នុងស្រុក សាម៉ូស៊ឺ (Samosir) ឆ្ពោះទៅកាន់តំបន់ ទីហ្គារ៉ាស ផារ៉ាផាត (Tigaras Parapat) នៃស្រុក ស៊ីម៉ាឡាំងហ្គាន់ (Simalungun)ក្នុងប្រទេសឥណ្ឌូណេស៊ី ៕