ខ្មែរប៉ុស្ដិ៍ Close

លិខិតចហរបស់លោក ជា វ៉ាន់ដេត តំណាងរាស្ត្រខេត្តតាកែវ៖ តើជប៉ុនអាចនឹងបោះបង់កម្ពុជាទេ?​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
លិខិតចហរបស់លោក ជា វ៉ាន់ដេត តំណាងរាស្ត្រខេត្តតាកែវ៖ តើជប៉ុនអាចនឹងបោះបង់កម្ពុជាទេ?​ លិខិតចហរបស់លោក ជា វ៉ាន់ដេត តំណាងរាស្ត្រខេត្តតាកែវ៖ តើជប៉ុនអាចនឹងបោះបង់កម្ពុជាទេ?​

ក្នុងកំលុងពេលជាច្រើនទសវត្សរ៍ ទំនាក់ទំនងកម្ពុជានិងជប៉ុនមានភាពដ៏ល្អប្រសើរជាប្រពៃណី និងដោយ ស្ងៀមស្ងាត់បំផុត។ ទំនាក់ទំនងបែបនេះ កើតមានដោយសារកត្តាប្រវត្តិសាស្រ្ត ការរួមចំណែកដ៏សំខាន់របស់ ប្រទេសជប៉ុនក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

បន្ទាប់ពីសង្គ្រាមលោកលើកទី២ កម្ពុជាបានប្រកាសពុំទាមទារសំណងនៃការខូចខាតដែលបង្កដោយជប៉ុន។ នេះជាកាយវិការមួយ ដែលរាជរដ្ឋាភិបាលជប៉ុនចាត់ទុកថាជាការជួយលើកទឹកចិត្តជប៉ុន ក្នុងការស្តារ កសាង និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្លួន ក្នុងដំណាក់កាលដែលប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពដ៏សែនលំបាក។ កាយវិការបែបនេះត្រូវបានជប៉ុនជ្រួតជ្រាបយ៉ាងច្បាស់ពីទឹកចិត្តកម្ពុជា ហើយជប៉ុនក៏បានផ្តល់ការលើកទឹកចិត្តដល់កម្ពុជាវិញ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពនៅកម្ពុជា។ ជាក់ស្តែង ក្នុងដំណើរឆ្ពោះទៅរកការបង្រួបបង្រួមជាតិកម្ពុជា ជប៉ុនបានដើរតួនាទីស្នូលក្នុងការសម្របសម្រួលឱ្យមានជំនួបរវាងភាគីជម្លោះនៃរដ្ឋាភិបាលរដ្ឋកម្ពុជា និងរដ្ឋាភិបាលត្រីភាគី ជាពិសេសជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នៅពេលនោះជានាយករដ្ឋមន្រ្តីនៃរដ្ឋកម្ពុជា និងព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ ដែលជាអតីតប្រមុខដឹកនាំរដ្ឋាភិបាលត្រីភាគី។ ដោយសារការខិតខំ ប្រឹងប្រែងដោយស្មោះសរ និងភាពប៉ិនប្រសប់របស់រដ្ឋាភិបាលជប៉ុនបានធ្វើឱ្យកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនាឆ្នាំ១៩៩១។

ក្នុងនាមជាហត្ថលេខីនិងជាអ្នកសម្របសម្រួលដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា ជប៉ុនបានបញ្ជូនកងកម្លាំង រក្សាសន្តិភាពមកកម្ពុជាជាលើកដំបូង ក្នុងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធអង្គការសហប្រជាជាតិ ទោះបីជាមានការជជែកដេញដោលគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលពីរឆ្នាំនៅក្នុងសភាជប៉ុនក៏ដោយ លើសពីនេះ ជប៉ុនបានដើរតួនាទីក្នុងដំណើរការបង្រួបបង្រួមជាតិនៅកម្ពុជា និងបានចាត់បញ្ជូនលោក Yasushi Akashi អតីតអ្នកការទូតរបស់ជប៉ុនឱ្យចូលរួមធ្វើជាប្រធានអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC)​ដើម្បីរៀបចំការបោះឆ្នោតសកលឆ្នាំ១៩៩៣។ ក្រោយការបោះឆ្នោតនេះ ជប៉ុននៅតែដើរតួនាទីនាំមុខក្នុងចំណោម ណ្តាប្រទេសមួយចំនួន ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍យ៉ាងសំខាន់ ទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលជប៉ុនបានលើកទឹកចិត្តវិនិយោគិនរបស់ខ្លួនឱ្យមកដាក់ទុន វិនិយោគដើម្បីចូលមកកាន់កាប់ចំណែកទីផ្សារ និងបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ព្រោះរដ្ឋាភិបាលជប៉ុន យល់ឃើញថា កម្ពុជាមានការអភិវឌ្ឍ នីតិរដ្ឋ និងសុខសន្តិភាពពេញលេញ។ ជាលទ្ធផល ក្រុមហ៊ុនធំៗរបស់ជប៉ុន ជាង២០០ បាននិងកំពុងដំណើរការធុរកិច្ចនៅកម្ពុជា។

ជប៉ុនគឺជាជនជាតិអាស៊ី ដែលមានការថ្លឹងថ្លែងច្បាស់លាស់និងប្រកាន់ឥរិយាបទខុសពីអាមេរិកឬអឺរ៉ុបក្នុងការ ធ្វើការវិនិច្ឆ័យលើកិច្ចការ និងការវិវត្តន៍នៅកម្ពុជា។ នេះជាហេតុធ្វើឱ្យប្រទេសនេះទទួលស្គាល់សភាពការណ៍ពិត នៃស្ថានភាពនយោបាយនៅកម្ពុជា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនផ្អែកលើការបញ្ចុះបញ្ចូល របស់គណបក្សនយោបាយឬក្រុមណាមួយឡើយ។ ក្រៅពីនេះ រដ្ឋាភិបាលជប៉ុនអាចស្វែងយល់បានយ៉ាងច្បាស់ តាមរយៈវិនិយោគិននិងធុរជនរបស់ខ្លួនដែលកំពុងប្រកបអាជីវកម្មនិងពេញចិត្តជាមួយបរិយាកាសវិនិយោគនៅកម្ពុជា ដែលគ្មានការរំខាន និងគ្មានហានិភ័យផ្សេងៗ

ជប៉ុនបានយល់ច្បាស់អំពីដំណើការបោះឆ្នោត និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលមានលក្ខណៈសេរី និងតម្លាភាព និងពុំមានគណបក្សណាមួយមានលទ្ធភាពអាចលួចបន្លំបានឡើយ ជាពិសេសនៅពេលប្រព័ន្ធបោះឆ្នោត នេះត្រូវបានជប៉ុនជួយគាំទ្រតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសម្រាប់បម្រើដល់ការចុះឈ្មោះបោះឆ្នោត។ ដូច្នេះ អ្វីដែលគណបក្សប្រឆាំងបានចោទថា ... ឬគណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោតនោះ គឺជាការបំភ្លើស និងការប្រឌិតរឿងទាំងស្រុង។ មុនពីរសប្តាហ៍នៃព្រឹត្តិការណ៍ផ្លូវវេងស្រេងនាដើមឆ្នាំ២០១៤ ឯកអគ្គរដ្ឋទូតចំនួន៣ ប្រទេស ក្នុងនោះមានឯកអគ្គរដ្ឋទូតជប៉ុនផងដែរ បានជូនដំណឹងដល់រដ្ឋាភិបាលកម្ពុជាថា មានការរៀបចំធ្វើបាតុកម្ម ដែលអាចឈានដល់ការបង្ហូរឈាម ដើម្បីឱ្យរដ្ឋាភិបាលមានវិធានការណ៍បញ្ចៀសសោធនាដកម្មនេះ។ ផ្ទុយពីប្រទេស ទាំងបីដែលមានទាំងជប៉ុន អង្គការក្រៅរដ្ឋាភិបាល និងប្រទេសមួយចំនួនដែលក្នុងនោះក៏មានអង្គការ និងប្រទស ឃុបឃិតជាមួយមេដឹកនាំប្រឆាំង បែរជាថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជាថា ប្រើអំពើហឹង្សាលើក្រុមបាតុករស្លូតត្រង់ ប៉ុន្តែធាតុពិតជាក្រុមបាតុករដែលប្រកបដោយអាវុធ កាំបិត ពូថៅ ជំពាម ដបសាំង។ល។ ជប៉ុនដឹងច្បាស់បែបនេះ តើជប៉ុនជឿលើក្រុមប្រឆាំង និងអ្នករួមគំនិតមួយចំនួនដែរឬទេ?

ជប៉ុនបានយល់អំពីបរិយាកាសនយោបាយនិងអំពីដំណើរការនីតិរដ្ឋនៅកម្ពុជាកន្លងមក ហើយក៏យល់ច្បាស់ ដែលថា វិធានការដែលប្រកាន់យកដោយរាជរដ្ឋាភិបាល គឺជាចំណាត់ការផ្លូវច្បាប់ស្របតាមគោលការណ៍នីតិរដ្ឋ។ ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិគឺជាការអនុវត្តច្បាប់ ដើម្បីថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ដែលប្រជាជនគ្រប់រូបកំពុងទទួលបាននាពេលនេះ។

ការតវ៉ាដោយក្រុមមនុស្សមួយចំនួនតូច ជាអនិកជនខ្មែរនៅក្រៅប្រទេសមិនតំណាងឱ្យឆន្ទៈខ្មែរទូទៅនៅក្នុង ប្រទេសនិងក្រៅប្រទេសនោះទេ ហើយក៏ពុំមានឥទ្ធិពលទៅលើការវិនិច្ឆ័យនិងការសម្រេចចិត្តរបស់ជប៉ុនក្នុងការគាំទ្រ ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។ ដូច្នេះ ជប៉ុនមិនបោះបង់កម្ពុជាទេ៕

ដោយឯកឧត្តម ជា វ៉ាន់ដេត  តំណាងរាស្រ្តខេត្តតាកែវ

ថ្ងៃ៧ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ..២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨

អត្ថបទទាក់ទង