ខ្មែរប៉ុស្ដិ៍ Close

ជនជាប់ចោទ សួន សេរីរដ្ឋា ត្រូវបានតុលាការកំពូលតំកល់ទោស ៥ ឆ្នាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 50
ជនជាប់ចោទ សួន សេរីរដ្ឋា ត្រូវបានតុលាការកំពូលតំកល់ទោស ៥ ឆ្នាំ ជនជាប់ចោទ សួន សេរីរដ្ឋា ត្រូវបានតុលាការកំពូលតំកល់ទោស ៥ ឆ្នាំ

ក្រោយពីបានបើកសវនាការលើបណ្តឹងសាទុក្ខ របស់លោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោកឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេច ប្រកាស សាលដីកាភ្លាមៗ ដោយសម្រេច បដិសេធបណ្តឹងសាទុក្ខ របស់លោកសួន សេរីរដ្ឋា និងសម្រេចតំកល់សាលដីកា របស់សាលាឧទ្ទរណ៍ទុក្ខជាបានការដដែល។

ក្នុងពេលសវនាការនោថ្ងៃនេះ លោក សួន សេរីរដ្ឋា បាន សារភាពទទួលស្គាល់កំហុសថា ខ្លួនពិតជាបានសរសេរសារ នយោបាយផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនប្រាកដមែន។ លោកបន្តថា បន្ទាប់ពីទទួលស្គាល់កំហុស លោកក៏បាន ចេញលិខិតសូមទោសជាសាធារណៈគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចតំកល់សាលក្រមផ្តន្ទាទោស របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើអតីតប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា ដដែល ក្រោយពីបានបើកសវនាការលើសំណុំរឿងនេះ។

សូមជម្រាបថា លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ បានសម្រេចប្រកាស សាលក្រមផ្តន្ទាទោសប្រធានគណបក្ស អំណាចខ្មែរ លោកសួន សេរីរដ្ឋា ដាក់ពន្ធនាគារកំណត់ រយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលចូលជាថវិការដ្ឋពីបទ ១-បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ ២-បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ៣-បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចផ្តន្ទាទោសបានធ្វើឡើង បន្ទាប់សំណុំរឿងនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើកយកមក បើកសវនាការកាលពីល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែសវនាការនោះ ត្រូវលើកពេលដោយលោក សួន សេរីរដ្ឋា ស្នើសុំរកមេធាវីការពារក្តីអោយខ្លួន។ បន្ទាប់មក សំណុំរឿង នេះត្រូវបានចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លើកយក មកបន្តសវនាការនិងបញ្ចប់កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

លោកសួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធនិងអង្គហេតុនៃការបង្ហោះសារជាសាធារណៈលើផេកឈ្មោះ Soun Serey Ratha លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលសារនោះមានចរិតបង្កគ្រោះថ្នាក់ដល់វិស័យការពារជាតិ។

យោងសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សំណុំរឿងលោកសួន សេរីរដ្ឋា ជាករណី បទមជ្ឈឹមជាក់ស្តែង៕

អត្ថបទទាក់ទង