ខ្មែរប៉ុស្ដិ៍ Close

KOICA កូរ៉េ និងក្រសួងការងារ ឯកភាពលើការពង្រឹង​ការបណ្តុះបណ្តាល​ជំនាញបច្ចេកវិទ្យា​ព័ត៌មានវិទ្យា និងសមត្ថភាពជំនាញដល់ពលករ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 48

ក្នុងជំនួបនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ចាង វ៉ុងសាម (CHANG Won Sam) ប្រធាន​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឯកភាព​គ្នាពង្រឹង​កិច្ច​សហការ​បណ្តុះបណ្តាលជំ​នាញ​ផ្នែក​បច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT)ដល់យុវជនកម្ពុជា និងការពង្រឹង​សមត្ថ​ភាព​ពលករ​ជំនាញ​។ ជំនួបនេះ បានធ្វើឡើងនៅ​សណ្ឋាគារ​សូហ្វីតែល​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធា​នទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ នៃ​ការបណ្តុះបណ្តាល​ជំនាញ​ផ្នែក​បច្ចេក​វិទ្យាព័ត៌មាន​វិទ្យា​ដល់​យុវជន ដើម្បីពង្រឹងសមត្ថភាពឌីជីថលបន្ថែមទៀត​ដែលស្រប​ទៅនឹងតម្រូវការ​ទីផ្សារ​ដ៏​សម្បូរ​បែប​នាពេលបច្ចុប្បន្ននិងអនាគត ហើយការបណ្តុះបណ្តាល​នេះ​បាន​ដើរ​ស្រប​គ្នាទៅនឹ​ង​ផែនការ​យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏ដើរ​ទន្ទឹម​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់រា​ជ​រដ្ឋាភិបាលកកម្ពុជា ក្នុងអាណត្តិទី៧នេះ ដែលបានដាក់ទិសដៅកំណត់​យក​ការ​អភិវឌ្ឍ​ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលជាគោលដៅអាទិភាព។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការពង្រឹងសមត្ថភាពដល់​ពលករ​កម្ពុជា​លើ​ជំនាញ​សំខាន់ៗ​ដែលរួមមាន កសិកម្ម សេវាកម្ម និងឧស្សាហកម្មធន់ធ្ងន់ ដូចជាការ​កសាង​កប៉ាល់​ជា​ដើម​ដែលជាចំណុចសំខាន់ក្នុងការបង្កើនកូតា សម្រាប់​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​សាធារណ​រដ្ឋ​កូរ៉េ។ កូរ៉េដែល​ជាទិសដៅ​ដ៏ពេញ​និយមមួយ​នៃ​ពលរដ្ឋ​កម្ពុជា​ព្រោះ​តែ​លក្ខខណ្ឌ​ការងារ និងប្រាក់​ខែ​ខ្ពស់​សមរម្យ​។

ជាមួយគ្នានេះ ឯកឧត្តមប្រធានទីភ្នាក់ងារ បានឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​លើ​ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យា​ព័ត៌មា​នវិទ្យា​ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​កាន់​តែខ្ពស់បន្ថែមទៀតដើម្បីប្រកួតប្រជែង និងបង្កើនផលិតភាពការងារបន្ថែម។

លើសពីនេះ កិច្ចសហការនៃការបណ្តុះបណ្តាលជំនាញដល់ពលករកម្ពុជាលើជំនាញសំខាន់ៗ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ព្រោះថា ជំនាញទាំងនេះ នឹងធ្វើឱ្យភាគីទាំងពីរកម្ពុជា-កូរ៉េទទួលបានផលផ្លែផ្កាខ្ពស់ទាំងអំឡុងពេលបំពេញការងារនៅកូរ៉េ និងពេលត្រឡប់​មក​កាន់​កម្ពុជា​វិញ​ដែលនាំមកនូវជំនាញខ្ពស់ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។

បន្ថែមពីនេះ ឯកឧត្តមប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានគូស​បញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូរបស់កម្ពុជាក្នុង​ការជំរុញ​ឱ្យ​ប្រទេស​មិត្តដ៏​ល្អមួយ​នេះ​សម្រេច​បាន​នូវ​ចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ឬប្រទេសអ្នកមាននៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង