ខ្មែរប៉ុស្ដិ៍ Close

អតីតបុគ្គលិកស្ថានទូតអាមេរិក៖ រឿងបណ្តេញពួកយើងចេញពីការងានេះ ជាការរៀបចំទុកជាមុនដោយស្ថានទូតអាមេរិកសុទ្ធសាធ (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24
អតីតបុគ្គលិកស្ថានទូតអាមេរិក៖ រឿងបណ្តេញពួកយើងចេញពីការងានេះ ជាការរៀបចំទុកជាមុនដោយស្ថានទូតអាមេរិកសុទ្ធសាធ (មានវីដេអូ) អតីតបុគ្គលិកស្ថានទូតអាមេរិក៖ រឿងបណ្តេញពួកយើងចេញពីការងានេះ ជាការរៀបចំទុកជាមុនដោយស្ថានទូតអាមេរិកសុទ្ធសាធ (មានវីដេអូ)

អតីតបុគ្គលិកស្ថានទូតអាមេរិកជាង២០នាក់ តំណាងឲ្យអតីតបុគ្គលិកសរុប៣២នាក់ ដែលបានអះអាងថា ពួកគាត់ទទួលរងភាពអយុត្តិធម៌ ដោយការបណ្តេញចេញ ពីការងារដោយមិនសមហេតុផលនោះបានបញ្ជាក់ថា ការបណ្តេញពួកគាត់ចេញពីការងារយ៉ាងអយុត្តិធម៌នោះ គឺជាការរៀបចំទុកជាមុនដោយស្ថានទូតអាមេរិកសុទ្ធសាធ ព្រោះមូលហេតុដែលបញ្ឈប់ការងារគឺ មិនសមរម្យហេតុផលទាល់តែសោះ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងពេលកំពុងឈរតវ៉ា នៅមុខស្ថានទូតអាមេរិក ស្ថិតនៅផ្លូវ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ តំណាងអតីតបុគ្គលិកម្នាក់ ក្នុងចំណោមបុគ្គលិកទាំង៣២នាក់ ដែលត្រូវបណ្តេញចេញពីការងារបានអះអាងថា ពួកគាត់ពិតជាមានការឈឺចាប់ណាស់ ចំពោះទង្វើរបស់ស្ថានទូតអាមេរិក យកហេតុផលត្រឹមតែរូបភាព១សន្លឹក (រូបថតអាសអាភាស) ដែលបង្ហោះក្នុង Group Messager ឯកជនមកដាក់សម្ពាធ និងបណ្តេញចេញពីការងារទាំងអយុត្តិធម៌។

លោក ឡុង សេងគឹមហុង អតីតបុគ្គលិកស្ថានទូតអាមេរិក ដែលធ្វើការងាររយៈពេលជិត២០ឆ្នាំហើយនោះបានថ្លែងថា «ខ្ញុំពិតជាមានការឈឺចាប់ណាស់ ចំពោះអាមេរិក ដែលប្រទេសមហាប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែបែរជាធ្វើបែបនេះបណ្តេញបុគ្គលិកយ៉ាងអយុត្តិធម៌ គ្មានភស្តុតាងច្បាស់លាស់»

លោក ឡុង សេងគឹមហុង បានលើកឡើងទៀតថា លោកពិតជាឈឺចាប់នៅពេលមន្ត្រីទូតអាមេរិក បញ្ឈប់ពួកគាត់ហើយនិយាយថា ការបញ្ឈប់ការងាររបស់ពួកគាត់ និងធ្វើឲ្យពួកគាត់អត់អីស៊ី។ ដែលពាក្យនេះបញ្ជាក់ពីការមើលងាយខ្មែរ។

តំណាងបុគ្គលិកម្នាក់ទៀតបានបញ្ជាក់ថា ការបណ្តេញពួកគាត់ចេញពីការងារយ៉ាងអយុត្តិធម៌នេះ គឺជាការរៀបចំទុកជាមុន ព្រោះពួកគេប្រើហេតុផលមិនសមរម្យដើម្បី បញ្ឈប់បុគ្គលិក។ លោកថា «យើងមិនអស់ចិត្តសោះ ពួកគេបញ្ឈប់ពួកយើងទាំងមិនបង្ហាញភស្តុតាងឲ្យបានច្បាប់លាស់»។

អតីតបុគ្គលិកទាំង៣២នាក់ដែលម្នាក់ធ្វើការចាប់ពីជាង៥ឆ្នាំ ដល់ ២០ឆ្នាំ ហើយត្រូវបណ្តេញចេញពីការងារនេះ ទាមទារឲ្យស្ថានទូតអាមេរិកដោះស្រាយ ជូនពួកគាត់ចំនួន៧ចំណុច៖

១៖ ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពួកគាត់ដោយបង្ខំ និងមិនបង្ហាញភស្តុតាង។
២៖ ទាមទារកែពាក្យពីការបណ្តេញចេញ មកជាការកាត់បន្ថយបុគ្គលិកវិញ។
៣៖ ទាមទារសំណង០៦ខែ ទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។
៤៖ សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរស័ព្ទ ទៅឆែកមើលគ្រប់រូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរសព្ទ័ពួកគាត់ មួយចំនួនទៅរក្សាទុកមួយរយៈពេល ។
៥៖ សូមឲ្យទូទាត់លុយមូលនិធិឧបត្ភម (ប្រាក់១២ភាពរយ) ក្នុងខែនេះ ព្រមទាំង០៣ខែកន្លងមក ដែលមិនទាន់ទូទាត់ឲ្យពួកគាត់។
៦៖ សូមទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយស ដោយចោទប្រកាន់គ្មានភស្តុតាង។
៧៖ សូមឲ្យសហគមបុគ្គលិកខ្មែរមានសិទ្ធិ ចូលរួមដោះស្រាយពីបញ្ហា ការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ការងារ។

ជាមួយគ្នានេះ អតីតបុគ្គលិករបស់អាមេរិកទាំងនេះ បានដាក់ញតិ្តរួចហើយទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងការបរទេស ដើម្បីឲ្យជួយដោះស្រាយ និងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់។

ការតវ៉ានៅមុខស្ថានទូតអាមេរិកនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ យ៉ាងអតីតបុគ្គលិកទាំងអស់ បានប្រមាពថា ពួកគាត់ធ្វើការតវ៉ាជាបន្តបន្ទាប់ទៀត រហូតដល់មានការដោះស្រាយជូនពួកគាត់៕

 

 

 

អត្ថបទទាក់ទង