ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍បន្ថែមចំនួន៤ចំណុចដើម្បីអភិវឌ្ឍវិស័យកីឡា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 60

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន៤ចំណុច ដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនកីឡាករ កីឡាការិនី យកទៅអនុវត្តដើម្បីទទួលបានការរីកចម្រើន និងជ័យជម្នះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃចន្ទថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន ដែលប្រារព្ធនៅវិមានសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ទាំង៤ចំណុចនោះរួមមាន៖
ទី១- ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិ ត្រូវរៀបចំយន្តការគាំទ្រ បណ្តុះបណ្តាល និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីនៅគ្រប់កម្រិតដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់សម្រាប់លើកស្ទួយកីឡាជាតិ នៅក្នុងតំបន់និងសកលលោក។

ទី២- ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់សម្រិតសម្រាំង និងបណ្តុះបណ្តាលធនធានយុវជន ដែលមានទេព្យកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិនាពេលអនាគត។

ទី៣- សម្តេចធិបតី លើកទឹកចិត្តឱ្យគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹកហាត់កីឡាទៅតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យបានជាប់មិនដាច់ព្រោះការកសាងសមត្ថភាពកីឡាត្រូវការរយៈពេលយូរ និងត្រូវត្រៀមខ្លួនជាស្រេចជាមុន ក្នុងការចូលរួមការប្រកួតប្រជែងនានាទាំងកម្រិតជាតិ និងតំបន់។

ទី៤- គណៈកម្មការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធជាតិកីឡា ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន ប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍគំនិតបច្ចេកទេសកីឡាដល់កីឡាករ កីឡាការិនីកម្ពុជា៕

អត្ថបទទាក់ទង