មកដឹងពីតម្លៃពានរង្វាន់ពិភពលោក FIFA World Cup ២០១៨
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ កំពុងធ្វើឡើងនៅក្នុងប្រទេសរុស្សី ដែលមាន ៣២ ក្រុម ចូលរួមប្រកួតដណ្ដើមជយលាភី។ ពានពិភពលោកមួយនេះ ត្រូវបានបង្កើតឡើង ដោយសិល្បករជនជាតិអ៊ីតាលីម្នាក់គឺ លោក Silvio Gazzaniga។
ពានពិភពលោកមួយនេះ មានតម្លៃប្រមាណ ២០ លានដុល្លារ។ ការរចនាធ្វើគំរូដំបូងដោយលោក Gazzaniga ធ្វើឡើងក្នុងឆ្នាំ ១៩៧៤ ផ្ដល់ជូនក្រុមទទួលបានជយលាភីរៀងរាល់ ៤ ឆ្នាំម្ដង។
ពាននេះមានកម្ពស់ ១៤.៥ អ៊ីង ប្រើមាស ១៨ ការ៉ាត់ ទម្ងន់ ១៣.៥ ផោន ហើយមានអត្តពលិកពីររូបតំណាងត្រដាងដៃពីរឡើងលើ ទ្រពិភពលោក។
ពេលបញ្ចប់ការប្រកួត World Cup ពាននឹងប្រគល់ជូនក្រុមដែលឈ្នះ ដែលមានចារឈ្មោះប្រទេសនោះនៅពីក្រោម។ ពាន World Cup សិប្បនិមិត្ត រួមជាមួយមេដាយ ត្រូវបានក្រុមហ៊ុន GDE Bertoni ប្រគល់ជូនសហព័ន្ធបាល់ទាត់ពិភពលោក ដើម្បីផ្ដល់ជូនក្រុមបាល់ទាត់ ដែលក្លាយជាជើងឯកនៅ World Cup។
បច្ចុប្បន្នប្រទេសប្រេស៊ីល ជាប្រទេសដែលជោគជ័យឈ្នះពាននេះច្រើនជាងគេ ពោលគឺ គ្រងតំណែងដល់ទៅ ៥ ដង(១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២) ខណៈប្រទេសអ៊ីតាលី(១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦) និងអាល្លឺម៉ង់ធ្លាប់ឈ្នះបាន ៤ ដង(១៩៥៤, ១៩៧៤, ១៩៩០, និង ២០១៤) ឯអ៊ុយរ៉ុយហ្គាយ(១៩៣០, ១៩៥០) និងអាហ្សង់ទីនឈ្នះ ២ ដង(១៩៧៨, ១៩៨៦) ចំណែកអង់គ្លេស(១៩៦៦) បារាំង(១៩៩៨) និងអេស្ប៉ាញធ្លាប់ឈ្នះបាន ១ ដង(២០១០)៕