ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបដិសេធចំពោះការចោទប្រកាន់ថា អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរមួយចំនួន ដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានសម្តេចធិបតី គឺជាការមិនពិត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 59

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធច្រានចោលចំពោះការចោទប្រកាន់របស់មនុស្សមួយចំនួនថា ការដែលអាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរមួយចំនួននៅប្រទេសថៃ កាលពីថ្ងៃទី២ កុម្ភៈ ២០២៤ គឺដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសថៃ គឺជាការមិនពិត និងបង្កើតលេសចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បិទសិទ្ធិសេរីភាព ធ្វើទុក្ខបុកម្នេញ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៥ ខែកុម្ភៈនេះថា រឿងអាជ្ញាធរថៃដែលចាប់ខ្លួនពលរដ្ឋខ្មែរមួយចំនួន ដែលលាក់ខ្លួននៅលើទឹកដីថៃ វាជារឿងងាយយល់ទេ មានហេតុផល២៖
ទី១.ប្រទេសនីមួយៗ គេមានច្បាប់របស់គេ គេអនុវត្តច្បាប់ កាលយើងទៅរស់នៅលើដីរបស់គេខុសច្បាប់ ឬមួយក៏យើងទៅនៅលើ ទឹកដីគេហើយ យើងទៅប្រព្រឹត្តអ្វីមួយដែលខុសច្បាប់ គឺអាជ្ញាធររបស់គេចាត់វិធានការហើយ។
ទី២.ការបង្កើតលេសមួលបង្កាច់ចោទប្រកាន់រាជរដ្ឋាភិបាលថា បិទសិទ្ធិសេរីភាព ធ្វើទុក្ខបុកម្នេញ ដើម្បីបង្កើតជាលេសគ្រាន់តែចង់ទៅរស់នៅជ្រកកោនប្រទេសទី៣ គឺជារឿងហួសសម័យហើយ មិនអាចធ្វើបានទៀតទេ។

អ្នកាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មិនអាចធ្វើបានដោយហេតុថា ប្រទេសទី៣នោះ គេយល់ពីកម្ពុជា ហើយគេបានសិក្សាពីកម្ពុជា គេឃើញថា កម្ពុជា ជាប្រទេសមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ កំពុងតែផ្តល់សេចក្តីសុខ ទៅដល់ប្រជាពលរដ្ឋ ១៧លាននាក់ ធ្វើដំណើរទៅណាមកណាក៏បាន គេប្រកបរបរទទួលទានអីក៏បានតាមចំណង់ចំណូលចិត្តរបស់គេ។ ដូច្នេះអត់ជឿថា មានការធ្វើទុក្ខបុកម្នេញដូចមនុស្សមួយចំនួន បានបង្កើតលេសទេ។ គេសិក្សាទៅ គេអត់យក ដល់គេអត់យកធ្វើឱ្យអ្នកទាំងអស់នោះនៅលើទឹកដីថៃ យូរៗទៅក្លាយទៅជាជនអន្តោប្រវេសន៍ខុសច្បាប់ ហេតុនេះបានជាអាជ្ញាធរថៃ ចាត់វិធានការ៕

អត្ថបទទាក់ទង